សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
យ៉ាងហោចណាស់២០នាក់ស្លាប់ក្នុងការឆេះរោងចក្រនៅកូរ៉េខាងត្បូង
24, Jun 2024 , 5:25 pm        
រូបភាព
អ្នក​ពន្លត់​អគ្គិភ័យ​​នៅ​រោងចក្រ​ថ្មសាក​លីចូម​​ក្នុង​ទីក្រុង Hwaseong ខេត្ត Gyeonggi​ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា។ រូបភាព ៖ AFP
អ្នក​ពន្លត់​អគ្គិភ័យ​​នៅ​រោងចក្រ​ថ្មសាក​លីចូម​​ក្នុង​ទីក្រុង Hwaseong ខេត្ត Gyeonggi​ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា។ រូបភាព ៖ AFP
អគ្គិភ័យបានឆាបឆេះរោងចក្រថ្មសាកលីចូមមួយនៅភាគខាងត្បូងទីក្រុងសេអ៊ូល។ អ្នកពន្លត់អគ្គីភ័យបានរកឃើញសាកសពយ៉ាងហោចណាស់ ២០នាក់នៅកន្លែងកើតហេតុ។

 
ករណីឆេះ បានកើតឡើងនៅម៉ោងប្រហែល ៨:៣០នាទីព្រឹកនាថ្ងៃទី២៤ ខែមិថុនា នៅរោងចក្រផលិតថ្មសាកលីចូមក្នុងទីក្រុង Hwaseong ខេត្ត Gyeonggi ខណៈមនុស្សជាង១០០នាក់កំពុងធ្វើការ។ លោក Kim Jin-young មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់បាននិយាយថា អគ្គិភ័យបានឆាបឆេះបន្ទាប់ពីអាគុយជាច្រើនបានផ្ទុះនៅខាងក្នុងឃ្លាំងផ្ទុកថ្មសាកប្រហែល ៣៥០០០គ្រាប់នៅជាន់ទីពីរ។
 
វីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពីផ្សែងហុយ និងភ្លើងឆេះនៅកន្លែងកើតហេតុ អមដោយការផ្ទុះតូចៗជាច្រើន។ យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យ Hwaseong ភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារតែថ្មសាកបានផ្ទុះជាបន្តបន្ទាប់ ហើយត្រូវគ្រប់គ្រងបានម៉ោង១​រសៀល​។
 
មនុស្សប្រហែល ៨០នាក់ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព។ មនុស្ស ២៣ នាក់កំពុងបាត់ខ្លួន ក្នុងនោះ ២០នាក់ជាជនបរទេស រួមទាំងជនជាតិចិនផងដែរ។
 
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap យ៉ាងហោចណាស់សាកសពចំនួន ២០នាក់ត្រូវបានរកឃើញនៅពេលដែលអ្នកជួយសង្គ្រោះចូលទៅក្នុងអគារនោះ។
 
បច្ចុប្បន្ននេះ គេនៅមិនទាន់ដឹងច្បាស់ថាបណ្តាលមកពីមូលហេតុអ្វីជុំវិញការឆេះនៅឡើយ។ អ្នកពន្លត់អគ្គិភ័យជួបប្រទះការលំបាក ដោយសារតែការដុតថ្មលីចូមពិបាកពន្លត់ដោយប្រើវិធីពន្លត់អគ្គីភ័យធម្មតា។
 
«ដោយសារ​ទីនេះ​ជា​កន្លែង​ផលិត​ថ្ម​លីចូម យើង​មិនអាច​បាញ់​ទឹក​ពន្លត់​ភ្លើង​បាន​ទេ ដូច្នេះ​យើង​ប្រើ​ខ្សាច់​ស្ងួត»។ នេះបើតាមលោក Kim Jin-young។ 
 
រដ្ឋាភិបាលកូរ៉េខាងត្បូងបានកោះប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីវិធានការកាត់បន្ថយការខូចខាតនេះ
 
កូរ៉េខាងត្បូង ជាអ្នកផលិតថ្មសាកធំមួយនៅលើពិភពលោក។ ថ្មលីចូមត្រូវបានប្រើប្រាស់ក្នុងឧបករណ៍ជាច្រើនដូចជា កុំព្យូទ័រយួរដៃ និងរថយន្តអគ្គិសនី។ ទោះជាយ៉ាងណាក៏ដោយ វាបង្កហានិភ័យនៃការឆេះ និងការផ្ទុះ ហើយក្រុមហ៊ុនអាកាសចរណ៍ដាក់បទប្បញ្ញត្តិយ៉ាងតឹងរឹងលើការត្រួតពិនិត្យឧបករណ៍ដោយប្រើថ្មប្រភេទនេះ៕ 

Tag:
 កូរ៉េខាងត្បូង
  ថ្មសាក
© រក្សាសិទ្ធិដោយ thmeythmey.com