ជាតិ
​​​ន​យោ​បាយ​ជាតិ​
សំណុំរឿង​ឯកឧត្តម សម រង្ស៊ី ដែល​ប្តឹង​ដោយ​សម្តេច ហ៊ុន សែន ត្រូវបាន​បញ្ជូនទៅ​កាត់ក្តី​
04, Nov 2016 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ព្រះរាជអាជ្ញា បានសម្រេច​បញ្ជូន​សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី ទៅ​ជំនុំជម្រះ​ផ្ទាល់ កាលពីពេល​ថ្មីៗ​នេះ​។ សម្តេច ហ៊ុន សែន បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ដែល​ចោទ​រដ្ឋាភិបាល​ថា នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក កែម ឡី​។  



​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំ​ដូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ដោយ​សម្តេច ហ៊ុន សែន ទៅ​ជំនុំជម្រះ​តែម្តង ដោយ​មិន​ឆ្លងកាត់​ដំណាក់កាល​នៃ​ការ​ស៊ើបសួរ​នោះទេ​។ លោក លី សុ​ផា​ណា ដែលជា​អ្នក​កាន់​សំណុំ​រឿងនេះ បាន​ចោទ​ឯកឧត្តម សម រង្ស៊ី ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។

​ទាក់ទង​នឹង​កាលបរិច្ឆេទ​នៃ​ការជំនុំជម្រះ លោក លី សុ​ផា​ណា មិនបាន​បញ្ជាក់​នោះទេ​។​

​ការរង​បទ​ចោទ​បែបនេះ គឺ​ដោយសារតែ​ឯកឧត្តម សម រង្ស៊ី បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទ​រដ្ឋាភិបាល ថា​នៅ​ពីក្រោយ​ខ្នង នៃ​អ​ពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន ក៏បាន​ពឹងពាក់​លោក​មេធាវី គី តិច ដើម្បី​ប្តឹង​ឯកឧត្តម សម រង្ស៊ី ចំពោះ​ការចោទប្រកាន់​ខាងលើ​។​

​ក្រៅពី​ប្តឹង​ឯកឧត្តម សម រង្ស៊ី លោក គី តិច ក៏បាន​ប្តឹង​លោកស្រី ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ថែមទៀត​។ លោក គី តិច បាន​ប្តឹង​លោកស្រី​ថាក់ ឡា​នី ដោយយោង​ទៅលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​ត្រូវបាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​បើតាម​វីដេអូ​ឃ្លា​ប​នោះ លោកស្រី ថាក់ ឡា​នី បាន​និយាយថា សម្តេច ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ក្រោយមក តុលាការ ក៏បាន​ចោទ​លោកស្រី ដូច​ទៅនឹង​បទ​ចោទ​របស់​ឯកឧត្តម សម រង្ស៊ី ដែរ​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក​ស្រី ថាក់ ឡា​នី រួចហើយ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ប៉ុន្តែ ចៅក្រម​ជំនុំជម្រះ មិនទាន់​ប្រកាស​សាលក្រម​នោះទេ ដោយ​រង់ចាំ​ប្រកាស​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ឯណោះ​៕


Tag:
 សម រង្ស៊ី​
  តុលាការ​
  លី សុ​ផា​ណា​
  កាត់ទោស​
© រក្សាសិទ្ធិដោយ thmeythmey.com