អន្តរជាតិ
លោកពូទីនស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទី៥ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងពិធីស្បថចូលកាន់តំណែង នៅថ្ងៃទី៧ ខែឧសភា។ រូបភាព AFP
× លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៧ ខែឧសភា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី នៅអាណត្តិទី៥ ក្រោយទទួលបានសំឡេងគាំទ្រដ៏ច្រើនសន្ធឹក។ ក្នុងពិធីស្បថចូលកាន់តំណែងនេះ ប្រទេសលោកខាងលិចជាច្រើន បានប្រកាសមិនបញ្ជូនប្រេសិតទៅចូលរួម។
នៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងខែមីនា លោក វ្ល៉ាឌីមៀ ពូទីន បេក្ខជនប្រធានាធិបតីឯករាជ្យនៅពេលនោះ ទទួលបានសន្លឹកឆ្នោតគាំទ្ររហូតដល់៨៧,៣២ភាគរយឯណោះ។
ក្រោយការបោះឆ្នោតដែលគ្មានសំឡេងប្រឆាំងដ៏សំខាន់ លោកពូទីន នៅថ្ងៃទី៧ ខែឧសភា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទី៥ ជាផ្លូវការ នាវិមានក្រេមឡាំង នៅចំពោះមុខអ្នកចូលរួមជាច្រើននាក់។ ប្រធានាធិបតីរុស្ស៊ីមាន១អាណត្តិចំនួន ៦ឆ្នាំ ដើម្បីដឹកនាំរុស្ស៊ី។
លោកពូទីន បានចាប់ផ្តើមកាន់តំណែងជាប្រធានាធិបតីនៅក្នុងឆ្នាំ១៩៩៩ ហើយបានកាន់តំណែងជានាយករដ្ឋមន្រ្តីនៅចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ មុននឹងកាន់តំណែងជាប្រធានាធិបតីជាថ្មីរហូតដល់ពេលបច្ចុប្បន្ន។
យ៉ាងណាមិញ បណ្តាប្រទេសលោកខាងលិចដូចជា អាម៉េរិក កាណាដា អង់គ្លេស សមាជិកសហភាពអឺរ៉ុបមួយចំនួន មិនបានបញ្ជូនប្រេសិតរបស់ខ្លួនឱ្យចូលរួមឡើយ។
«យើងនឹងមិនបញ្ជូនប្រេសិតទៅចូលរួមពិធីស្បថចូលកាន់តំណែងទេ»។ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ដោយបន្តចាត់ទុកការបោះឆ្នោតរុស្ស៊ីគ្មានលក្ខណៈសេរី និងត្រឹមត្រូវ។
ក្នុងអាណត្តិទី៥នេះ លោកពូទីន នៅតែបន្តជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ខណៈទណ្ឌកម្ម បន្តហ៊ុមសេដ្ឋកិច្ចប្រទេសមួយនេះ។ យ៉ាងណាក៏ដោយ លោកពូទីន បានបន្លុយបើកច្រកសម្រាប់ចរចាជាមួយប្រទេសលោកខាងលិច ក្នុងកម្មវិធីស្បថចូលកាន់តំណែង។ បើតាមលោកពូទីន រុស្ស៊ីបើកចំហការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសលោកខាងលិច ក្នុងលក្ខខណ្ឌស្មើភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com