ជាតិ
ចាប់ពីឆ្នាំ១៩៩៧ មក អ្នកដោះមីន៣១នាក់ បានពលីជីវិតក្នុងប្រតិបត្តិការ
× អ្នកដោះមីន៣នាក់ នៃអង្គការដោះមីនកម្ពុជា (CSHD) បានពលីជីវិតដោយការផ្ទុះមីនតោនក្នុងកិច្ចប្រតិបត្តិការប្រមូល និងកម្ទេចគ្រាប់ កាលពីថ្ងៃទី១០ ខែមករា នៅភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានសំដែងការសោកស្តាយចំពោះការបាត់បង់វីរជនក្លាហានទាំង៣រូប ដែលធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងប្រតិបត្តិការឡើងដល់៣១នាក់ ក្នុងចំណោមអ្នករងគ្រោះថ្នាក់១៥៤នាក់ បើគិតចាប់តាំងពីឆ្នាំ១៩៩៧មក។
«ការងារដោះមីន អាចផ្លាស់ប្តូរក្នុងរយៈពេលតិចជាងមួយវិនាទី ដែលធ្វើឲ្យអ្នកដោះមីនអាចបាត់បង់ជីវិត ធ្លាក់ខ្លួនពិការ និងបាត់បង់មនុស្សជាទីស្រឡាញ់»។ នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ ក្រោយករណីស្លាប់អ្នកដោះមីន៣នាក់របស់អង្គការ CSHD ក្នុងប្រតិបត្តិការនៅភូមិសាស្រ្តភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អនុប្រធានទី១នៃអាជ្ញាធរមីន បានចាត់ទុក លោក ស៊ុន វង្ស លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ ជាវីរជន ដោយពួកបានបម្រើការងារបោសសម្អាតមីនមនុស្សធម៌រយៈពេលជិត១០ឆ្នាំនេះ រហូតដល់លះបង់ជីវិតរបស់ខ្លួន ដើម្បីធ្វើឱ្យអ្នកដទៃមានសុវត្ថិភាព។
លោក លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពរបស់អ្នកដោះមីនទាំងអស់ដែលបានលះបង់ និងបំពេញការងារទាំងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ក្រោមពន្លឺថ្ងៃក្តៅ តាមវាលស្រែ និងព្រៃភ្នំ ដើម្បីចូលរួមបង្កើតនូវពិភពលោកមួយ ពោរពេញដោយសុវត្ថិភាពសម្រាប់សហគមន៍ និងប្រទេសជាតិ ក៏ដូចជាមនុស្សគ្រប់រូប។
«ទោះបីការបាត់បង់ជីវិត ឬ ពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល»។ លោកបានបញ្ជាក់យ៉ាងដូច្នេះ ដោយអះអាងថា បើគិតចាប់ពីឆ្នាំ១៩៩៧ មក អ្នកដោះមីនដែលគ្រោះថ្នាក់ក្នុងកិច្ចប្រតិបត្តិការ បានបាត់បង់ជីវិត ពិការ និងរបួសសរុបចំនួន១៥៤ នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន៣១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com