អន្តរជាតិ
ប៉ូលិស និងបព្វជិតយ៉ាងហោចណាស់១៥នាក់ បានស្លាប់ ក្នុងការវាយប្រហារនៅរុស្ស៊ី
24, Jun 2024 , 10:29 am        
រូបភាព
រូបភាព Reuters
រូបភាព Reuters
តំបន់ Dagestan របស់រុស្ស៊ី នៅថ្ងៃទី២៣ ខែមិថុនា បានរងការវាយប្រហារជាច្រើនកន្លែងដូចជាព្រះវិហារ និងប៉ុស្តិ៍ប៉ូលិស ដោយធ្វើឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ១៥នាក់ និងរបួសជាច្រើននាក់។ ជនរងគ្រោះ មានមន្រ្តីប៉ូលិស និងបព្វជិត។

 
ក្រុងចំនួន២ នៃសាធារណរដ្ឋ Dagestan របស់រុស្ស៊ី ដែលនៅជាប់ជាមួយហ្សកហ្ស៊ី និងអាស៊ៃបៃហ្សង់ បានរងការវាយប្រហារលើប៉ុស្តិ៍ប៉ូលិស និងព្រះវិហារ។ ក្រុងទាំងពីរនេះមានដូចជា ក្រុងDerbent និងក្រុង Makhachkala។ ឧបទ្ទវហេតុចុងក្រោយនេះ កើតមានប្រមាណ ១៤៥ថ្ងៃ ក្រោយការវាយប្រហារនៅក្រុងមូស្គូ។ 
 
«នេះជាថ្ងៃសោកនាដកម្មសម្រាប់ Dagestan និងប្រទេសទាំងមូល»។ លោក Sergei Melikov អភិបាលតំបន់ Dagestan បានលើកឡើងបែបនេះនៅក្នុងវីដេអូមួយបង្ហោះតាមប្រព័ន្ធទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី២៤ ខែមិថុនា។ 
 
ប្រមុខតំបន់ Dagestan បានបញ្ជាក់ថា ប៉ូលិសច្រើនជាង​១៥នាក់ បានក្លាយជាជនរងគ្រោះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនប៉ូលិសស្លាប់ និងរងរបួសឡើយ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ក្នុងហេតុការណ៍បាញ់សម្លាប់ក្នុងពេលដំណាលគ្នានេះ ប៉ូលិស, បព្វជិត និងកងសន្តិសុខ យ៉ាងហោចណាស់ ១៥នាក់ បានស្លាប់ ខណៈខ្មាំងកាំភ្លើងចំនួន ៦នាក់ ត្រូវបានបាញ់សម្លាប់។ ពេលនេះ ប៉ូលិសរុស្ស៊ី កំពុងតាមប្រមាញ់ជនសង្ស័យផ្សេងទៀត។ 
 
យ៉ាងណាមិញ អាជ្ញាធរតំបន់ មិនទាន់បានបញ្ជាក់ឡើយពីមូលហេតុ ដែលបង្កឱ្យមានការវាយប្រហារ។ កន្លងមក តំបន់ Dagestan ធ្លាប់រងការវាយប្រហារដោយក្រុមឥស្លាមជ្រុលនិយម។ 
 
តំបន់ Dagestan ដែលនៅជាប់ហ្សកហ្ស៊ី និងអាស៊ៃបៃហ្សង់ ជាតំបន់ក្រីក្រ និងសម្បូរប្រជាជនមូស្លីមភាគច្រើន។ តំបន់ដដែលនេះ ក៏មានប្រជាជនជ្វីហ្វជំនាន់ដើមរស់នៅផងដែរ៕

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com