អន្តរជាតិ
មេដឹកនាំតៃវ៉ាន់ថ្មី បន្តប្រកាន់ជំហរមិនឱនគោរពនៅចំពោះមុខសម្ពាធចិន
19, Jun 2024 , 2:39 pm        
រូបភាព
លោក William Lai ប្រធានាធិបតីតៃវ៉ាន់ នៅក្នុងសន្និសីទក្នុងថ្ងៃទី១៩ ខែមិថុនា។ រូបភាព AFP
លោក William Lai ប្រធានាធិបតីតៃវ៉ាន់ នៅក្នុងសន្និសីទក្នុងថ្ងៃទី១៩ ខែមិថុនា។ រូបភាព AFP
តៃវ៉ាន់ នឹងមិនឱនគោរពនៅចំពោះមុខសម្ពាធយោធាចិនឡើយ។ លោកប្រធានាធិបតីតៃវ៉ាន់ William Lai បានប្រើពាក្យសម្តីធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែមិថុនា ដោយបន្តថា តៃវ៉ាន់ មិនជ្រើសយកជម្លោះនោះទេ ហើយនឹងរស់នៅក្នុងសន្តិភាព។

 
តៃវ៉ាន់ ជាដែនដីមួយ ដែលចិនចាត់ទុកជាផ្នែកមួយរបស់ខ្លួន តាមរយៈគោលនយោបាយ «ចិនតែមួយ» ហើយប្តេជ្ញាបង្រួមបង្រួមដែនដីទាំង២ ឱ្យខាងតែបាន។ យ៉ាងណាមិញ តៃវ៉ាន់ តែងជំទាស់ ហើយមិនចង់ស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលចិនឡើយ។ 
 
ពីក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងខែដំបូងដែលចូលកាន់តំណែងជាប្រធានាធិបតី លោក William Lai បានលើកឡើងថា ការបង្រួមបង្រួមដែនដីតៃវ៉ាន់ ជាគោលនយោបាយរបស់ចិន ហើយយោធាចិន តែងប្រើកម្លាំងបាយ ដើម្បីដាក់សម្ពាធឱ្យតៃវ៉ាន់ ស្ថិតក្រោមការដឹកនាំរបស់ខ្លួន។ 
 
«យ៉ាងណាក៏ដោយ តៃវ៉ាន់ នឹងមិនឱនគោរពនៅចំពោះមុខសម្ពាធចិន»។ លោក Lai បានសង្កត់ធ្ងន់បែបនេះ នៅក្នុងថ្ងៃទី១៩ ខែមិថុនា ដោយបន្តប្រើពាក្យខ្លាំងៗថា ប្រជាជនតៃវ៉ាន់ នឹងការពារអធិបតេយ្យជាតិ ហើយប្រកាន់យកប្រជាធិបតេយ្យ និងសេរី។ 
 
ទោះជាមានការប្រឈមមុខជាមួយចិនដីគោកក្តី មេដឹកនាំតៃវ៉ាន់ថ្មី​ បានប្តេជ្ញាមិនស្វែងរកជម្លោះនោះឡើយ។ 
 
«ប្រជាជនតៃវ៉ាន់ស្រលាញ់សន្តិភាព និងចិត្តល្អចំពោះអ្នកដទៃ»។ លោក Lai បានបញ្ជាក់បែបនេះ ដោយបន្តថា បើចង់បានសន្តិភាព តៃវ៉ាន់ចាំបាច់ ត្រូវតែមានកម្លាំងខ្លាំង ដែលមិនមែនខ្លាំងត្រឹមតែពាក្យសម្តី។  
 
លោក Lai រួមទាំងមន្រ្តីបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ផ្សេងទៀត ត្រូវបានចាត់ទុកជាកម្លាំងគាំទ្រចលនាផ្តាច់ទឹកដី។ កន្លងមក ចិន បានសន្យប្រើគ្រប់មធ្យោបាយទាំងអស់ ដោយមិនបានច្រានចោលការប្រើប្រាស់យោធាផង ដើម្បីទប់ស្កាត់ឯករាជ្យភាពតៃវ៉ាន់។ 
 
ប្រធានបទតៃវ៉ាន់ ជាបញ្ហាដ៏ក្តៅមួយរវាងចិន ជាមួយបណ្តាប្រទេសផ្សេងជាពិសេសអាម៉េរិក ដែលតែងផ្តល់ភ្លើងបៃតង ក្នុងការលក់អាវុធដើម្បីពង្រឹងការការពារខ្លួន៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com