សង្គមអន្តរជាតិ​
អន្តរជាតិ
មនុស្សជាង ៥០នាក់ស្លាប់ ដោយសារពុលស្រានៅឥណ្ឌា
24, Jun 2024 , 2:29 pm        
រូបភាព
អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យក្នុងរដ្ឋ Tamil Nadu បន្ទាប់ពីហេតុការណ៍ពុលស្រា។ រូបភាព ៖ AFP
អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យក្នុងរដ្ឋ Tamil Nadu បន្ទាប់ពីហេតុការណ៍ពុលស្រា។ រូបភាព ៖ AFP
មន្ត្រីនៅរដ្ឋ Tamil Nadu ភាគខាងត្បូងឥណ្ឌាបានប្រកាសថា មនុស្សចំនួន ៥៣នាក់បានស្លាប់ ដោយសារការផឹកស្រាលាយសារធាតុមេតាណុលខ្ពស់ ដែលជាប្រភេទថ្នាំពុល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មានបារាំង AFP។

 
ហេតុការណ៍ពុលស្រានៅឥណ្ឌា បានកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា បណ្តាលឲ្យមនុស្សជាង១០០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលគ្រូពេទ្យមិនអាចព្យាបាលបាន។ លោក Muthuvel Stalin ប្រមុខរដ្ឋ Tamil Nadu បាននិយាយថា មនុស្ស ៣៧នាក់បានស្លាប់ប៉ុន្មានម៉ោង បន្ទាប់ពីផឹកស្រាលាយជាមួយនឹងមេតាណុលកម្រិតខ្ពស់។ 
 
លោក MS Prasanth មន្ត្រីជាន់ខ្ពស់នៅស្រុក Kallakurichi ក្នុងរដ្ឋ Tamil Nadu បានប្រកាស នៅថ្ងៃទី២២ ខែមិថុនាថា មនុស្ស ៥៣នាក់បានស្លាប់ ដោយសារពុលស្រា ហើយមនុស្ស ៧នាក់ដែលពាក់ព័ន្ធជុំវិញកាផលិតស្រាត្រូវបានចាប់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍កាលពីថ្ងៃទី២៣ ខែមិថុនាថា មនុស្ស ៥៦នាក់បានស្លាប់ ប៉ុន្តែមន្ត្រីរបស់ប្រទេសនេះមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។ 
 
បើតាមសមាជិកក្រុមប្រឹក្សាក្នុងស្រុក Palraj កម្មករក្រីក្រនៅក្នុងស្រុក Kallakurichi តែងតែទិញស្រាមួយថង់ក្នុងតម្លៃ ០,៧ដុល្លារ ដើម្បីផឹកមុនពេលទៅធ្វើការ។ ក្នុង​ហេតុការណ៍​ពុលស្រា​កាលពី​ថ្ងៃ​ទី​១៨ មិថុនា បណ្តាល​ឱ្យ​មនុស្ស​ខ្លះ​ពិការ​ភ្នែក​យក​ទៅ​មន្ទីរពេទ្យ ចំណែក​អ្នក​ខ្លះ​ទៀត​បានស្លាប់​តាម​ផ្លូវ ។
 
ឥណ្ឌាបានកត់ត្រាការស្លាប់រាប់រយនាក់ក្នុងមួយឆ្នាំៗ ដោយសារការផឹកស្រាមានតម្លៃថោកដែលទិញពីរោងចក្រចម្រាញ់ខុសច្បាប់។ ហេតុការណ៍នៅក្នុងរដ្ឋ Tamil Nadu ជាករណីពុលដ៏អាក្រក់បំផុតមួយនៅឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
រោងចក្រចម្រាញ់ស្រាជាច្រើននៅឥណ្ឌា តែងតែលាយសារធាតុមេតាណុលចូលទៅក្នុងស្រាដើម្បីបង្កើនកម្លាំង។ អ្នក​ដែល​ផឹកស្រាមានលាយសារធាតុច្រើន ​អាច​ធ្វើឲ្យ​ពិការ​ភ្នែក រង​ការ​ខូច​ខាត​ថ្លើម ឬ​ស្លាប់។
 
កាលពីឆ្នាំមុន ការពុលស្រានៅក្នុងរដ្ឋ Bihar ភាគខាងកើតឥណ្ឌា បានធ្វើឱ្យមនុស្ស ២៧នាក់បានស្លាប់។ ក្នុងឆ្នាំ២០២២ នៅរដ្ឋ Gujarat ឧប្បត្តិហេតុពុលស្រាស្រដៀងគ្នា បានសម្លាប់មនុស្ស ៤២នាក់៕ 

Tag:
 ឥណ្ឌា ​
  ពុលស្រា​
© រក្សាសិទ្ធិដោយ thmeythmey.com