ជាតិ
សង្គមជាតិ
មន្ត្រីបរិស្ថាន៖ សំរាមប្លាស្ទិកបង្កវិនាសកម្មធំធេងដល់បឹងទន្លេសាប
× សៀមរាប៖ បច្ចុប្បន្ននេះ សកម្មភាពបំផុសចលនាក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកកាន់តែផុសផុលឡើង នៅពេលដែលសង្គមជាតិយល់កាន់តែច្បាស់ពីមហន្តរាយរបស់វា។ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ហៅកាត់ថា (CRST) បានរៀបចំគម្រោងមួយឈ្មោះថា Project R នៅសហគមន៍ចុងឃ្នៀស ក្នុងគោលដៅឱ្យសហគមន៍នៅទីនោះយល់ពីបញ្ហាបរិស្ថាន កុំចោលសំរាមប្លាស្ទិកក្នុងបឹងទន្លេសាប និងយល់ពីផលប៉ះពាល់។ មន្ត្រីក្រសួងបរិស្ថានបានគាំទ្រពេញទំហឹងចំពោះគម្រោងនេះ និងយល់ថាប្លាស្ទិកបានបង្កវិនាសកម្មធំធេងដល់បឹងទន្លេសាប ប្រសិនបើគ្មានការគ្រប់គ្រងត្រឹមត្រូវ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា ថ្លែងថា វាពិតជាមានសារសំខាន់ណាស់ដែលត្រូវផ្តល់ចំណេះដឹងទាក់ទងនឹងការប្រើប្រាស់ប្លាស្ទិកដល់សហគមន៍ដែលកំពុងរស់នៅក្នុងបឹងទន្លេសាប។ លោកពន្យល់ថា ប្លាស្ទិកបានផ្តល់ផលប៉ះពាល់ជាច្រើនដល់ធនធានក្នុងបឹងទន្លេសាប និងជីវិតមនុស្ស។ បន្ថែមពីនោះ សំរាមប្លាស្ទិកក៏ជារូបភាពមិនល្អដែលប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។ រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងបែបនេះ ពេលដែលចូលរួមក្នុងពិធីបើកសម្ពោធជាផ្លូវការនៃ គម្រោង អ ឬ Project R នៅអនុវិទ្យាល័យចុងឃ្នៀសនាថ្ងៃទី២៩ កុម្ភៈ។
លោក នេត្រ ភក្ដ្រា ថ្លែងទៅកាន់សិស្សានុសិស្សអនុវិទ្យាល័យចុងឃ្នៀសប្រមាណ៣០០នាក់យ៉ាងដូច្នេះថា«បើមានសំរាមប្លាស្ទិកច្រើនក្នុងទន្លេសាប ពេលដែលត្រីហូបប្លាស្ទិក ហើយយើងបរិភោគត្រី ធ្វើឱ្យមានសារធាតុប្លាស្ទិកចូលខ្លួនយើង បង្កជាជំងឺផ្សេងៗ... តាមការសិក្សាស្រាវជ្រាវកន្លងមកនៅក្នុងខ្លួនមនុស្សមានសារធាតុមីក្រូប្លាស្ទិកល្អិតៗ រួចហើយ អ៊ីចឹងដើម្បីទប់ស្កាត់ដោយការបំពុលមីក្រូប្លាស្ទិនតាមរយៈការបរិភោគត្រីនេះទៀត ឈប់បោះប្លាស្ទិកចូលទន្លេសាប»។
ជាមួយគ្នានោះ លោក នេត្រ ភក្ដ្រា បញ្ជាក់ថា ក្រសួងបរិស្ថានគាំទ្រចំពោះគម្រោង និងសកម្មភាពរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដែលបានផ្តួចផ្តើមគំនិតអនុវត្តគម្រោងការអប់រំអំពីប្លាស្ទិកនេះឡើង ក្នុងគោលបំណងផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋលើទម្លាប់នៃការប្រើប្រាស់ប្លាស្ទិកដោយអនុវត្តតាមគោលការណ៍ ៤អ៊ែរ៖ កាត់បន្ថយការប្រើប្រាស់ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងការបដិសេធប្រើប្រាស់ប្លាស្ទិក។
លោក Aviv Palti ស្ថាបនិកអង្គការជឿជាក់លើសិស្សជនបទកម្ពុជា បានឲ្យដឹងថា ក្រៅពីផ្តល់ការអប់រំពីបរិស្ថាន ក្នុងនោះអង្គការលោកក៏ផ្តល់ដបទឹកធ្វើពីអាលុយមីញ៉ូបចំនួន៤ម៉ឺនដប ដែលបាននិងកំពុងចែកចាយដល់សិស្ស និងលោកគ្រូ អ្នកគ្រូនៅអនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ៥៦ នៅជុំវិញទីរួមខេត្តសៀមរាប ក្នុងរយៈពេល២ឆ្នាំទៅមុខ។
យោងតាមរបាយការណ៍ក្រសួងបរិស្ថាន ក្នុងមួយឆ្នាំ កម្ពុជាមានបរិមាណសំរាមប្រមាណជិត៤លានតោន ក្នុងនោះ២០ភាគរយនៃសំណល់សំរាមទាំងនោះ គឺជាសំណល់ថង់ប្លាស្ទិក។ ជាមួយគ្នានេះដែរ ការសិក្សារបស់អ្នកជំនាញរបស់គណៈកម្មការទន្លេមេគង្គ និងការិយាល័យនែកស្រាវជ្រាវគីមីវិទ្យា កាកសំណល់ និងគុណភាពខ្យល់ប្រចាំនៅអាស៊ី និងប៉ាស៊ីហ្វិក របស់កម្មវិធីអង្គការសហប្រជាជាតិ(UNEP) ទៅលើការបញ្ចេញសំណល់ប្លាស្ទិក ដែលបានសិក្សាតាំងពីចុងឆ្នាំ២០១៧មកថា ទន្លេមេគង្គ គឺជាទន្លេមួយក្នុងចំណោមទន្លេចំនួន១០ មានលំហូរសំណល់ប្លាស្ទិកចន្លោះពី៨៨ ទៅ៩៥ភាគរយ ចូលទៅកាន់សមុទ្រពិភពលោក៕
Tag:
សំរាម
ប្លាស្ទិក
នេត្រ ភក្ដ្រា
ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com