សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការសិក្សា ៖ ចិនជួយឧបត្ថម្ភធន ២៣០ពាន់លានដុល្លារលើវិស័យរថយន្តអគ្គិសនី
24, Jun 2024 , 9:59 pm        
រូបភាព
រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ។ រូបភាព ៖ Xinhua
រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ។ រូបភាព ៖ Xinhua
អស់ពេលជាងមួយទសវត្សរ៍មកនេះ រដ្ឋាភិបាលចិនបានចំណាយថវិកាយ៉ាងច្រើនដល់វិស័យរថយន្តអគ្គិសនីតាមរយៈវិធានការនានាដូចជា ការបញ្ចុះតម្លៃ លើកលែងពន្ធ និងការទិញរថយន្តអគ្គីសនីសម្រាប់បម្រើការក្នុងក្រសួង ស្ថាប័នរដ្ឋជាដើម។

 
ចិនបានចំណាយប្រាក់ចំនួន ២៣០,៨ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យរថយន្តអគ្គិសនីអំឡុងឆ្នាំ ២០០៩-២០២៣។ នេះបើតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅអាម៉េរិក។
 
លោក Scott Kennedy ដែលជាអ្នកទទួលបន្ទុកទីផ្សារចិននៅ CSIS បានបញ្ជាក់ថា តួលេខខាងលើគឺស្មើនឹង ១៨,៨ភាគរយនៃប្រាក់ចំណូលពីការលក់រថយន្តអគ្គិសនីអំឡុងពេលនោះ។ សម្រាប់ការគាំទ្ររយៈពេល ៩ឆ្នាំដំបូង គឺមានតម្លៃ ៦,៧៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការចំណាយកើនឡើងបីដងក្នុងរយៈពេល ២០១៨-២០២០ ហើយនឹងបន្តកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីឆ្នាំ ២០២១។
 
កន្លងមក មន្ត្រីចិនបានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ ដូចជាការបញ្ចុះតម្លៃសម្រាប់អ្នកទិញ ការលើកលែងពន្ធលើតម្លៃបន្ថែម១០ភាគរយ ការសាងសង់ស្ថានីយសាកថ្ម ការផ្តល់មូលនិធិដល់កម្មវិធី R&D របស់ក្រុមហ៊ុនរថយន្តអគ្គិសនី និងការទិញរថយន្តអគ្គិសនីសម្រាប់ទីភ្នាក់ងាររដ្ឋ។ ក្នុង​ចំណោម​នោះ វិធានការ​ពីរ​ដំបូង​មាន​ការ​គាំទ្រ​ច្រើន​ជាង​គេ។
 
របាយការណ៍របស់ CSIS បានចេញផ្សាយក្នុងបរិបទដែលអឺរ៉ុបកាលពីសប្តាហ៍មុន បានប្រកាសបង្កើនពន្ធនាំចូល លើរថយន្តអគ្គិសនីរបស់ចិន។ កាល​ពី​ខែ​មុន ​អាម៉េរិក​ក៏បាន​ដំឡើងពន្ធ​នាំ​ចូល​រថយន្ត​អគ្គិសនី​ដល់​ជាង ១០០ភាគរយដែរ។
 
លោក Kennedy បាននិយាយថា ការគាំទ្ររបស់ទីក្រុងប៉េកាំងសម្រាប់រថយន្តអគ្គិសនី រួមមានគោលនយោបាយមិនមែនរូបិយវត្ថុ ដើម្បីបង្កើតគុណសម្បត្តិសម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក បើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងបរទេស។ យ៉ាងណាមិញ អាម៉េរិកមិនបង្កើតបរិយាកាសទាក់ទាញសម្រាប់ការអភិវឌ្ឍវិស័យរថយន្តអគ្គិសនីដូចចិននោះទេ។
 
