អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង ជំរុញឱ្យពង្រីកកម្លាំងយោធាបន្ថែមទៀតបន្ទាប់ពីតេស្ដមីស៊ីលលឿនជាងសំឡេង
12, Jan 2022 , 2:34 pm        
រូបភាព
ប្រមុខដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យការបាញ់មីស៊ីលនៅថ្ងៃទី១១ ខែមករា។ រូបថត KCNA
ប្រមុខដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យការបាញ់មីស៊ីលនៅថ្ងៃទី១១ ខែមករា។ រូបថត KCNA
ប្រមុខដឹកនាំកូរ៉េខាងជើង គីម​ ជុងអុន បានជំរុញឱ្យពង្រីកកម្លាំងយោធាបន្ថែមទៀត បន្ទាប់ពីបាន​ចូលរួមត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង។   ទីភ្នាក់ងារ​រដ្ឋកូរ៉េខាងជើង KCNA រាយការណ៍បែបនេះ នៅថ្ងៃទី១២ ខែមករា។

 
នៅថ្ងៃទី១១ ខែមករា កូរ៉េខាងជើងបានបាញ់ មីស៊ីល​សាកល្បង​ជាលើកទី២សម្រាប់ឆ្នាំ២០២២ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋបញ្ជាក់ថា​ ជាមីស៊ីលល្បឿនលឿនជាងសំឡេង។ បន្ទាប់ពីការតេស្តនេះ សហគមន៍អន្តរជាតិ បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង ហើយអគ្គលេខាធិការអង្គការ សហប្រជាជាតិ និងក្រសួងការបរទេសអាម៉េរិក ក៏បានបង្ហាញការព្រួយបារម្ភជា​ខ្លាំងចំពោះ​ទង្វើគំរាមស្ថិរភាព​តំបន់។ 
 
«ការបាញ់សាកល្បងនេះ ផ្ដោតទៅលើការផ្ទៀងផ្ទាត់​ចុងក្រោយនៃ​លក្ខណៈបច្ចេកទេស​ទូទៅនៃ​មីស៊ីល​ល្បឿនលឿនជាងសំឡេងដែលបានអភិវឌ្ឍរួច»។ KCNA អះអាងថាបែបនេះ មុនរាយការណ៍ទៀតថា មីស៊ីលនេះ ត្រូវបានបាញ់ចេញពីជើងទម្រ ហើយបាន​វាយ​ប្រហារ​ទៅ​លើ​គោល​ដៅ​ក្នុង​សមុទ្រ​ខាងកើតដែលមានចម្ងាយ១ពាន់គីឡូម៉ែត្រពីចំណុចដែលបានបាញ់ចេញ។ មីស៊ីលល្បឿន​លឿន​ជាង​សំឡេង​នេះ ក៏បានបង្ហាញពីការហោះហើរចុះឡើងផងដែរ។
 
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចូល​រួម​ត្រួតពិនិត្យការតេស្ដមីស៊ីល​នេះដែរ ដែលជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​ពីរ​ឆ្នាំកន្លងមក។ បន្ទាប់ពីមើលការសាកល្បងរួច លោក គីម បានជំរុញឱ្យ​អ្នក​វិទ្យាសាស្ត្រនៃយោធាកូរ៉េខាងជើងពន្លឿនកិច្ចខិតខំប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ពង្រីក​កម្លាំង​យោធា​យុទ្ធសាស្ត្ររបស់ប្រទេស ទាំងគុណភាព និងបរិមាណ ព្រមទាំងធ្វើទំនើបកម្មកងទ័ពបន្ថែមទៀតផង។
 
ចំពោះការតេស្តលើកទី២នេះដែរ កូរ៉េខាងត្បូង អះអាងថា សមត្ថភាពមីស៊ីលកូរ៉េខាងជើង​ហាក់​ប្រសើរ​ឡើង ដោយមីស៊ីលនោះបានឈានដល់ល្បឿនអតិបរមា​ដែល​មាន​ល្បឿន​១០​ដង​នៃ​ល្បឿនសំឡេង ឬ១២,៣៤៨គីឡូម៉ែត្រក្នុងមួយម៉ោង៕

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com