ជាតិ
Guinness Records៖ វីរកណ្តុរ Magawa ម្ចាស់កំណត់ត្រាហិតមីនបានច្រើនជាងគេបំផុត
12, Jan 2022 , 11:01 am        
រូបភាព
ប្រភពរូបថត៖ CMAC និង APOPO
ប្រភពរូបថត៖ CMAC និង APOPO
ដោយ: រួបរួម
រាវរកហិតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បាន៧១គ្រាប់ នាអំឡុងប្រតិបត្តិការ៥ឆ្នាំនៅកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប និងព្រះវិហារ នាំឲ្យ Magawa ក្លាយជាម្ចាស់កំណត់ត្រា The Most Landmines Detected by A Rat (កណ្តុរដែលរកឃើញមីនច្រើនជាងគេបំផុត)។ សៀវភៅកំណត់ត្រា Guinness World Records បានលើកឡើងយ៉ាងដូច្នេះ ដោយបានសំដែងការសោកស្តាយចំពោះការបាត់បង់ជីវិតវីរកណ្តុរមួយក្បាលនេះក្នុងអាយុ៨ឆ្នាំ។



«Magawa វីរកណ្តុរហិតមីន HeroRat បានបាត់បង់ជីវិតដ៏គួរឲ្យសោកស្តាយក្នុងអាយុ៨ឆ្នាំ។ គេជាម្ចាស់កំណត់ត្រាកណ្តុរដែលរកឃើញមីនច្រើនជាងគេបំផុតក្នុងអាជីពរបស់ខ្លួន ពោលគឺ៧១គ្រាប់»។ នេះជាការកត់សម្គាល់របស់ Guinness World Records។

ក្រៅពីម្ចាស់កំណត់ត្រាក្នុង Guinness Book កណ្តុរយក្សអាហ្វ្រិកមួយក្បាលនេះ គឺជាសត្វដំបូងបំផុតក្រៅពីសុនខ ដែលទទួលបានមេដាយមាសការងារ PDSA Gold Medal ពីអង្គការសប្បុរសធម៌សត្វព្រៃ (PDSA) នៃចក្រភពអង់គ្លេស។ មេដាយនេះ មានតម្លៃស្មើមេដាយ George Cross Medal សម្រាប់មនុស្សផងដែរ។

មរណភាពរបស់ វីរកណ្តុរម៉ាហ្គាវ៉ា (HeroRAT) កើតឡើងប៉ុន្មានខែប៉ុណ្ណោះ ក្រោយការចូលនិវត្តន៍ពីបេសកកម្មដោះមីនរយៈពេល៥ឆ្នាំនៅកម្ពុជាចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាពិសេសក្នុងមូលដ្ឋានខេត្តសៀមរាប និងព្រះវិហារ។

ក្រៅពីរុករកហិតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បាន៧១គ្រាប់ក្នុងប្រតិបត្តិការខ្លួន វីរកណ្តុរ Magawa ក៏ធ្លាប់រកឃើញសំណល់ជាតិផ្ទុះពីសង្គ្រាម ERW ចំនួន៣៨ផ្សេងទៀត ក្នុងនោះរួមមាន កាំភ្លើងត្បាល់ និងគ្រាប់បែកដៃមិនទាន់ផ្ទុះផងដែរ។

ចាប់កំណើតនៅសាកលវិទ្យាល័យកសិកម្ម Sokoine University of Agriculture ក្នុងប្រទេសតង់ហ្សានី នាខែវិច្ឆិកា ឆ្នាំ២០១៣ ម៉ាហ្គាវ៉ា ជាកណ្តុរដែលត្រូវបានបង្វឹកដោយអង្គការសប្បុរសធម៌បែលហ្ស៊ិក APOPO លើជំនាញហិតមីន។ ម៉ាហ្គាវ៉ា បានមកដល់កម្ពុជានៅឆ្នាំ២០១៦ ដោយផ្តើមបំពេញបេសកកម្មនៅសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ក្រោមការគ្រប់គ្រងរបស់អង្គការស៊ីម៉ាក់ និងអង្គការ APOPO។

ការរួមចំណែកដ៏ធំធេងរបស់ម៉ាហ្គាវ៉ា ដែលបានចូលនិវត្តកាលពីខែមិថុនា ឆ្នាំ២០២១ រួមចំណែកជួយដល់ពលរដ្ឋកម្ពុជាជាច្រើនរស់នៅដោយរីករាយ និងគ្មានការភ័យខ្លាច។ កាលពីថ្ងៃទី១១ ខែមករា អង្គការ APOPO បានប្រកាសពីដំណឹងមរណភាពរបស់វីរកណ្តុរ ក្រោយពីការចុះខ្សោយសុខភាព ដោយស៊ីតិច និងដេកច្រើន។

«សូមអរគុណអ្នកទាំងអស់ ម៉ាហ្គាវ៉ា នឹងបន្សល់ទុកនូវមរតកដ៏យូរអង្វែងមួយក្នុងជីវិត តាមរយៈបេសកកម្មរាវរកមីននៅកម្ពុជា»។ APOPO បានសរសេរយ៉ាងដូច្នេះនៅលើគេហទំព័ររបស់ខ្លួន៕



Tag:
 Magawa
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com