អន្តរជាតិ
កូរ៉េខាងជើង-រុស្ស៊ី ចុះសន្ធិសញ្ញាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ទោះលោកខាងលិចបារម្ភរឿងអាវុធ
19, Jun 2024 , 5:59 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) ចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្រុងព្យុងយ៉ាង ក្នុងថ្ងៃទី១៩ ខែមិថុនា។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) ចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្រុងព្យុងយ៉ាង ក្នុងថ្ងៃទី១៩ ខែមិថុនា។ រូបភាព AFP
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ី នៅថ្ងៃទី១៩ ខែមិថុនា។ ការពង្រឹងទំនាក់ទំនងរវាងក្រុងមូស្គូ និងក្រុងព្យុងយ៉ាង ធ្វើឡើងស្របពេលប្រទេសលោកខាងលិច បានបង្ហាញពីក្តីបារម្ភពាក់ព័ន្ធការផ្តល់អាវុធ និងបច្ចេកវិទ្យាយោធា។

 
ជាលើកដំបូង ក្នុងរយៈពេល ២៤ឆ្នាំ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលទើបស្បថចូលកាន់តំណែងប្រធានាធិបតីនៅអាណត្តិទី៥ បានបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងជួបជាមួយមេដឹកនាំ លោក​ គីម ជុងអ៊ុន។ បន្ទាប់ពីកិច្ចពិភាក្សានៅក្នុងក្រុងព្យុងយ៉ាង នៅថ្ងៃទី១៩ ខែមិថុនា មេដឹកនាំប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីពង្រឹងទំនាក់ទំងនទ្វេភាគី។ 
 
«រុស្ស៊ី និងកូរ៉េខាងជើង បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»។ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានចុះផ្សាយបែបនេះ ដោយស្រង់ប្រភពពីអ្នកឆ្លើយឆ្លងមួយរូប។ 
 
ក្នុងដំណើរទស្សនកិច្ច លោកពូទីន បានផ្តល់អំណោយដល់លោកគីម ជាពែងតែ និងរថយន្តទំនើប Aurus ដែលផលិតនៅរុស្ស៊ីមួយគ្រឿង។ លោក Yuri Ushakov ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់។ យ៉ាងណាមិញ ទីប្រឹក្សាមេដឹកនាំរុស្ស៊ី មិនបានប្រាប់ឡើយ ថាតើលោកពូទីនទទួលបានអំណោយអ្វី។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AFP។ 
 
ការចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងក្រុងមូស្គូ និងក្រុងព្យុងយ៉ាង ធ្វើឡើងស្របពេលប្រទេសលោកខាងលិច បារម្ភពីការដោះដូរអាវុធ និងបច្ចេកវិទ្យាយោធារវាងប្រទេសទាំងពីរ។ កន្លងមក កូរ៉េខាងជើង បានចោទប្រកាន់ជាច្រើនលើកពាក់ព័ន្ធនឹងការបញ្ជូនអាវុធឱ្យរុស្ស៊ី សម្រាប់បន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន ដែលកើតមានចាប់តាំងពីឆ្នាំ២០២២ មក។ 
 
នៅក្នុងថ្ងៃទី១៩ ខែមិថុនា ដដែល លោកគីម បានថ្លែងទៅកាន់លោកពូទីនថា លោកគាំទ្រប្រតិបត្តិការយោធានៅអ៊ុយក្រែនយ៉ាងមុតមាំ។ ជាការឆ្លើយតប លោកពូទីន បានសម្តែងការអរគុណ ហើយសង្ឃឹមថា នឹងមានកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរនៅទីក្រុងមូស្គូវិញ។ 
 
ជំនួបរវាងមេដឹកនាំកូរ៉េខាងជើង ដែលហ៊ុមព័ទ្ធដោយទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ និងរុស្ស៊ី កើតមាននៅរយៈពេល ៩ខែក្រោយ លោក គីម បានបំពេញទស្សនកិច្ចនៅតំបន់ភាគខាងកើតរុស្ស៊ី។
 
ទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី មានទំនាក់ទំនងល្អតាំងពីសម័យសហភាពសូវៀតមកម្លេះ។ ទន្ទឹមនេះ រុស្ស៊ី ជាអ្នកការពារកូរ៉េខាងជើងយ៉ាងមុតមាំមួយនៅលើឆាកអន្តរជាតិ ជាពិសេសនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមរយៈសិទ្ធិវេតូ។ បន្ទាប់ពីកូរ៉េខាងជើង លោកពូទីន នឹងបន្តទស្សនកិច្ចនៅវៀតណាម ក្នុងថ្ងៃទី១៩ ខែមិថុនា៕ 

Tag:
 រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com