ជាតិ
បទវិភាគ
តើការដកហូតដីសម្បទានសេដ្ឋកិច្ចអាចដោះស្រាយបញ្ហាដីធ្លីបានឬទេ?
× ក្រសួងបរិស្ថានបានប្រកាសដកហូតដីពីក្រុមហ៊ុនយ៉ាងហោចណាស់ចំនួនជិត២០ដោយសារការប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍរបស់ខ្លួន។ បញ្ហាដែលបង្កក្តីបារម្ភជាយូរមកហើយដល់សង្គមស៊ីវិល រហូតដល់អ្នករាយការណ៍ពិសេសសហប្រជាតិ លោក សុរិយា ស៊ូប៊ែឌី ផងនោះ ឥឡូវនេះហាក់មានដំណោះស្រាយជាបណ្តើរហើយ។ តើការដកហូតដីសម្បទានទាំងនោះអាចជាដំណោះស្រាយបញ្ហាដីធ្លីដែរឬទេ?
បញ្ហាដីសម្បទានសេដ្ឋកិច្ចជាបញ្ហាធំធេងមួយសម្រាប់ប្រទេសកម្ពុជាក្នុងចំណោមបញ្ហាធំៗដែលកើតមានឡើងយ៉ាងក្តៅគគុក។ មានប្រជាពលរដ្ឋច្រើនណាស់ដែលរងគ្រោះព្រោះក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ និយាយតាមបែបផ្សេងគឺបញ្ហាដីសម្បទានសេដ្ឋកិច្ចនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនខ្លាចរអាការអភិវឌ្ឍ។
ជាទូទៅ ទីណាដែលរដ្ឋាភិបាលផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនឯកជន ទីនោះច្រើនតែផ្ទុះបញ្ហាដោយសារតែវិវាទដីធ្លី និងការបំពានសិទ្ធិប្រជាសហគមន៍។ បញ្ហាដីធ្លីកើតឡើងដោយសារ តែផ្ទៃដីរាប់ម៉ឺនហិកតាដែលរដ្ឋាភិបាលផ្តល់ឲ្យក្រុមហ៊ុនអភិវឌ្ឍនោះតែងប៉ះពារដល់ដីលំនៅដ្ឋាន ឬដីស្រែចម្ការរបស់អ្នកស្រុក។ ម្យ៉ាងទៀត នៅពេលដែលក្រុមហ៊ុនទទួលបានសិទ្ធិកាន់កាប់ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលហើយ ម្ចាស់ក្រុមហ៊ុនតែងបិទសិទ្ធិមិនឲ្យអ្នកស្រុកប្រកបរបរចិញ្ចឹមជីវិតដូចពីមុនបានទៀតឡើយ ពោលគឺការអាស្រ័យផលពីព្រៃឈើដូចជា ការរកជ័រ បោចវល្លិ៍ ឬអនុផលព្រៃឈើផ្សេងទៀត ត្រូវបានហាមឃាត់។
ងាកទៅមើលម្ចាស់ក្រុមហ៊ុនដែលទទួលបានដីសម្បទានវិញ ពួកគេច្រើនតែផ្តើមសកម្មភាពដោយការកាប់ឈើលក់។ នៅកន្លែងខ្លះ ការកាប់ឈើលក់បានចំណូលយ៉ាងស្រួលនិងក្រាស់ក្រែលរួចស្រេចទៅហើយដោយមិនចាំបាច់អភិវឌ្ឍន៍អ្វីឡើយ។ អ៊ីចឹងហើយបានជាមានក្រុមហ៊ុនមួយចំនួន គ្មានបានធ្វើអ្វីទាំងអស់ក្រោយពីកាប់ឈើលក់ពីព្រោះវាគ្រប់ទឹកបាត់ទៅហើយ។ នេះជាចំណុចគ្រោះថ្នាក់មួយដ៏ធំក្នុងបញ្ហាដីសម្បទានសេដ្ឋកិច្ច។ គ្រោះថ្នាក់ដោយសារ ទី១ ប្រជាពលរដ្ឋអស់ដី និងបាត់បង់ផលប្រយោជន៍ ទី២ ព្រៃឈើត្រូវបានកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្រោមស្លាកអភិវឌ្ឍន៍ និងទី៣ លទ្ធផលដែលទទួលបានពីការអភិវឌ្ឍមានតិចតួចខុសពីការរំពឹងទុក។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់បញ្ហានេះ ហើយបានចេញបទបញ្ជាជាច្រើនលើកឲ្យរឹបអូសដីសម្បទានពីក្រុមហ៊ុនណាដែល«ធ្វើនំឥតម្យ៉ៅ» មកវិញ។ តាមរយៈបទបញ្ជានេះ មានក្រុមហ៊ុនជាច្រើនត្រូវបានរដ្ឋដកហូតអាជ្ញាប័ណ្ណជាបណ្តើររួចមកហើយ។ ក្រោយពេលលោក សាយ សំអាល់ ឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងបរិស្ថាន វិធានការរឹបអូសដីពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចកំពុងបន្តធ្វើបន្ថែមទៀត។ វិធានការនេះគឺជាផ្នែកមួយដើម្បីរឹតបន្តឹងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ប៉ុន្តែ វាមិនមែនជាទណ្ឌកម្មទេសម្រាប់ក្រុមហ៊ុនខ្លះដែល«គ្រប់ទឹក»ដោយសារតែការលក់ឈើរួចទៅហើយនោះ។
ការគ្រប់គ្រងមិនបានល្អទៅលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចត្រូវគេមើលឃើញជាទូទៅថា មានប្រភពចេញពីការឃុបឃិតរបស់ក្រសួងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាល។ មន្ត្រី«ពុករលួយ»មួយចំនួននោះបានព្យាយាមជួយសម្រួលឲ្យក្រុមហ៊ុនទទួលបានដីសម្បទានជាថ្នូរនឹងកម្រៃជើងសារយ៉ាងសន្ធឹកសន្ធាប់។ តើគេអាចដោះស្រាយបញ្ហាម្តេចបានបើមានការឃុបឃិតបែបនេះ? នៅពេលដែលគ្មានដំណោះស្រាយ បញ្ហាក៏បានផ្ទុះឡើងជាបន្តបន្ទាប់ចេញពីអ្នករងគ្រោះគឺប្រជាពលរដ្ឋសហគមន៍នេះឯង។
ដូច្នេះ ដើម្បីដោះស្រាយបញ្ហាដីសម្បទានសេដ្ឋកិច្ច រដ្ឋាភិបាលគួរតែផ្តើមពីការគាស់រំលើងបណ្តាញឃុបឃិតក្នុងរឿងនេះឲ្យបានពីព្រោះ បណ្តាញនោះហើយដែលជាប្រភពនៃបញ្ហាពិបាកដោះស្រាយ។ ក្រៅពីនោះ រដ្ឋាភិបាលត្រូវសិក្សាអំពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ទៅលើមនុស្សនិងទៅលើបរិស្ថានមុននឹងផ្តល់ដីសម្បទានសេដ្ឋកិច្ចពីព្រោះក្រោមរូបភាពនៃដីសម្បទានសេដ្ឋកិច្ច ឈ្មួញជាច្រើនបានកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនិងបានប្រមូលប្រាក់ពីធនធានធម្មជាតិក្នុងដែនដីរបស់ខ្លួនយ៉ាងក្រាស់ក្រែល។
អ្វីដែលគួរឲ្យកត់សម្គល់ម្យ៉ាងទៀតគឺ នៅកម្ពុជារដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចរាប់ម៉ឺនហិកតាដល់ក្រុមហ៊ុននីមួយៗ ខណៈដែលពលរដ្ឋជាច្រើនខ្វះដីសម្រាប់ស្នាក់នៅនិងបង្កបង្កើនផល។ ដូច្នេះ ទន្ទឹមនឹងការដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជន ដីទាំងនោះ មួយចំនួនគួរតែក្លាយជាដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនពលរដ្ឋដែលខ្វះដីធ្លី។ ប្រសិនបើអាចធ្វើដូច្នេះបាន និងប្រសិនបើគ្មានគម្រោងអភិវឌ្ឍថ្មីណាបំពានលើដីកម្មសិទ្ធិរបស់ពលរដ្ឋទៀតទេនោះ បញ្ហាដីធ្លីទំនងជាអាចឈានដល់ទីបញ្ចប់បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com