សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ភ្ញៀវទេសចរអាស៊ីទៅមើលព្រឹត្តិការណ៍បាល់ទាត់ Euro កាន់តែច្រើនកុះករ
21, Jun 2024 , 8:29 am        
រូបភាព
UEFA EURO 2024 ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដា។ រូបភាព ៖ Faw
UEFA EURO 2024 ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដា។ រូបភាព ៖ Faw
ជំនួសឱ្យការអង្គុយនៅមុខកញ្ចក់ទូរទស្សន៍ ឬបណ្តាញសង្គម បច្ចុប្បន្នភ្ញៀវទេសចរអាស៊ីកាន់តែច្រើនបានទៅកាន់កីឡដ្ឋានអាល្លឹម៉ង់ផ្ទាល់តែម្តង ដើម្បីលើកទឹកចិត្តក្រុមដែលពួកគេពេញចិត្ត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Skift នៅថ្ងៃទី១៨ ខែមិថុនា។

 
ទិន្នន័យពី Trip.com ដែលជាក្រុមហ៊ុនសេវាទេសចរណ៍ដ៏ធំបំផុតរបស់ចិន បានបង្ហាញថា ព្រឹត្តិការណ៍កីឡាបាល់ទាល់ Euro 2024 នៅអាល្លឺម៉ង់ បានជំរុញវិស័យទេសចរណ៍កីឡាកាន់តែខ្លាំងជាមួយភ្ញៀវមកពីតំបន់អាស៊ី។ ការកក់បន្ទប់នៅអាល្លឺម៉ង់ពីតំបន់អាស៊ី បានកើនឡើង ១២៥ភាគរយបើធៀបនឹងរដូវកាលមុន។ ទីក្រុងហ្វ្រែងហ្វើត (Frankfurt) ជាគោលដៅនាំមុខគេទាក់ទងនឹងការកក់បន្ទប់ពីភ្ញៀវទេសចរអាស៊ី។
 
ចិនមានអត្រាកក់បន្ទប់ខ្ពស់បំផុត គឺកើនឡើង ១៣២ភាគរយ ហើយអត្រានៃការកក់ជើងហោះហើរទៅកាន់អាល្លឺម៉ង់កើនឡើង ៩០ភាគរយបើធៀបឆ្នាំ ២០២៣។ ការតភ្ជាប់ជើងហោះហើររវាងអាល្លឺម៉ង់ និងចិនបានជួយសម្រួលដល់កំណើននៃចំនួនភ្ញៀវទេសចរនេះ។ 
 
លោក Andy Washington អ្នកគ្រប់គ្រងទូទៅប្រចាំអឺរ៉ុបរបស់ Trip.com បាននិយាយថា ចំនួនជើងហោះហើរត្រង់ពីចិនទៅកាន់អាល្លឺម៉ង់បានកើនឡើង ៧០ភាគរយបើធៀបនឹងឆ្នាំមុន។
 
ដោយមើលឃើញសន្ទុះនៃភ្ញៀវទេសចរអាស៊ីទៅកាន់​​អាល្លឺម៉ង់​ ​មើលព្រឹត្តិការណ៍កីឡាបាល់ទាត់ Euro ​លោក Washington បានពន្យល់ថា មនុស្សវណ្ណៈកណ្តាលនៅតំបន់នេះកំពុង​កើនឡើងជាពិសេសប្រាក់ចំណូលសមរម្យ ជួយឱ្យការចំណាយដោយសេរីលើសកម្មភាពកម្សាន្ត និងការធ្វើដំណើរអន្តរជាតិ។
 
មិនត្រឹមតែការទៅទស្សនាច្រើនកុះករនោះទេ អំណាចទិញរបស់ភ្ញៀវអាស៊ីត្រូវបានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍ Euro ក្នុងឆ្នាំនេះ ដោយចំណាយជិត ៣៤០ភាគរយច្រើនជាងភ្ញៀវអង់គ្លេស។ ចំណែកអត្រាជនជាតិអាស៊ីដែលកក់សណ្ឋាគារលំដាប់ផ្កាយ៤ ផ្កាយ៥ ក៏ខ្ពស់ជាងផងដែរ។
 
លោក Danny Chung អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកនៅអឺរ៉ុបសម្រាប់ទូទាត់តាមអ៊ីនធឺណិត Alipay+ បាននិយាយថា ទ្វីបនេះជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក។ លោក Chung ព្យាករថា រដូវក្តៅនេះនឹងមានភាពមមាញឹកបំផុត និងមានមនុស្សច្រើនកុះករ ខណៈអ្នកគាំទ្រកីឡាជុំវិញពិភពលោកសម្រុកទៅអាល្លឺម៉ង់ ដើម្បីទស្សនាការប្រកួត Euro និងបារាំងដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក Pairs ។
 
ការដាក់ពាក្យសុំទិដ្ឋាការ Schengen បច្ចុប្បន្នមិនមែនជាបញ្ហាដែលធ្វើឱ្យអ្នកទេសចរអាស៊ីស្ទាក់ស្ទើរនោះទេ។ លោក Washington បាននិយាយថា ទោះបីជាមានការព្រួយបារម្ភអំពីការពន្យាពេលដំណើរការទិដ្ឋាការក៏ដោយ ក៏អ្នកធ្វើដំណើរអាស៊ីនៅតែគ្រោងទុកជាមុនសម្រាប់ការធ្វើដំណើរទៅកាន់អឺរ៉ុប។ ទិន្នន័យពី Trip.com បង្ហាញថាចំនួននៃការស្នើសុំទិដ្ឋាការសម្រាប់រដូវក្តៅនេះទូទាំងពិភពលោកបានកើនឡើង ១,៥ដងបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន៕ 

Tag:
 ទេសចរ
  Euro 2024
  បាល់ទាត់
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com