អន្តរជាតិ
តើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយសំខាន់បែបណាចំពោះរុស្ស៊ី និងកូរ៉េខាងជើង?
20, Jun 2024 , 3:39 pm        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី (ឆ្វេង) ជល់កែវជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមិថុនា។ រូបភាព AFP
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី (ឆ្វេង) ជល់កែវជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមិថុនា។ រូបភាព AFP
រុស្ស៊ី និងកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមិថុនា បានចុះសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ស្របពេលប្រទេសលោកខាងលិច បានបង្ហាញក្តីបារម្ភពីការផ្តល់អាវុធពាក់ព័ន្ធសង្រ្គាមនៅអ៊ុយក្រែន និងការផ្ទេរបច្ចេកវិទ្យាយោធា។ តើកិច្ចព្រមព្រៀងទ្វេភាគីនេះ មានសារៈសំខាន់បែបណា ចំពោះក្រុងមូស្គូ និងក្រុងព្យុងយ៉ាង?

 
ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ទៅកូរ៉េខាងជើងជាលើកដំបូង ក្នុងរយៈពេល ២៤ឆ្នាំ រុស្ស៊ី និងកូរ៉េខាងជើង បានឯកភាពចុះហត្ថលេខាលើសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុងមូស្គូ និងក្រុងព្យុងយ៉ាង អាចបញ្ជូនទ័ព និងផ្តល់ជំនួយផ្សេងៗជួយគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារ។
 
«ប្រសិនបើភាគីម្ខាងនៃភាគីទាំងពីរ ស្ថិតក្នុងស្ថានភាពសង្រ្គាម ដោយសារការឈ្លានពានយោធា ពីប្រទេសណាមួយ ឬក្រុមប្រទេស ភាគីម្ខាងទៀត នឹងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីផ្តល់យោធា និងជំនួយផ្សេងទៀត ដោយផ្អែកតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ប្រទេសទាំងពីរ»។ សន្្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់កូរ៉េខាងជើង និងរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះ។ 
 
ជាការពិត សន្ធិសញ្ញាថ្មីខាងលើ ប្រៀបដូចជាការស្តារកិច្ចព្រមព្រៀងចាស់ដែលកូរ៉េខាងជើង មានជាមួយសហភាពសូវៀត នៅក្នុងឆ្នាំ១៩៦១។ កិច្ចព្រមព្រៀងការពារទៅវិញទៅមកឆ្នាំ១៩៦១ បានចែងស្រដៀងលក្ខខណ្ឌខាងលើដែរ ប៉ុន្តែវាត្រូវបានបញ្ចប់នៅពេលសហភាពសូវៀត បានភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង នៅក្នុងឆ្នាំ១៩៩០។ 
 
នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងថ្ងៃទី១៩ ខែមិថុនា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានអះអាងថា សន្ធិសញ្ញាទ្វេភាគីមួយនេះ នឹងផ្តល់ជំនួយទៅវិញទៅមកនៅពេលមានការឈ្លានពាន។ យ៉ាងណាមិញ មេដឹកនាំរុស្ស៊ី មិនបានកំណត់និយមន័យនៃការឈ្លានពានឱ្យបានច្បាស់លាស់ឡើយ។ 
 
ក្រៅពីជំនួយយោធា​ សន្ធិសញ្ញាទ្វេភាគីខាងលើ បានសន្យាខិតខំរួមគ្នា ដើម្បីពង្រឹងសមត្ថភាពលើវិស័យការពារ ក្នុងការបង្ការសង្រ្គាម និងធានាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិ។ 
 
ទន្ទឹមនេះ មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ីក៏មិនបានច្រានចោលលទ្ធភាព អាចផ្តល់ជំនួយបច្ចេកវិទ្យាយោធាទៅកូរ៉េខាងជើងផងដែរ ក្រោយចុះហត្ថលេខាលើឯកសារព្រមព្រៀងមួយចំនួន។
 
«រុស្ស៊ី មិនអាចមិនរាប់បញ្ចូលការអភិវឌ្ឍកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាទៅឱ្យជាមួយកូរ៉េខាងជើង ពាក់ព័ន្ធនឹងឯកសារចុះកិច្ចព្រមព្រៀងនៅថ្ងៃទីនេះឡើយ (ថ្ងៃទី១៩ ខែមិថុនា)»។ នេះបើតាមសម្តីរបស់ប្រមុខវិមានក្រេមឡាំង។ 
 
ការចុះសន្ធិសញ្ញាខាងលើ កើតមានក្រោយបណ្តាប្រទេសលោកខាងលិច និងកូរ៉េខាងត្បូង តែងចោទកូរ៉េខាងជើងបានបញ្ជូនអាវុធឱ្យរុស្ស៊ីសម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន ដើម្បីជាថ្នូរនឹងបច្ចេកវិទ្យាយោធា។ ក្តីបារម្ភនេះ ត្រូវបានក្រុងមូស្គូ និងព្យុងយ៉ាង ទាត់ចោលម្តងហើយម្តងទៀត។ កន្លងមក កូរ៉េខាងជើង បានប្តេជ្ញាអភិវឌ្ឍសមត្ថភាពយោធា, អាវុធនុយក្លេអ៊ែរ និងកម្មវិធីអាវុធរបស់ខ្លួនឱ្យបានខ្លាំង ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួនពីសត្រូវដូចជា អាម៉េរិក និងកូរ៉េខាងត្បូង។ ​ប្រទេសជិតខាងទាំងពីរសុទ្ធតែហ៊ុមព័ទ្ធដោយទណ្ឌកម្មរបស់លោកខាងលិច ព្រោះតែសង្រ្គាម និងកម្មវិធីអាវុធ។ 
 
ដោយឡែកនៅក្នុងកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចវិញ សន្ធិសញ្ញាខាងលើ បានអំពាវនាវឱ្យបង្កើនទំនាក់ទំនងលើវិស័យមួយនេះ ស្របពេលក្រុងព្យុងយ៉ាង ត្រូវការអាហារ និងសម្ភារផ្សេងទៀតយ៉ាងខ្លាំង ព្រោះខ្លួនរងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង អាចផ្តល់ជាកម្លាំងពលកម្មទៅរុស្ស៊ី ដើម្បីរកចំណូលបន្ថែម៕ 

Tag:
 រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com