កីឡាជាតិ
ជាតិ
លោកវ៉ាត់ ចំរើន៖ អត្ដពលិកឈ្នះមេដាយអូឡាំពិកដំបូងគេឱ្យកម្ពុជា នឹងធ្វើរូបសំណាកក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក រូបពី NOCC
× កម្ពុជា ធ្លាប់បានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ១០លើករួចមកហើយ បើគិតតាំងពីឆ្នាំ១៩៥៦ ប៉ុន្ដែមិនធ្លាប់ឈ្នះមេដាយណាមួយឡើយ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានក្ដីស្រម៉ៃ ចង់ឃើញអត្ដពលិកកម្ពុជា ឈ្នះមេដាយអូឡាំពិក។ អត្ដពលិករូបណា ដណ្តើមបានមេដាយកីឡាអូឡាំពិកដំបូងគេសម្រាប់កម្ពុជា នឹងត្រូវធ្វើរូបសំណាក ធំមួយនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
គិតតាំងពីឆ្នាំ១៩៥៦ កម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក បាន១០លើកហើយ។ រយៈពេល៦៨ឆ្នាំនេះ អត្ដពលិកកម្ពុជា មិនទាន់ឈ្នះមេដាយណាមួយពីព្រឹត្តិការណ៍នេះឡើយ។ ដោយឡែក កម្ពុជា ធ្លាប់ជោគជ័យក្នុងការដណ្ដើមមេដាយពីព្រឹត្តិការណ៍កីឡាអាស៊ី ដោយធ្លាប់ចូលរួមបាន ១៣លើក។ ១៣លើកនោះ កម្ពុជា ដណ្ដើមបានមេដាយសរុប៩ មាស៣ ប្រាក់២ និងសំរិទ្ធ៤។
ក្នុងទិវាអូឡាំពិក នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ លោក វ៉ាត់ ចំរើន បញ្ជាក់ថា NOCC កំពុងរៀបចំផែនការណ៍ស្វែងរកមេដាយពីព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាមេដាយដំបូងសម្រាប់កម្ពុជា។ ចំពោះផែនការនោះ អគ្គលេខាធិការរូបនេះ មិនបានបញ្ជាក់ទេ គ្រាន់តែនិយាយថា អត្ដពលិកកម្ពុជារូបណា ដែលអាចដណ្ដើមមេដាយអូឡាំពិកដំបូងគេ នឹងត្រូវបានធ្វើរូបសំណាក់ ដ៏ធំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
«ថ្ងៃក្រោយទៀត ក្ដីសុបិន្ដរបស់ខ្ញុំ យើងនឹងធ្វើរូបសំណាក់ ដ៏ធំនៅមុខនេះ។ អ្នកណាដែលទទួលមេដាយដំបូងគេក្នុងអូឡាំពិកនាពេលក្រោយ។ យើង កំពុងរៀបចំផែនការណ៍ស្វែងរកមេដាយយ៉ាងតិច១ ក្នុងព្រឹត្តិការណ៍អូឡាំពិក ដែលជាមេដាយដំបូងសម្រាប់កម្ពុជារបស់យើង។ យើង នឹងឆ្លាក់រូបគាត់យ៉ាងធំនៅទីនេះ ដើម្បីជាការតបស្នងសងគុណ និងជាគម្រូរដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយនេះ។»។ លោក វ៉ាត់ ចំរើន បានប្រាប់ដូច្នេះ៕
Tag:
វ៉ាត់ ចំរើន
អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com