អន្តរជាតិ
អាម៉េរិក ផ្តល់ជំនួយមនុស្សធម៌បន្ថែម៣០៨លានដុល្លារដល់អាហ្វហ្កានីស្ថាន
12, Jan 2022 , 8:29 pm        
រូបភាព
ក្រោយបញ្ចប់សង្រ្គាមជាង២ទសវត្សរ៍ និងការដាក់ទណ្ឌកម្មផ្សេងៗលើក្រុមតាលីបង់ អាហ្វហ្កានីស្ថានបានជួបប្រទះវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ខណៈសេដ្ឋកិច្ចឈមនឹងការដួលរលំ។​ អាម៉េរិកដែលជាម្ចាស់ជំនួយមនុស្សធម៌សំខាន់មួយរបស់អាហ្វហ្កានីស្ថាន នៅថ្ងៃទី១១​​ ខែមករា ប្រកាសបរិច្ចាគប្រាក់បន្ថែមចំនួន៣០៨លានដុល្លារ ដែលនឹងធ្វើឱ្យជំនួយអាម៉េរិកទៅកាន់ប្រទេសនេះកើនដល់ជិត៧៨២ លានដុល្លារចាប់តាំងពីខែតុលា។



អ្នកនាំពាក្យសេតវិមាន Emily Horne ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១១​​ ខែមករា បានលើកឡើងថា ជំនួយអាម៉េរិកជាង៣០៨លានដុល្លារទៀត នឹងត្រូវបានបញ្ជូនតាមរយៈទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ USAID នឹងបន្តផ្ដល់ឱ្យអង្គការមនុស្សធម៌នានា ដើម្បីផ្តល់ទីជម្រក ការថែទាំសុខភាព និងជំនួយស្បៀងអាហារបន្ទាន់ រួមនិងសេវាកម្មផ្សេងៗទៀតដល់ប្រជាជនអាហ្វហ្កានីស្ថាន​។
 
ទន្ទឹមនេះដែរ USAID ក៏បានអំពាវនាវឱ្យក្រុមតាលីបង់ អនុញ្ញាតឱ្យជំនួយមនុស្សធម៌ទាំងអស់ហូរចូលដោយគ្មានការរារាំង។ លើសពីនេះដែរ ក្រុមតាលីបង់ ក៏ត្រូវផ្តល់លក្ខខណ្ឌសុវត្ថិភាពសម្រាប់ជំនួយមនុស្សធម៌ និងធានាសេរីភាពធ្វើដំណើររបស់បុគ្គលិកអង្គការមនុស្សធម៌គ្រប់យេនឌ័រផងដែរ។  
 
ក្រៅតែពីជំនួយនេះ អាម៉េរិកក៏នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មួយលានដូសបន្ថែមទៀត តាមរយៈយន្តការ COVAX ដែលជាបណ្ដាញចែកចាយវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) ដល់អាហ្វហ្កានីស្ថាន។ ជំនួយវ៉ាក់សាំងបន្ថែមនេះ នឹងធ្វើឱ្យជំនួយវ៉ាក់សាំងរបស់អាម៉េរិកកើនដល់ចំនួន៤,៣លានដូស។ ក្នុងសេចក្តីថ្លែងការណ៍ដដែល លោកស្រី Horne បានលើកឡើងថា អាម៉េរិកនៅតែប្តេជ្ញាគាំទ្រប្រជាជនអាហ្វហ្កានីស្ថាន។
 
ការប្រកាសផ្តល់ជំនួយរបស់អាម៉េរិកធ្វើឡើងក្រោយ ភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ខ្លួនត្រូវការជំនួយជិត ៥ ពាន់លានដុល្លារសម្រាប់ផ្តល់ឱ្យអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០២២។ បើតាម UN ប្រជាជនអាហ្វហ្កានីស្ថានជាងពាក់កណ្តាល ស្មើនឹងប្រហែល២២លាននាក់ ប្រឈមនឹងការអត់ឃ្លានធ្ងន់ធ្ងរ ខណៈដែលប្រជាជនអាហ្វហ្កានីស្ថានចំនួន៥,៧លាននាក់ទៀតដែលភៀសខ្លួននៅក្នុងប្រទេសជិតខាង ក៏កំពុងត្រូវការជំនួយផងដែរ។ ​
 
«គ្រោះមហន្តរាយមនុស្សធម៌កំពុងកើតឡើងធ្ងន់ធ្ងរ។ សារបន្ទាន់របស់ខ្ញុំគឺ ប្រទេសទាំងអស់សូមកុំឈប់អើពើនឹងប្រជាជនអាហ្វហ្កានីស្ថាន»។ លោក Martin Griffiths ប្រេសិត UN ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌ បានលើកឡើងបែបនេះនៅថ្ងៃទី១១ ខែមករា។ ​
 
សេដ្ឋកិច្ឋអាហ្វហ្កានីស្ថាន បានធ្លាក់ចុះខ្លាំង បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមអំណាចកាលពីខែសីហាឆ្នាំ២០២១ កន្លងទៅ។ ក្រោយឡើងកាន់អំណាចរបស់តាលីបង់ ជំនួយបរទេសផ្សេងៗត្រូវបានផ្អាក ហើយទុនបម្រុងជាតិអាហ្វហ្កានីស្ថានរាប់ពាន់លានដុល្លារនៅបរទេស ក៏ត្រូវបានបង្កកផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com