អន្តរជាតិ
កូរ៉េខាងត្បូង​កោះ​ហៅ​ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី ខណៈ​ភាព​តានតឹង​កើន​ឡើង​ជាមួយ​កូរ៉េ​ខាង​ជើង
22, Jun 2024 , 7:39 pm        
រូបភាព
ឯកអគ្គរដ្ឋទូត​រុស្សី​ប្រចាំកូរ៉េខាងត្បូង​លោក Georgy Zinoviev ទៅ​ដល់​ក្រសួងការបរទេស​កូរ៉េខាងត្បូង នៅ​ទីក្រុង​សេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ (YONHAP / AFP)
ឯកអគ្គរដ្ឋទូត​រុស្សី​ប្រចាំកូរ៉េខាងត្បូង​លោក Georgy Zinoviev ទៅ​ដល់​ក្រសួងការបរទេស​កូរ៉េខាងត្បូង នៅ​ទីក្រុង​សេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ (YONHAP / AFP)
ដោយ: VOA
កូរ៉េ​ខាងត្បូង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្សី​ដើម្បី​តវ៉ា​ចំពោះ​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ថ្មី​របស់​ប្រទេស​រុស្ស៉ី​ជាមួយ​កូរ៉េ​ខាងជើង​កាល​ពី​ថ្ងៃ​សុក្រ​ ខណៈ​ដែល​ភាពតាន​តឹង​នៅតាម​ព្រំដែន​បាន​បន្តកើន​ឡើង​ជាមួយ​នឹង​ការ​គំរាម​កំហែង​មិន​ច្បាស់លាស់ ​និង​យ៉ាង​ខ្លី ដែល​ហាក់​ដូចជា​ការវាយ​លុកលុយ​ដោយ​ចៃដន្យ​ដោយ​ទាហាន​កូរ៉េ​ខាង​ជើង។

 
នៅព្រឹក​ថ្ងៃសុក្រ​ ប្អូនស្រី​ដ៏មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក Kim Jong Un បាន​ចេញ​មុខ​គំរាម​សង​សឹក​ បន្ទាប់​ពី​សកម្មជន​កូរ៉េ​ខាងត្បូង​បានបង្ហោះ​បាឡុង​ដែល​មាន​បិត​ខិត្តបណ្ណ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឆ្លងកាត់​ព្រំដែន ហើយ​យោធា​កូរ៉េ​ខាងត្បូង​បាន​និយាយថា ​ខ្លួនបាន​បាញ់​ព្រមាន​កាល​ពី​ថ្ងៃមុន​ ដើម្បី​បណ្តេញ​ទាហាន​កូរ៉េ​ខាង​ជើង​ ដែល​បាន​ឆ្លង​កាត់​ព្រំដែនរបស់​គូជម្លោះ​ជា​លើក​ទី​ ៣ ​ក្នុង​ខែ​នេះ។
 
ការណ៍​នោះ​បាន​កើតឡើង​ពីរថ្ងៃ​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុងព្យុងងយ៉ាងឈានដល់​កិច្ច​ព្រម​ព្រៀង​មួយ​ដោយ​ប្តេជ្ញា​ផ្តល់​ជំនួយ​ការពារគ្នា​ទៅវិញ​ទៅមក ប្រសិន​បើមាន​ការ​វាយប្រហារ​ណាមួយ​ ហើយក៏កើតឡើង​មួយ​ថ្ងៃ​ក្រោយ​ដែល​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ឆ្លើយតប​ដោយ​និយាយ​ថា ខ្លួននឹង​ពិចារណា​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។
អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​ លោក Kim Hong Kyun បាន​កោះហៅ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​លោក Georgy Zinoviev ដើម្បី​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​រវាង​ប្រធានាធិបតីរុស្ស៊ី ​លោក Vladimir Putin ​និង​លោក Kim Jong Un ហើយបាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បញ្ឈប់​ជា​បន្ទាន់​នូវ​កិច្ច​សហប្រតិបត្តិការ​យោធាជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ដែល​រងការ​ចោទ​ប្រកាន់​នោះ។
 
លោក Kim ដែល​ជា​អ្នក​ការទូត​កូរ៉េ​ខាងត្បូង​បាន​សង្កត់​ធ្ងន់​ថា​ កិច្ច​សហប្រតិបត្តិការ​ណាមួយ​ទោះ​ដោយ​ផ្ទាល់​ ឬដោយ​ប្រយោល​ជួយ​កូរ៉េ​ខាងជើង​បង្កើន​សមត្ថភាពយោធា​របស់ខ្លួន​នឹង​បំពានលើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​និង​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់​កូរ៉េ​ខាងត្បូង​និងបាន​ព្រមាន​ពី​ផលវិបាក​សម្រាប់​ទំនាក់​ទំនង​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ។
 
ក្រសួង​ការបរទេស​បាន​និយាយ​ថា​ លោក Zinoviev បាន​ឆ្លើយតប​ថា​ លោក​នឹង​បង្ហាញ​ការព្រួយ​បារម្ភ​របស់​ទីក្រុង​សេអ៊ូល​ទៅកាន់​ថ្នាក់លើ​របស់​លោក​នៅ​ទីក្រុង​មូស្គូ។
 
យុទ្ធនាការ​តាម​ខិតបណ្ណ​ដោយ​សកម្មជន​ស៊ីវិល​កូរ៉េ​ខាងត្បូង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បាន​ជំរុញ​ឱ្យមាន​ការ​ចាប់ផ្តើម​ឡើងវិញ​នៃសង្គ្រាម​ចិត្តសាស្ត្រ​បែប​សង្គ្រាម​ត្រជាក់​នៅតាម​ព្រំដែន​អន្តរ​កូរ៉េ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com