អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រឿង​អ៊ុយ​ក្រែ​ន អឺរ៉ុប​ចង់​ឲ្យ​សន្តិភាព​មាន​លើដី តែ​មិនមែន​លើ​បបូរមាត់
09, Feb 2015 , 4:44 pm        
រូបភាព
ប្រមុខរដ្ឋ​រុស្ស៊ី បារាំង អ៊ុន​ក្រែ​ន និង​អធិការបតី​អាល្លឺម៉ង់ បានប្រកាស​ត្រៀម​ជួបគ្នា​ជាថ្មីទៀត​នៅ​ក្រុង​មិន​ស្គ៍ (Minsk) នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ ដើម្បី​រក​ផ្លូវ​បញ្ចប់​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន។ ការប្រកាស​ព្រម​គ្នា​យ៉ាង​ដូច្នេះ គឺធ្វើឡើង​ដោយ​អ្នកនាំពាក្យ​និង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​មហាអំណាច​ទាំងនេះ ដើម្បី​ប្រមូលគ្នា​ចូល​តុ​ចរចា​ឡើងវិញ ដែល​នេះ​ធ្វើឡើង​ក្រោយ​ការចរចា​លើក​មុន​កាលពី​ខែកញ្ញា​ឆ្នាំមុន​នោះ ហាក់​មិនមាន​សម្រេច​ផល​អ្វី​ជា​ដុំកំភួន។



មិន​មានការ​វិវឌ្ឍន៍​លក្ខណៈ​វិជ្ជមាន​ជា​ដុំកំភួន​ឡើយ​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន ព្រោះថា​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ចេះតែ​បន្ត​តឹងតែងទៅៗ រហូតដល់​មានការ​ប​ញ្ចូ​ន​ទ័ព​ទៅកាន់​តំបន់​ជម្លោះ​កាន់តែច្រើនឡើងៗ ហើយ​គ្រាន់តែ​ជាង២៤ម៉ោង​ម្សិលមិញ​នេះ គឺ​បាន​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា និង​បណ្តាល​ឲ្យ​យ៉ាងហោចណាស់​ទាហាន១២នាក់​ស្លាប់។

ថ្លែងប្រាប់​ទូរទស្សន៍​ប៉េ​ឡា​រ៉ុ​ស លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​មាន​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន ទាល់តែ​គេ​យល់ព្រម​ទទួល​លក្ខខណ្ឌ​មួយចំនួន​សិន​ដែរ។ តែ​លោក​មិនបាន​ប្រាប់​លម្អិត​ថា​លក្ខខណ្ឌ​អ្វីខ្លះ​ដែល​លោក​ចង់បាន​នោះ​នៅឡើយ​ទេ។ចំណែក​លោក​ប្រធានាធិបតី​បារាំង François Hollandeលោកស្រី​អធិការបតី​អាល្លឺម៉ង់​Angela Merkel និង​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Petro Porochenko បាន​ជជែក​គ្នា​មិន​ស្វាង​តាម​ទូរ​សព្ទ តាំងតែ​ពីថ្ងៃ​ព្រហស្បតិ៍ សុក្រ ហើយ​បន្ត​រហូត​គ្មាន​ឈប់សម្រាក​ថៃ្ង​សៅរ៍​អាទិត្យ​សោះ។

បន្ទាប់ពី​មានការ​បាញ់ប្រហារ គ្រាប់​រ៉ុកែត និង​សម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន១២នាក់ ភ្លាមៗនោះ លោក​ប្រធាន​ធិបតី​អ៊ុយ​ក្រែ​ន Petro Porochenko បាន​អំពាវ​វ​នាវ​ឲ្យ​ដាក់​កាំភ្លើង​ចុះ​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប បាន​មូរ​មាត់​គ្នា​ចង្អុលមុខ​រុស្ស៊ី​ថា កាន់តែ​គឃ្លើន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ថែមទៀត​ហើយ។ គេ​ឃើញ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បាន​ចោទ​រុស្ស៊ី​ជា​ប្រទេស​ផ្តាច់ការ​លើសគេ​តាំងពី​ពាក់កណ្តាល​សតវត្ស​ទី២០មក ដោយ​ចេះតែ​ដើរ​ឈ្លានពាន​យក​ទឹកដី​ប្រទេស​គេ។
មានសំឡេង



នៅក្នុង​ថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប​ទាំងឡាយ នឹងត្រូវ​ជួបប្រជុំគ្នា ដើម្បី​កំណត់​បន្ថែម​នូវ​ទណ្ឌកម្ម​ដែល​សភាព​អឺរ៉ុប​ត្រូវ​គិតគូរ​ដាក់​បន្ថែមទៀត​លើ​រុស្ស៊ី ក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន​នេះ។

ទោះយ៉ាងណា​ក្តី លោក​ប្រធានាធិបតី​បារាំង François Hollande បានប្រកាសថា​ស្ថានការណ៍​នៅ​ព្រំដែន​ជម្លោះ​បាន​ធូរ​បន្តិច​ហើយ ដោយ​ភាគី​កងទ័ព​សម្រេច​ទុកចន្លោះ៥០ទៅ៧០គីឡូម៉ែត្រ​ពី​ព្រំដែន​ជម្លោះ រង់ចាំ​លទ្ធផល​ចរចា​ជាថ្មី។ រដ្ឋមន្ត្រីការបរទេស​បារាំង លោក Laurent Fabiusក៏​ប្រកាស​ក្តែងៗដែរ​ថា ៖ «ចំពោះ​រឿង​អ៊ុយ​ក្រែ​ន អ្វីដែល​បារាំង​និង​អាល្លឺម៉ង់​ចង់បាន​សព្វថ្ងៃនេះ គឺ​សន្តិភាព​នៅក្នុង​ដែនដី​ពិតប្រាកដ មិនមែន​សន្តិភាព​នៅលើ​សន្លឹក​ក្រដាស ឬ​លើ​បបូរមាត់​នោះទេ»។

ទោះយ៉ាងណា​ក៏ដោយ គេ​នឹង​រង់ចាំ​មើលថា ជំនួប​លើក​ទី​ពីរ​ថ្ងៃ​ពុធ​ទី១១កុម្ភៈ​ខាងមុខនេះ នឹង​នាំ​ផល​យ៉ាងណា​ដល់​ជោគវាសនា​អ៊ុយ​ក្រែ​ន ជុំវិញ​សំណុំរឿង​ដែនដី​គ្រី​មេនោះ។

គួរ​ជម្រាបជូន​ផងដែរ​ថា តាម​ការគ្រោងទុក ក្រៅពី​ប្រមុខ​ដឹកនាំ​រុស្ស៊ី បារាំង អាល្លឺម៉ង់ អ៊ុន​ក្រែ​ន ក៏​នឹងមាន​តំណាង​ពី​អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប និង​ក្រុម​អ្នកដឹកនាំ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​រណប​រុស្ស៊ី នឹងចូលរួម​ទៅ​កិច្ចប្រជុំ នៅ​ក្រុង​មិន​ស្ត៍​នោះដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com