អន្តរជាតិ
នយោបាយអន្តរជាតិ
ព្រឹទ្ធសមាជិកអាមេរិកប្រឆាំងទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ជុំវិញសំណុំរឿងនុយក្លេអ៊ែរ
×
មហាអំណាច៥ បូកអាល្លឺម៉ង់ កំពុងបន្តការងាររបស់ពួកគេដោយជជែកពិភាក្សាជាមួយរដ្ឋាភិបាលអ៊ីរ៉ង់លើកម្មវិធីនុយក្លេអ៊ែរ បើទោះជាផ្លែផ្កាមានតិចតួចក៏ដោយ។ ដោយសារការជាប់គាំងក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នេះ លោកខាងលិចជាពិសេសសហរដ្ឋអាមេរិកប៉ងដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ទៀត បន្តែគេឃើញសមាជិកព្រឹទ្ធសភាអាមេរិកខ្លះ បានបង្ហាញជំហរប្រឆាំងការដាក់ទណ្ឌកម្មថ្មី។
កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ
សមាជិកសភាអាមេរិកជាច្រើននាក់ បានបង្ហាញជំហរប្រឆាំងការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលអ៊ីរ៉ង់ ក្រោយសហរដ្ឋអាមេរិក ចង់ដាក់ទណ្ឌកម្មបន្ថែម ដោយសារតែការចរចាគ្នាលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នៅជាប់គាំងមិនមានផ្លែផ្កាទៅមុខនោះ។
ទាក់ទិននឹងការប្រឆាំងការដាក់ទណ្ឌកម្មជាថ្មីនេះ កាលពីម្សិលមិញ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋប្រហែល១០នាក់ និងសមាជិកព្រឹទ្ធសភាឯករាជ្យម្នាកផងនោះ បានបញ្ចេញដំណោះស្រាយរបស់ពួកគេ ដែលប្រឆាំងការដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់។ ក្នុងដំណោះស្រាយនោះ គេឃើញមានការលើកឡើងថា ការអនុម័តដាក់ទណ្ឌកម្មបន្ថែមមុនពេលដល់ថ្ងៃកំណត់នៃការចរចានោះ នឹងធ្វើអោយខូចប្រយោជន៍ ជាពិសេសប៉ះពាល់ដល់ការប្រឹងប្រែងរបស់គូភាគី ក្នុងការសម្រេចអោយបានកិច្ចព្រមព្រៀងមួយគ្រប់ជ្រុងជ្រោយ។
ព្រឹទ្ធសមាជិកលោកស្រី Dianne Feinstein បានបង្ហាញពីការជំទាស់ការដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៊ីរ៉ង់ដោយលោកស្រីលើកឡើងពីផលអវិជ្ជមាន នៃការដាក់ទណ្ឌកម្មនេះផងដែរ។
យ៉ាងណាក៏ដោយគណកម្មាធិកាធនាគារនៃព្រឹទ្ធសភាអាមេរិក គ្រោងនឹងរៀបចំការបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់មួយថ្មីទៀត នៅថ្ងៃព្រហស្បតិ៍ខាងមុខ ដែលច្បាប់នេះមានគោលបំណងរឹតបន្តឹងទណ្ឌកម្ម ប្រឆាំងរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ប្រសិនបើការចរចាលើបញ្ហានុយក្លេអ៊ែរបរាជ័យ។ សេចក្តីព្រាងច្បាប់ដែលនឹងត្រូវលើកយកមកបោះឆ្នោតអនុម័តនេះ ត្រូវបានស្នើឡើងក្នុងឆ្នាំ២០១៣ ប៉ុន្តែច្បាប់នេះមិនអាចត្រូវបានគេយកមកអនុម័តឡើយ ដ្បិតកាលនោះសមាជិកសភាគណបក្សប្រជាធិបតេយ្យ ភាគច្រើនកំពុងកាន់កាប់អាសនៈសភាទាំងពីរ ជាពិសេសព្រឹទ្ធសភា ហើយរដ្ឋាភិបាលលោក អូបាម៉ា ក៏មិនចង់អោយមានការដាក់ទណ្ឌកម្មបន្ថែមទៀតដែរ។
កាលពីថ្មីៗកន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក អូបាម៉ា បានស្នើសុំសភាដែលមានអាសនៈច្រើនស្ថិតក្រោមការកាន់កាប់ របស់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ កុំសម្រេចដាក់ទណ្ឌកម្មបន្ថែមប្រឆាំងអ៊ីរ៉ង់ទៀត ហើយលោកបញ្ជាក់ថាលោកនឹងប្រើសិទ្ធិជំទាស់ទាត់ចោលច្បាប់នេះ ប្រសិនបើមានការអនុម័តមែននោះ។
ការចរចាលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ កំពុងបន្តដោយមានការចូលរួមពីបណ្តាប្រទេសមហាអំណាច ៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បួករួមជាមួយអាល្លឺម៉ង់ផងដែរ។ បច្ចុប្បន្ននេះបណ្តាប្រទេស ទាំងនេះ កំពុងស្វះស្វែងដើម្បីសម្រេចអោយបាននូវកិច្ចព្រមព្រៀងនយោបាយរួមគ្នាមួយអោយបានមុនថ្ងៃទី១ខែមិនា ហើយធ្វើយ៉ាងណាត្រូវឯកភាពគ្នាលើចំណុចសំខាន់ផ្សេងទៀត ទាក់ទិនបញ្ហាបច្ចេកទេសផងដែរ។
យ៉ាងណាក៏ដោយ ចាប់តាំងពីកិច្ចព្រមព្រៀងបណ្តោះអាសន្នក្រុងហ្សឺណែវ ត្រូវបានគេឯកភាពគ្នាកាលពីឆ្នាំ២០១៣ បណ្តារដ្ឋជាភាគីបានបរាជ័យក្នុងការសម្រេច និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយ២លើករួចមកហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com