ជាតិ
​​​ន​យោ​បាយ​ជាតិ​
អង់គ្លេសរំពឹងពង្រឹងដៃគូសន្ទនាថ្មីថ្មោងជាមួយអាស៊ានតាមរយៈ«ប្រធានប្តូរវេនកម្ពុជា»
12, Jan 2022 , 12:47 pm        
រូបភាព
លោកស្រីរដ្ឋមន្ត្រី Milling  ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថ្ងៃ ១១ ខែមករា។ រូបភាពពីក្រសួងការបរទេស
លោកស្រីរដ្ឋមន្ត្រី Milling ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថ្ងៃ ១១ ខែមករា។ រូបភាពពីក្រសួងការបរទេស
ភ្នំពេញ៖ តួនាទីរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ ២០២២នេះ នឹងជួយដល់អង់គ្លេសក្នុងការផ្សាភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាស៊ានក្នុងនាមជាដៃគូសន្ទនាថ្មីថ្មោង។ នេះបើតាមការលើកឡើងរបស់លោកស្រី Amanda Milling រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ី ហើយលោកស្រីក៏រំពឹងថា ផែនការសកម្មភាពមួយនឹងត្រូវអនុម័តក្នុងឆ្នាំនេះ ដើម្បីគូសវាសទិសដៅនៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ានផងដែរ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ីលោកស្រី Milling បានផ្តល់យោបល់ថា ចំណងមិត្តភាពទ្វេភាគីជាមួយកម្ពុជាកាន់តែលូតលាស់ និងរឹងមាំ រាប់ចាប់ពីអង់គ្លេសបើកស្ថានទូតនៅកម្ពុជា ៣០ ឆ្នាំមុន។
លោកស្រីរៀបរាប់ ភាពរឹងមាំ និងរីកចម្រើននេះស្តែងឡើងតាមរយៈសកម្មភាពការទូត និងទស្សនកិច្ចជាច្រើនហូរហែរ។ បើតាមលោកស្រី គ្រាន់តែក្នុងរយៈពេល ១២ខែ ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អង់គ្លេសមកទស្សនកិច្ចកម្ពុជាច្រើនលើកក្នុងនោះមានទាំងរដ្ឋមន្ត្រីការបរទេសអង់គ្លេសផង ដែលវាបានបង្ហាញឱ្យឃើញថា អង់គ្លេសចាត់ទុកកម្ពុជាជាដៃគូសំខាន់មួយ។ 
 
«បើក្រឡេកទៅមើលកាលពីខែមិថុនា អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងរួចទៅហើយថា អង់គ្លេសឱ្យតម្លៃខ្លាំងលើចំណងមិត្តភាពទ្វភាគីនេះ។ ឥឡូវនេះដំណើរទស្សនកិច្ចប្រចាំតំបន់លើកដំបូងប្រចាំឆ្នាំ២០២២ គឺមកកាន់កម្ពុជាទៀត»។ រដ្ឋមន្ត្រីអង់គ្លេសរៀបរាប់បែបនេះ។
 
សម្រាប់លោកស្រី ការឈានទៅពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀតជាកិច្ចការដែលអង់គ្លេសកំពុងធ្វើ ហើយ  វិស័យសំខាន់ៗជាច្រើនទៀតអាចសហការគ្នាបានមានវិស័យអប់រំ ការផ្ទេរជំនាញបច្ចេកទេស បញ្ហាបរិស្ថាន ការបោសសម្អាតមីន និងវិស័យសុខាភិបាលជាដើម។ 
 
ដោយសារតែកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំនេះ វាកាន់តែចាំបាច់ថែមទៀតដែលអង់គ្លេសត្រូវ បង្កើនការសន្ទនាជាមួយកម្ពុជា។ ក្នុងនាមជាអ្នកការទូតជាន់ខ្ពស់ម្នាក់ លោកស្រីក៏រំពឹងធ្វើការងារច្រើនទៀតជាមួយកម្ពុជាដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីផង និងក្របខណ្ឌអាស៊ានផង។ 
តាមពិតទៅ ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារយៈពេលពីថ្ងៃ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី Milling បានជួបជាមួយភាគីជាច្រើន ក្នុងគោលដៅលើកស្ទួយចំណងមិត្តភាពទ្វេភាគី ជាពិសេសលើការអបរំផ្នែកវិទ្យាសាស្ត្រសម្រាប់ក្មេងស្រី និងស្រ្តី ការលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងកិច្ចសហការដោះស្រាយបញ្ហាប្រឈមរួមនានាមានទាំងជំងឺកូវីដ ១៩ និង ការប្រែប្រួលអាកាសធាតុផង។ 
 
ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកស្រីរដ្ឋមន្ត្រី Milling  ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដោយក្នុងកិច្ចពិភាក្សានោះផ្តោតលើទំនាក់ទំនងទ្វេភាគី និងស្វែងរកការកិច្ចសហប្រតិបត្តិការបន្ថែមបញ្ហានានាក្នុងនាមកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំនេះ។ 
 
លោកស្រីលើកឡើងថា ក្នុងនាមជាដៃគូសន្ទនាថ្មី អង់គ្លេសគាំទ្រកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយកម្ពុជា ពង្រឹងពាណិជ្ជកម្ម ស្វែងរកដំណោះស្រាយបញ្ហាប្រឈមធំតំបន់ និងឆ្ពោះទៅស្តារឡើងវិញផ្នែកសេដ្ឋកិច្ចនិងសង្គម ឱ្យបានប្រសើរជាងមុនក្រោយក្រោយកូវីដ ១៩ ផុតរលត់ទៅ។
 
អង់គ្លេសរំពឹងអនុម័តបានផែនការសកម្មភាពក្រោមការដឹកនាំរបស់កម្ពុជាជាប្រធានអាស៊ាន 
 
តាមពិតទៅទស្សនកិច្ចរបស់អ្នកការទូតអង់គ្លេសមកកាន់កម្ពុជានេះដែរ ក៏ជាដំណើរការទូតដំបូងបំផុតមួយ រាប់ចាប់ពីចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាផ្លូវការរបស់អាស៊ានក្នុងខែសីហាឆ្នាំ ២០២១។ 
 
សម្រាប់អ្នកការទូតអង់គ្លេសរូបនេះ វាជារឿងប្រវត្តិសាស្ត្រដែលអង់គ្លេសបានក្លាយជាដៃគូសន្ទនារបស់អាស៊ានចុងក្រោយបំផុតក្នុងរយៈពេល ២៥ ឆ្នាំមកនេះ។ យ៉ាងណាមិញ វានៅមានកិច្ចការជាច្រើនដែលអង់គ្លេសត្រូវបន្តធ្វើដើម្បីលើកស្ទួយចំណងមិត្តភាពនេះ។ ដូច្នេះហើយ លោកស្រីរំពឹងថា តួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ នឹងអាចជួយអង់គ្លេសបានច្រើន។ 
 
«យើងស្វាគមន៍តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងទន្ទឹងរង់ចាំការសហការគ្នាដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។ កិច្ចការស្នូលមួយក្នុងចំណោមកិច្ចការជាច្រើនផ្សេងទៀត យើងនឹងជំរុញឱ្យមានការសម្រេចទទួលយកផែនការសកម្មភាព ដែលកំណត់ពីកិច្ចសហការគ្នាក្នុងពេល៥ឆ្នាំ នាពេលប៉ុន្មានខែខាងមុខនេះ»។ លោកស្រីរៀបរាប់បែបនេះ។ 
 
លោកស្រីមានប្រសាសន៍បន្ត៖«ខ្ញុំគិតថា វាជាចំណុចសំខាន់ដែលយើងត្រូវធ្វើឱ្យទំនាក់ទំនងជាមួយអាស៊ានកាន់តែស៊ីជម្រៅ។ខ្ញុំពិតជារំពឹងឆ្ពោះទៅរកកិច្ចសហការនិងធ្វើការរួមជាមួយមិត្តអាស៊ានដើម្បីអភិវឌ្ឍចំណងមិត្តភាពនេះទៅមុខបន្តទៀត»។
 
ទន្ទឹមនឹងនេះ លោកស្រីក៏ទាញការចាប់អារម្មណ៍ទៅលើយុទ្ធសាស្ត្រឥឥណ្ឌូប៉ាស៊ីហ្វិក «Indo-Pacific tilt» ហើយសង្កត់ធ្ងន់ថា អាស៊ីអាគ្នេយ៍មានសារសំខាន់ណាស់ចំពោះអង់គ្លេស ហើយអង់គ្លេសនឹងព្យាយាមធបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីអាគ្នេយ៍លើវិស័យសំខាន់ៗឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com