ម្ចាស់ផ្ទះថៃ បានដកកីឡា៤ប្រភេទ ដូចជា ជឺជិតស៊ូ, វូស៊ូ, ការ៉ាតេ និងលើកទម្ងន់ ពីក្នុងបញ្ជីកីឡា ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដែលនឹងត្រូវធ្វើនៅថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ ២០២៥។ ការដកកីឡា៤ប្រភេទចេញពីបញ្ជីបឋមនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំលើកទី១ របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation ឬ SEAGF)។
យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន ការប្រជុំលើកទី១ SEAGF បានធ្វើកិច្ចប្រជុំមួយស្ដីពីការរៀបចំធ្វើស៊ីហ្គេម លើកទី៣៣។ ក្នុងកិច្ចប្រជុំនោះ ថៃ ក្នុងនាមជាម្ចាស់ផ្ទះ បានដាក់កីឡា៤៣ប្រភេទ និងដកកីឡា៤ប្រភេទ ចេញពីបញ្ជីបឋម។ កីឡា៤ប្រភេទនេះ មានជឺជិតស៊ូ, វូស៊ូ, ការ៉ាតេ និងលើកទម្ងន់។ យ៉ាងណាក៏ដោយ ការដកនេះមិនទាន់បញ្ជាក់ បាន១០០ភាគរយទេ ព្រោះត្រូវរង់ចាំការប្រជុំម្ដងទៀត នៅអំឡុងខែសីហា។
ការប្រកួតវូស៊ូ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២
រីឯកីឡាដែលត្រូវបានដាក់ក្នុងបញ្ជី មានដូចជា អត្ដពលកម្ម, ហែលទឹក, លោតទឹក, កីឡាបាល់ទឹក, កីឡារបាំក្នុងទឹក, ហែលទឹកទីឆ្ងាយ, បាញ់ធ្នូ, វាយសី, បាល់បោះ, ទូកកានូ, ទូករ៉ូអ៊ីង, ជិះកង់, គុនដាវ, បាល់ទាត់, វាយកូនគោល, កាយសម្ព័ន្ធ, បាល់គប់, ហុកគី, យូដូ, បាញ់កាំភ្លើង, វាយកូនបាល់លើតុ, តេក្វាន់ដូ, វាយកូនបាល់, ទ្រីយ៉ាត្លុង, បាល់ទះ, ចំបាប់, ស្គីទឹកកក, Baseball, Soft ball, Modern Pantathlon, ប្រដាល់សកល, Polo, ទូកក្ដោង, បាល់ទាត់ក្នុងសាល, ប្រដាល់ Muay, បញ្ចសីលា, ប៊ីយ៉ា, កីឡាអេឡិចត្រូនិក, Floorball, ឃីគប៊ុកស៊ីង, បាល់ទាត់លើតុ, Netball។ ក្នុងនោះ កីឡាទាញ់ព្រ័ត្រ ត្រូវបានដាក់បញ្ចូលជា Demonstration Sport និងកីឡាចោលថាស (Frisbee)។
ដោយឡែកកីឡា ៤ប្រភេទ ដែលថៃបានដកចេញពីបញ្ជីបឋមនោះ កម្ពុជាបានដណ្ដើមមេដាយមាស៥ ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣។ កម្ពុជា ដណ្ដើមបានមេដាយមាស៣ ប្រាក់៥ និងសំរឹទ្ធ១ លើកីឡាជឺជិតស៊ូ។ ចំណែក កីឡាការ៉ាតេ មេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៦។ រីឯកីឡាវូស៊ូ កម្ពុជា ដណ្ដើមបានមេដាយមាស១ ប្រាក់៣ សំរឹទ្ធ៣ និងកីឡាលើកទម្ងន់ មេដាយសំរឹទ្ធ១។ ចំណែក ថៃ ក៏ដណ្ដើមបានមេដាយច្រើនពីកីឡា៤ប្រភេទនេះដែរ ក្នុងនោះជឺជិតស៊ូ មេដាយសរុប១៣, លើកទម្ងន់មេដាយ១០, វូស៊ូ មេដាយ៤ និងការ៉ាតេ មេដាយ៨៕
ការប្រកួតការ៉ាតេក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២