កីឡាជាតិ
ជាតិ
សាលី អ៊ូមើត ខកខានចូលរួមប្រកួតកម្រិតពិភពលោក ដោយសាររបួសឆ្អឺងខ្នង
12, Jan 2022 , 3:11 pm        
រូបភាព
សាលី អ៊ូមើត ប្រកួតប្រណាំងម៉ូតូទឹក នៃព្រឹត្តិការណ៍កីឡាអាស៊ី ២០១៨
សាលី អ៊ូមើត ប្រកួតប្រណាំងម៉ូតូទឹក នៃព្រឹត្តិការណ៍កីឡាអាស៊ី ២០១៨
សាលី អ៊ូមើត ត្រូវបានខកខានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Jet Ski World Cup and World Series នាថ្ងៃទី១១-១៦ ខែមករា ឆ្នាំ២០២២ នៅប្រទេសថៃ ដោយសារបញ្ហារបួស។ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជូនកីឡាករ ចំនួន៤រូប ទៅប្រកួតក្នុងព្រឹត្តិការណ៍នេះ។



សាលី អ៊ូមើត បានបញ្ជាក់ថា ខ្លួនពុំបានដឹងថាមានរបួសទេ  ដោយគ្រាន់តែមានអាការៈឈឺចាប់ពីមួយថ្ងៃទៅមួយថ្ងៃ ទើបគេទៅពិនិត្យ ហើយឃើញប្រេះឆ្អឹងខ្នង ។ វេជ្ជបណ្ឌិតបានប្រាប់ឲ្យ សាលី អ៊ូមើត ផ្អាក​សកម្មភាព​ហ្វឹក​ហាត់ និងការប្រកួត ហើយត្រូវធ្វើការវះកាត់ជាបន្ទាន់ ។ អ៊ូមើត ថា របួសនេះ អាចកើតឡើង អំឡុង​ពេលប៉ះទង្គិចក្នុងការហ្វឹក​ហាត់​ប្រ​មាណជា ១ខែមុន តែខ្លួនមិនចាប់អារម្មណ៍ ។
 
សាលី អ៊ូមើត អតីតម្ចាស់មេដាយមាសកីឡាអាស៊ី ២០១៨ និងជើងឯកមេដាយមាស Jet Ski World Cup 2019 បានសាងស្នាដៃជាច្រើន ដែលធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជា ក្នុងវិស័យកីឡាប្រភេទនេះ ។ សមត្ថភាពកីឡាករកម្ពុជា ត្រូវបានគេទទួលស្គាល់ ។ មន្ត្រីសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោក ម៉ម អានី បានបញ្ជាក់ប្រាប់សារពត៌មានថ្មីៗដូច្នេះ ។
 
កីឡាករ ម៉ីន មូសស្តាន អាចក្លាយជា ជម្រើសដ៏ល្អក្នុងការណាំងយកជ័យលាភីក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ខណៈ សាលី អ៊ូមើត មិត្តរួមជាតិ សម្រាកព្យាបាលរបួស ។ គួរបញ្ជាក់ដែរថា មូសស្តាន តែងទទួលបានលទ្ធផលប្រកួត យ៉ាងប្រកិតគ្នា និង អ៊ូមើត ដូចជា ការទទួលបានលេខ៣ ក្នុងការប្រកួត Jet Ski Pro Tour 2021 ក្នុងវិញ្ញាសា Pro Am Ski Modified ខណៈ សាលី អ៊ូមើត ទទួលចំណាត់ថ្នាក់លេខ១ ។
 
ដោយឡែក សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជូនកីឡាករ  ម៉ីន មូសស្តាន,កៃ វ៉ាន់ស៊ីដែន,ម៉ីន អូស្មាន់, និងកីឡាករ សាលី ហ្វីលីន ។ បើតាមសហព័ន្ធ សាលី ហ្វីលីន ជាកីឡាករ ជំនាន់ក្រោយក៏ពិតមែន តែការប្រកួតនីមួយៗ រូបគេបានទទួលបានចំណាត់ថ្នាក់យ៉ាងល្អ ដូចជាការប្រកួត Jet Ski Pro Tour 2021។ សាលី ហ្វីលីន ទទួលបានចំណាត់ថ្នាក់លេខ៥ លើវិញ្ញាសាស្គីឈរ និងស្គីអង្គុយ ។

Tag:
 សាលី អ៊ូមើត
  ម៉ូតូទឹក
© រក្សាសិទ្ធិដោយ thmeythmey.com