COVID-19
អន្តរជាតិ
ជប៉ុន ​បន្តរឹតបន្តឹងព្រំដែនដល់ចុងខែកុម្ភៈ ដើម្បីទប់ស្កាត់ករណីឆ្លងវីរុសអូមីក្រុង
12, Jan 2022 , 9:29 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ។ រូបភាព៖ AFP
ដោយ:
នាយករដ្ឋមន្រ្តីជប៉ុន ​គីស៊ីដា​ ហ្វូមីអូ នៅថ្ងៃទី១១ ខែមករា ​បានប្រកាសថា ជប៉ុននឹងបន្តរក្សាការរឹតត្បិតព្រំដែនខ្លួនរហូតដល់ចុងខែកុម្ភៈ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងខ្លួន អូមីក្រុង។ ក្រោមការរឹតបន្តឹងព្រំដែន ​ករណីពិសេសមួយចំនួន ទាក់ទងនឹងបញ្ហាមនុស្សធម៌ និងផលប្រយោជន៍ជាតិ នឹងត្រូវយកទៅពិចារណា។

 

ចាប់តាំងពីវីរុសបំប្លែងខ្លួន អូមីក្រុង ផ្ទុះឡើង កាលពីចុងឆ្នាំ២០២១មក ​ជប៉ុន បានអនុម័តវិធានការរឹតបន្តឹងព្រំដែនដ៏តឹងរ៉ឹងបំផុត នៅលើពិភពលោក ដោយហាមឃាត់អ្នកដំណើរបរទេស ​ដោយរួមទាំងសិស្ស ​សមាជិកគ្រួសារជាជនបរទេសរបស់ប្រជាជនជប៉ុន និងអ្នករស់នៅអចិន្ត្រៃយ៍ លើកលែងតែករណីពិសេស។​  

«អរគុណដល់វិធានព្រំដែនដ៏តឹងតែងបំផុត ​នៅក្នុងក្រុមប្រទេសមានឧស្សហកម្មជឿនលឿន​ទាំង៧​(G7)»។ នាយករដ្ឋមន្រ្តីជប៉ុន លោក ​គីស៊ីដា​បានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាន ដោយបន្ថែមថា ការបិទព្រំដែន ធ្វើឱ្យជប៉ុន អាចទប់ស្កាត់ករណីឆ្លងនៃវីរុសអូមីក្រុងឱ្យស្ថិតក្នុងកម្រិតទាប និងអាចឱ្យជប៉ុនមានពេលរៀបចំខ្លួន ទប់ស្កាត់ករណីឆ្លងក្នុងស្រុក។ 
 
ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះ បានបន្តថាជប៉ុននឹងបន្តអនុវត្តវិធានការក្នុងពេលបច្ចុប្បន្នរហូតដល់ចុងខែកុម្ភៈ ហើយករណីទាក់ទិននឹងមនុស្សធម៌ រួមទាំងផលប្រយោជន៍ជាតិ នឹងត្រូវទុកពិចារណា។ 
 
ទាក់ទងនឹងវិធានការរឹតបន្តឹងនេះដែរ​ អ្នកដំណើរពីបរទេសដែលអនុញ្ញាតឱ្យចូលក្នុងទឹកដីជប៉ុនតម្រូវដាក់ឱ្យធ្វើចត្តាឡីស័កដ៏តឹងរ៉ឹងបំផុតរយៈពេល៦ថ្ងៃ ដោយអ្នកទាំងនោះ ភាគច្រើនជាជនជាតិជប៉ុន និងអ្នករស់នៅក្នុងទឹកដីជប៉ុន មុនបានអនុញ្ញាតឱ្យចត្តាឡីស័កតាមផ្ទះ។
 
វិធានការនេះ ​បានបណ្តាលឱ្យផ្ទុះការតវ៉ា និងការដាក់ញត្តិអំពាវនាវឱ្យមានការផ្លាស់ប្តូរ ជាពិសេសដើម្បីកាត់បន្ថយរយៈពេលបែកគ្រួសារ។ នៅថ្ងៃទី១១ ខែមករា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រដ្ឋាភិបាលកំពុងពិចារណាលុបវិធានមួយចំនួន នៅក្នុងករណីពិសេស។
 
នៅសប្តាហ៍មុន ​អត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មី បានហក់ឡើងខ្លាំង ជាពិសេសនៅមូលដ្ឋានយោធាអាម៉េរិក ដែលធ្វើឱ្យជប៉ុន បានដាក់កម្រិតអាសន្នឡើងវិញ ក្នុងតំបន់ចំនួន ៣កន្លែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃករណីឆ្លង។ ការរឹតត្បិតនោះមាននៅក្នុងខេត្ត Okinawa, ខេត្ត Yamaguchi និងក្រុង Hiroshima។ ទន្ទឹមនេះ ជប៉ុន ក៏ចង់ពន្លឿនការផ្តល់វ៉ាក់សាំងដូសទី៣ ដល់ប្រជាជនខ្លួនផងដែរ។ គិតត្រឹមថ្ងៃទី១១ខែមករា​ ​ជប៉ុនមានករណីឆ្លងជំងឺកូវីដ-១៩ សរុប ជិត២លានករណី និងអ្នកស្លាប់ជិត ២ម៉ឺននាក់៕

Tag:
 ជប៉ុន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com