ជាតិ
ក្រសួង និង​NGOs មកពី​ប្រទេស​ចំនួន​៥ ជជែក​គ្នា​ពី​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន
28, Oct 2016 , 10:39 pm         4162
រូបភាព
លោក តឹក វណ្ណារ៉ា ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតនៅសណ្ឋាគារសុខាភ្នំពេញ
លោក តឹក វណ្ណារ៉ា ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតនៅសណ្ឋាគារសុខាភ្នំពេញ
​ភ្នំពេញ​៖ ក្រសួង​ចំនួន​១០ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០ មកពី​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម និង​កម្ពុជា បានរៀបចំ​សិក្ខា​ស្តីពី​៖ សំណៅ​ពង្រាង​គោលការណ៍​ណែនាំ​អំពី​ការចូលរួម​ជា​សាធារណៈ វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ដើម្បី​ក្លាយជា​គោលការណ៍​រួមមួយ ដាក់​ទៅ​រដ្ឋាភិបាល​ទាំង​៥​ប្រទេស​ខាងលើ ឲ្យ​គិតគូរ​ពី​ប៉ះពាល់​ពល​សង្គម និង​បរិស្ថាន មុននឹង​វិនិយោគ​នៅ​តំបន់​ណាមួយ​។
 


​លោក តឹក វណ្ណា​រ៉ា សមាជិក​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់ ស្តីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​ជា​ប្រធាន​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា​(NGOs Forum)  បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៨ តុលា ថា សំណៅ​ពង្រាង​គោលការណ៍​ណែនាំ​នេះ នឹងត្រូវ​ដាក់​ទៅ​អន្តររដ្ឋាភិបាល​នៅ​ចុងឆ្នាំ​២០១៧ ដោយមាន​ការដាក់បញ្ចូល​ចំនុច​សំខាន់ៗ​ដូចជា​៖ ទីមួយ គឺ​ការចូលរួម​របស់​ប្រជាជន តាំងពី​ដំណាក់កាល​ដំបូង​រហូតដល់​បញ្ចប់​របាយការណ៍​EIA(​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​)​របស់​គម្រោង​នីមួយៗ​។ ទី​ពីរ​៖ ជំរុញ​ឲ្យ​មានការ​ពិភាក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ជាមួយ​ពលរដ្ឋ ស្តីពី​ការពិគ្រោះ​យោបល់​នីមួយៗ ដោយ​ម្ចាស់​គម្រោង​ត្រូវយក​សំឡេង​ប្រជាជន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។ និង​ទី​៣ ត្រូវ​ធានា​ឲ្យ​អ្នកពាក់ព័ន្ធ​បាន​ចូលរួម​ជា​អតិ​ប​មា ក្នុងការ​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើ​គម្រោង​ទាំងឡាយ​។ លោក តឹក វណ្ណា​រ៉ា សង្កត់ធ្ងន់ថា សំណៅ​ពង្រាង​នេះ មិនមែនជា​ច្បាប់​ចាប់បង្ខំ​អន្តររដ្ឋាភិបាល​ឲ្យ​យកទៅ​អនុវត្តន៍​នោះទេ ប៉ុន្តែ គោលការណ៍​ណែនាំ​នេះ នឹង​ជូន​ដល់ដៃ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ដោយ​លើកទឹកចិត្ត​ឲ្យ​អន្តររដ្ឋាភិបាល​យកទៅ​អនុវត្តន៍​។   លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​តាមរយៈ​គោលការណ៍​ណែនាំ​រួម​នេះ ពេល​អនុម័ត​រួច យើង​នឹង​យកទៅ​ជូន​អន្តររដ្ឋាភិបាល​តំបន់​ទន្លេមេគង្គ​ទាំង​៥​ប្រទេស ហើយ​លើក​ទឹក​ឲ្យ​ប្រទេស​នីមួយៗ យកទៅ​ធ្វើការ​សិក្សា ឬ​បញ្ជ្រាប​នៅក្នុង​គោលនយោបាយ​ជាតិ ឬ​ច្បាប់​ជាតិ ដើម្បី​ឲ្យ​មានការ​អនុវត្តន៍​លើ​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន របស់​គម្រោង​វិនិយោគ​នីមួយៗ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​»​។ 

