អន្តរជាតិ
WHO៖ ការចាត់ទុកជំងឺកូវីដ-១៩ ដូចជំងឺគ្រុនផ្ដាសាយធម្មតាគឺលឿនពេកហើយ
12, Jan 2022 , 9:29 pm        
រូបភាព
អង្គការសុខភាពពិភពលោក (WHO) ប្រចាំអឺរ៉ុប នៅថ្ងៃទី១១ ខែមករា បានរិះគន់ការចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺគ្រុនផ្ដាសាយធម្មតា ទោះបីជាវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលបង្កជាជំងឺកូវីដ-១៩ មិនបាន​បង្កើនករណីអ្នកស្លាប់ក៏ដោយ។ មន្ត្រី WHO អះអាងថា​ វាជារឿងលឿនពេកដែលចាត់ទុកកូវីដ-១៩ ដូចផ្ដាសាយនោះ។

 
ប្រទេសចំនួន៥០ក្នុងចំណោមប្រទេសចំនួន៥៣នៅអឺរ៉ុប និងអាស៊ីកណ្តាល បានកត់ត្រាករណី​ឆ្លង​វីរុសអូមីក្រុងនេះ ហើយនៅប៉ែកអឺរ៉ុប ករណីឆ្លងថ្មីជាង៧លានករណីឯណោះ ត្រូវបានរកឃើញ​នៅក្នុង​សប្តាហ៍ដំបូងនៃឆ្នាំ២០២២។ ទិន្នន័យដែលកំពុងមានបច្ចុប្បន្នបង្ហាញថា វីរុសមួយ​នេះ​ប៉ះពាល់​ផ្លូវ​ដង្ហើមខាងលើច្រើនជាងផ្នែកខាងក្រោមដូចជាសួតជាដើម ហើយបង្ករោគសញ្ញាស្រាល​ជាង​វីរុស​ទម្រង់​ផ្សេងៗពីមុន។ WHO ព្រមានថា ការសិក្សាបន្ថែម​ទៀត​នៅតែត្រូវការ​ដើម្បី​បញ្ជាក់​ពីការសន្និដ្ឋាននេះ។
 
នៅថ្ងៃទី១០ ខែមករា នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ​សំអាងថា វាប្រហែល​ជាដល់​ពេល​ដែលត្រូវផ្លាស់ប្តូររបៀបនៃការតាមដានការវិវត្តរបស់ជំងឺកូវីដ-១៩ ដោយជំនួសដោយ​ការប្រើ​វិធីសាស្ត្រ​ស្រដៀងនឹងជំងឺផ្តាសាយ ពីព្រោះការបង្កឱ្យអ្នកជំងឺស្លាប់មានការធ្លាក់ចុះ។ លោក Pedro ទំនងមាន​ន័យថា ជំងឺកូវីដ-១៩ គួរត្រូវចាត់ទុកជាជំងឺទូទៅធម្មតាជាជាងជំងឺឆ្លង ហើយប្រទេសទាំ​ង​អស់មិន​ចាំបាច់កត់ត្រាគ្រប់ករណីឆ្លង និងធ្វើតេស្តរាល់អ្នកដែលមានរោគសញ្ញានោះទេ។
 
យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់របស់ WHO ប្រចាំអឺរ៉ុប លោកស្រី Catherine Smallwood នៅថ្ងៃទី១១ ខែមករា បានច្រានចោលការលើកឡើងបែបនេះ ហើយសង្កត់ធ្ងន់ថា ការចាត់ទុកជំងឺកូវីដ-១៩ជា​ជំងឺ​គ្រុនផ្ដាសាយធម្មតាគឺលឿនពេកហើយ។ លោកស្រី  Smallwood បញ្ជាក់ថា៖ «យើង​នៅ​មានរឿង​ជា​ច្រើន​ទៀតដែលមិនមានភាព​ប្រាកដ​ប្រជា ហើយក៏មានទាំងវីរុស(ទម្រង់អូមីក្រុង) ដែលឆ្លងយ៉ាង​ឆាប់​រហ័ស និងកំពុងតែបង្ក​បញ្ហាប្រឈម​ថ្មីៗ។ យើងពិតជាមិននៅ​ចំណុចមួ​យដែល​យើងអា​ចហៅ​វា​ជា​ជំងឺ​ឆ្លងធម្មតានោះទេ»។ 
 
មន្ត្រី WHO រូបនោះក៏បានបន្តថា ជំងឺកូវីដ-១៩ នៅពេលអនាគតអាចនឹងក្លាយជាជំងឺឆ្លងធម្មតា ប៉ុន្តែការណ៍អាចនឹងពិបាកនឹងកើតឡើងក្នុងឆ្នាំ២០២២នេះ៕

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com