កីឡាអន្តរជាតិ
អន្តរជាតិ
Ahmet Calik អតីតកីឡាករតួកគីនិង Galatasaray បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍
× អតីតខ្សែការពារក្រុមជម្រើសជាតិតួកគីនិងក្លិប Galatasaray កីឡាករ Ahmet Calik បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តត្រឹមវ័យ២៧ឆ្នាំ។
ព័ត៌មានអំពីការស្លាប់បាត់បងជីវិតរបស់ខ្សែការពារ Calik ត្រូវបានប្រកាសដោយក្លិប Konyaspor ដែលជាក្លិបកីឡាករវ័យ២៧ឆ្នាំលេង ក្នុងរដូវកាលនេះ។ Calik ផ្ទេរពី Galatasaray ទៅកាន់ Konyaspor ក្នុងឆ្នាំ២០២០។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ Calik ត្រូវបានកាសែត Hurriyet បានរាយការណ៍ថា រថយន្តរបស់កីឡាកររូបនេះ ធ្វើដំណើរធ្លាក់ចេញពីផ្លូវនៅលើកំណាត់ផ្លូវរវាងទីក្រុង Ankara និងទីក្រុង Nigde។ មិនតែប៉ុណ្ណោះប្រព័ន្ធផ្សព្ធផ្សាយរបស់តួកគី ក៏បានផ្សាយវីដេអូអំពីគ្រោះថ្នាក់រថយន្ត ដែលបើកបរដោយកីឡាករ Calik បានធ្លាក់ទៅក្នុងវាលស្រែហើយមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។
«យើងកំពុងតែមានទុក្ខយ៉ាងខ្លាំងដោយបានបាត់បង់នូវកីឡាករមួយរូប ប្រចាំក្លិបគឺកីឡាករ Ahmet Calik។ Calik ជាកីឡាករមួយរូបដែលទទួលបានការស្រលាញ់ពីអ្នកគាំទ្រ ក៏ដូចជាប្រជាជនក្នុងទីក្រុងយើងទាំងមូល ចាប់តាំងរូបគេមកដល់នៅថ្ងៃដំបូង។ យើងទាំងអស់គ្នាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ Ahmet Calik។»ក្លិប Konyaspor បានប្រកាសក្នុងសេចក្តីថ្លែងការបែបនេះ។
ក្លិប Konyaspor ក៏បានប្រកាសទៀតថា ការបញ្ចុះសពរបស់ Calik និងត្រូវធ្វើឡើងនៅថ្ងៃទី១៣ មករា បន្ទាប់ពីពិធីបុណ្យសពបានបញ្ចប់នៅទីក្រុង Elmadag Sungar Mospue។ ក្លិប Galatasaray ក៏បានបង្ហាញអារម្មណ៍ក្រៀមក្រំ ចំពោះការបាត់បង់អតីតកីឡាករ Calik ថា ជារឿងដែលសោកស្តាយខ្លាំងបំផុត៕
Tag:
Ahmet Calik
Football
© រក្សាសិទ្ធិដោយ thmeythmey.com