​ទាក់ទង​នឹង​បញ្ហា​នេះ លោក ស៊ូ សូ​វុ​ធ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា ថា ការចូលរួម​ជា​សាធារណៈ​របស់​ពលរដ្ឋ​ចំពោះ​គម្រោង​វិនិយោគ គឺមាន​សារសំខាន់ ពីព្រោះ ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ជីវភាព​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ លោក​បន្តថា រដ្ឋាភិបាល នឹង​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ មុន​អនុញ្ញាត​ឲ្យ​មានការ​វិនិយោគ​គម្រោង​ទាំងឡាយ​នៅ​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កន្លងមក កម្ពុជា​បានធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​(EIA) ពីព្រោះ វា​ជា​ល័​ក្ខ​ខណ្ឌ​មួយ​ចាំបាច់​របស់​ក្រុមហ៊ុន ដោយ​មុន​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ ក្រសួង​ត្រូវ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​ពី​ផលប៉ះពាល់​បរិស្ថាន​»​។ លោក​បន្តថា ក្រសួងបរិស្ថាន មានការ​សម្របសម្រួល​រវាង​អ្នកវិនិយោគ និង​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គម្រោង​វិនិយោគ​ទាំងឡាយ មាន​ផលប្រយោជន៍​ដល់​ពលរដ្ឋ និង​អ្នកវិនិយោគ​។

​យ៉ាងណាក៏ដោយ លោក ចឺន ណា​ម ជនជាតិដើម​ភាគតិច​ព្នង​មកពី​ឃុំ​ដាក់​ដាំ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រាល់​ការវិនិយោគ​ទាំងឡាយ​នៅ​ឃុំ​របស់លោក គឺ​លោក​មិនដែល​បានឃើញ​ក្រុមហ៊ុន​ណា មក​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​នោះឡើយ​។ កំពុង​ចូលរួម​សិក្ខាសាលា​ខាងលើនេះ​ដែរនោះ លោក ចឺន ណាយ បាន​បញ្ជាក់ថា កន្លងមក នៅ​មូលដ្ឋាន​របស់លោក មាន​ក្រុមហ៊ុន​រុករក​រ៉ែ​របស់​វៀតណាម  បានធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ និង​ចម្ការ​ជនជាតិដើម​ភាគតិច​ព្នង​ជាច្រើន​ហិច​តា​។ និយាយ​បណ្តើរ​រក​នឹក​បណ្តើរ បុរស​វ័យ​៥៣​ឆ្នាំ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​រុករក​រ៉ែ​របស់​វៀតណាម បាន​ចូលមក​ធ្វើ​អាជីវកម្ម​នៅ​ភូមិ​ឃុំ​របស់ខ្ញុំ ដោយ​មិនបាន​ប្រាប់​ពលរដ្ឋ​មុន​នោះទេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ និង​ចម្ការ​របស់​គ្រួសារ​ខ្ញុំ និង​អ្នកភូមិ​របស់ខ្ញុំ​ខ្លះទៀត​។ មាន​សំលៀកបំពាក់​ចាស់ៗ បុរស​សម្បុរ​ខ្មៅ និង​មាន​ស្បែក​ជ្រាវ​ជ្រួញ​រូបនេះ បាន​សំណូមពរ​ដល់​រដ្ឋាភិបាល ឲ្យ​ជំរុញ​ក្រុមហ៊ុន​ទាំងឡាយ ដែល​ចង់​ចូលទៅ​រកស៊ី​នៅ​តំបន់​ឃុំ​ដាក់​ដាំ ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ម្ចាស់​ស្រុក មុន​ធ្វើការ​វិនិយោគ​ផ្សេងៗ​៕  

Tag:
 តឹក វណ្ណា​រ៉ា​
 ​ ស៊ូ សូ​វុ​ធ​
 ​ បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