អន្តរជាតិ
អ្នកជំនាញជំងឺឆ្លងអាម៉េរិកថា​ ជំងឺកូវីដ-១៩ មិនអាចលុបបំបាត់បានទេ
12, Jan 2022 , 7:29 pm        
រូបភាព
វេជ្ជបណ្ឌិតអាម៉េរិក Anthony Fauci ។ រូបថត AFP
វេជ្ជបណ្ឌិតអាម៉េរិក Anthony Fauci ។ រូបថត AFP
ដោយ:
​អាម៉េរិក កំពុងជិតចាប់ផ្តើមសម្របខ្លួនក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ ដែលនឹងក្លាយជាជំងឺអាចគ្រប់គ្រងបាន បើទោះជាសន្ទុះឆ្លងជំងឺកូវីដ-១៩ ហក់ឡើង និងចំនួនអ្នកសម្រាកនៅមន្ទីរពេទ្យកើនឡើងដល់កម្រិតខ្ពស់បំបែកកំណត់ត្រាក្ដី។ នាយកវិទ្យាស្ថានជាតិជំងឺឆ្លង​អាម៉េរិក Anthony Fauci អះអាងបែបនេះនៅថ្ងៃទី១១ ខែមករា។



នារយៈពេលចុងក្រោយនេះ អាម៉េរិកបានកត់ត្រាករណីឆ្លងថ្មីកើនឡើងបន្តបន្ទាប់ដល់ចំណុចខ្ពស់បំផុតក្នុងប្រទេស ក្រោយពីជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុងដែលមានសមត្ថភាពចម្លងលឿនចូលវាយលុកទឹកដីនេះ។ នៅថ្ងៃទី១១ ខែមករា ​អាម៉េរិករាយការណ៍អ្នកជំងឺឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចំនួន១,៣៥លាននាក់ទូទាំងប្រទេស។
 
យ៉ាងណាមិញ​  ថ្លែងទៅកាន់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិ (CSIS) អ្នកវិទ្យាសាស្រ្តកំពូលអាម៉េរិក Anthony Fauci អះអាងថា ​ការលុបបំបាត់ជំងឺកូវីដ-១៩ គឺជារឿងដែលមិនអាចទៅរួច ហើយជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង មានកម្រិតមិនធម្មតា ​និងមានល្បឿនឆ្លងលឿន។ លោកសង្កត់ធ្ងន់ថា នៅទីបញ្ចប់ វីរុសនេះ​នឹងអាចរកឃើញលើមនុស្សគ្រប់គ្នាតែម្ដង។
 
ក្នុងកម្មវិធីដដែល លោកបានបន្ថែមថា ​វាគ្មានផ្លូវក្នុងការលុបបំបាត់ជំងឺនេះទេ ដោយសារភាពឆ្លងរបស់វា មានទំនោរបង្កើតជាវីរុសបំប្លែងខ្លួនថ្មីផ្សេងទៀត និងរីករាលក្នុងចំណោមក្រុមមនុស្សដែលមានអត្រាមិនទាន់ចាក់វ៉ាក់សាំង។ អ្នកជំនាញរូបនេះបានបញ្ជាក់ថា ខណៈអូមីក្រុងស្ថិតក្នុងអត្រាឡើងនិងចុះ អាម៉េរិកសង្ឃឹមថានឹងចូលក្នុងដំណាក់ថ្មីមួយក្នុងការផ្តល់វ៉ាក់សាំងបង្ការពេញលេញក្នុងសហគមន៍ និងមានថ្នាំគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺនេះ ពិសេសអ្នកក្នុងក្រុមហានិភ័យខ្ពស់។
 
គិតត្រឹមថ្ងៃទី១២ខែមករា ​អាម៉េរិក បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុបជាង៦៤លាននាក់និងស្លាប់ជាង៨៦ម៉ឺននាក់៕

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com