អន្តរជាតិ
លោកពូទីនទៅដល់វៀតណាមជាលើកដំបូង គិតពីឆ្នាំ២០១៧
20, Jun 2024 , 9:39 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅដល់វៀតណាម នៅថ្ងៃទី២០ ខែមិថុនា។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅដល់វៀតណាម នៅថ្ងៃទី២០ ខែមិថុនា។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់វៀតណាមហើយនៅព្រឹកថ្ងៃទី២០ ខែមិថុនា ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើង។ នេះជាវត្តមានរបស់លោកពូទីននៅវៀតណាមលើកដំបូង បើគិតចាប់តាំងពីឆ្នាំ២០១៧ ដែលមេដឹកនាំរុស្ស៊ីរូបនេះ ចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។

 
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅដល់វៀតណាមនៅម៉ោងប្រមាណ ១ និង៤៥នាទីព្រឹក ក្នុងថ្ងៃទី២០ ខែមិថុនា។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី គឺអមដោយរដ្ឋមន្រ្តីការបរទេស លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ, ឧបនាយករដ្ឋមន្រ្តី លោក Dmitry Nikolayevich Chernyshenko និងមន្រ្តីផ្សេងទៀត។ 
 
មន្រ្តីវៀតណាមដែលចាំទទួលលោកពូទីនមានដូចជា លោក Le Hoai Trung ប្រធានគណៈកម្មការមជ្ឈិមសម្រាប់ទំនាក់ទំនងអន្តរជាតិ, ឧបនាយករដ្ឋមន្រ្តី លោក Tran Hong Ha, លោក Le Khanh Hai ប្រធានការិយាល័យប្រធានាធិបតី និងមន្រ្តីផ្សេងទៀត។ បន្ទាប់ពីស្វាគមន៍ដោយមន្រ្តីវៀតណាម លោកពូទីន បានធ្វើដំណើរឆ្ពោះទៅសណ្ឋាគារ Metropole នៅក្នុងសង្កាត់ Hoan Kiem។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
លោកពូទីន នឹងជួបជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភាជាដើម។ 
 
ប្រធានាធិបតីរុស្ស៊ីរូបនេះ ធ្លាប់បំពេញទស្សនកិច្ចនៅវៀតណាមជាច្រើនលើក ដោយក្នុងនោះមាននៅក្នុងឆ្នាំ ២០០១, ២០០៦, ២០១៣ និង២០១៧ ដែលចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅដាណាង។ 
 
វៀតណាម និងរុស្ស៊ី មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ ១៩៥០ ពោលគឺនៅក្នុងសម័យសហភាពសូវៀតមកម្លេះ។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរ បានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំ២០១២ ថែមទៀត។ 
 
មិនត្រឹមតែមានចំណងស្អិតរមួតនោះទេ រុស្ស៊ី ជាដៃគូវិនិយោគដ៏ធំមួយនៅវៀតណាម។ គិតត្រឹមខែមេសា ទំហំវិនិយោគរបស់រុស្ស៊ីនៅវៀតណាម មានចំនួន ៩៨៤,៩៨លានដុល្លារ ក្នុងចំណោម ១៨៦គម្រោង។ ចំនួនដ៏ច្រើននេះ ធ្វើឱ្យរុស្ស៊ី ជាដៃគូវិនិយោគស្ថិតនៅលំដាប់ទី២៨ នៃប្រទេស និងដែនដីវិនិយោគចំនួន ១៤៥។ ចំណែកវៀតណាម បានវិនិយោគ ១,៦៣ពាន់លានដុល្លារ នៅរុស្ស៊ី។ 
 
ទំហំពាណិជ្ជកម្មរវាងវៀតណាម និងរុស្ស៊ី បានឈានដល់ ៣,៦៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើង ២,៣ភាគរយ បើធៀបនឹងឆ្នាំ២០២២៕ 

Tag:
 វៀតណាម
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com