«មានករណីលើកលែងមួយចំនួន ប៉ុន្តែជាទូទៅក្រុមហ៊ុនផលិតរថយន្ត និងរដ្ឋាភិបាលលោកខាងលិច មានភាពយឺតយ៉ាវ និងមិនមានកម្លាំងគ្រប់គ្រាន់»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ដោយស្រង់សម្តីលោក Kennedy។ 
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនី កាន់តែមានភាពខ្លាំងក្លាឡើង ដោយសារតែចំនួនម៉ាករថយន្តមានការកើនឡើង។ ធនាគារកណ្តាលអាម៉េរិកនៅសប្តាហ៍នេះថែមទាំងបានណែនាំដល់ក្រុមហ៊ុនផលិតរថយន្តធំៗ របស់អាម៉េរិកឱ្យចាកចេញពីចិន ដើម្បីផ្តោតប្រមូលធនធានដាក់នៅទីផ្សារប្រទេសផ្សេងទៀត។
 
«អ្នកវិភាគរថយន្តឯករាជ្យ និងក្រុមហ៊ុនផលិតរថយន្តលោកខាងលិច ដែលខ្ញុំបានជជែកជាមួយសុទ្ធតែយល់ស្របថា ក្រុមហ៊ុនរថយន្តអគ្គិសនី និងអាគុយរបស់ចិនមានការរីកចម្រើនយ៉ាងខ្លាំង។ ពួកគេសមនឹងទទួលបានការយកចិត្តទុកដាក់ខ្លាំងជាងនេះ»។​ លោក Kennedy បានសង្កត់ធ្ងន់បែបនេះ។ 
 
យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល CSIS រូបនេះ បានចង្អុលបង្ហាញថា ការគាំទ្រដ៏សប្បុរសរបស់រដ្ឋាភិបាល និងការរីកចម្រើនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីចិន មិនបានជួយឱ្យប្រាក់ចំណេញកើនឡើងស្របគ្នានោះទេ។ 
 
ទិន្នន័យក្នុងត្រីមាសទី១ របស់ក្រុមហ៊ុនទីផ្សារ CLSA បានបង្ហាញថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនរថយន្តចិន BYD ក្នុងមួយគ្រឿង បានថយចុះបន្តិចម្តងៗក្នុងរយៈពេល ១២ខែកន្លងមកនេះ មកនៅត្រឹម ៧៣៩ដុល្លារ ខណៈក្រុមហ៊ុនរថយន្តអាម៉េរិក Tesla បានថយចុះមកត្រឹម ២៩១៩ដុល្លារ។
 
កាលពីឆ្នាំមុន វិស័យ​រថយន្ត​អគ្គិសនី​បាន​ប្រឈម​មុខ​ការប្រជែង​តម្លៃ​យ៉ាង​ខ្លាំង។ ក្រុមហ៊ុនផលិតរថយន្តទាំងអស់កាត់បន្ថយតម្លៃ ឬបញ្ចេញម៉ាករថយន្តដែលមានតម្លៃថោកជាងមុន ។ ក្រុមហ៊ុនចិណ Nio កាលពីខែមុនបានព្យាករថា ម៉ាករថយន្តចំនួន១០ ប្រហែលជាបាត់វត្តមាននៅលើទីផ្សារក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ វានៅសល់ប្រហែលតែ ២០ ទៅ៣០ ម៉ាកតែប៉ុណ្ណោះ។
 
ថ្មីៗនេះ អាម៉េរិកក៏បានបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់វិស័យរថយន្តអគ្គិសនីដែរ។ ក្រោមច្បាប់កាត់បន្ថយអតិផរណា (IRA) ដែលចូលជាធរមានចាប់ពីខែសីហា ឆ្នាំ២០២២ ប្រទេសនេះនឹងត្រៀមថវិកាចំនួន ៣៧០ពាន់លានដុល្លាទៀត ដើម្បីលើកកម្ពស់បច្ចេកវិទ្យាស្អាត៕ 

Tag:
 រថយន្តអគ្គិសនី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com