ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការបរទេសជប៉ុន សរសើរកម្ពុជា ចំពោះការប្រឹងប្រែងជួយមីយ៉ាន់ម៉ា
13, Jan 2022 , 8:59 am        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (រូបពីក្រសួងព័ត៌មាន) និង លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន (រូបពី AFP)
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (រូបពីក្រសួងព័ត៌មាន) និង លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន (រូបពី AFP)
ដោយ: ថ្មីៗ
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា (Hayashi Yoshimasa) បានជជែកគ្នាតាមទូរស័ព្ទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ បញ្ហានៅមីយ៉ាន់ម៉ា ជាប្រធានបទមួយ ដែលស្ថិតក្នុងកិច្ចសន្ទនារបស់រដ្ឋមន្រ្តីការបរទេសទាំងពីរ។

 
 
លោក ប្រាក់ សុខុន សរសេរលើទំព័រហ្វេសប៊ុកថា៖«ឯកឧត្តម [រដ្ឋមន្រ្តីការបរទេសជប៉ុន] បានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួន ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយបញ្ហារបស់ខ្លួន»។ 
 
លោក ប្រាក់ សុខុន ប្រាប់ថា លោក និងរដ្ឋមន្រ្តីការបរទេសជប៉ុន យល់ឃើញដូចគ្នាថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច គឺជាកត្តាស្នូល ដើម្បីសម្រេចការងារក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ លោក បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលជាបេសកជនពិសេសរបស់ជប៉ុន សម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា។
 
កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គឺ ទីមួយ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទីពីរ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទីបី បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទីបួន អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទីប្រាំ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។
 
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅប្រទេសប្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។
 
ថ្ងៃទី៧ និងទី៨ មករា ឆ្នាំ២០២២ លោក ប្រាក់ សុខុន បានអមដំណើរសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងបានជួបដោយផ្ទាល់ជាមួយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ជាមេដឹកនាំកំពូលនៃរបបយោធាមីយ៉ាន់ម៉ា។ ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានប្រកាសពន្យារបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២។ មេដឹកនាំកម្ពុជា ចាត់ទុកការពន្យារបទឈប់បាញ់នេះ ថាជាជោគជ័យមួយ ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ ឆ្នាំ២០២២នេះ កម្ពុជា ធ្វើជាប្រធានអាស៊ានប្តូរវេន ហើយលោក ប្រាក់ សុខុន ត្រូវបានរដ្ឋាភិបាលកម្ពុជា តែងតាំងជាបេសកជនពិសេស សម្រាប់ស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ 
 
សូមរម្លឹកថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់ជាមនុស្សស្និទ្ធនិងជាកូនចៅរបស់អ្នកស្រី ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងលោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។
 
វា មានរយៈពេលជិតមួយឆ្នាំហើយ ដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មតវ៉ាឲ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ហើយប្រគល់អំណាចជូនអ្នកស្រីវិញ។ សមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានបញ្ចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ មានប្រជាជន១៤៦១នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ១១៤៨១នាក់ កំពុងជាប់ឃុំ។
 
មូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទីមួយ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទីពីរ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ នៅខែសីហា ឆ្នាំ២០២៣។ 
 
អ្នកស្រី អ៊ុងសាន ស៊ូជី ពីអ្នកប្រឆាំង ក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាលវិញម្តង ក្រោយអ្នកស្រី ឈ្នះការឆ្នោះឆ្នោត នៅឆ្នាំ២០១៦។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ សម្រាប់ជ័យជម្នះក្នុងអាណត្តិថ្មីនេះ អ្នកស្រី មិនមានភព្វវាសនាបានកាន់អំណាចយូរនិងចប់ចុងចប់ដើមឡើយ ដោយបានរយៈពេលត្រឹម៣-៤ខែប៉ុណ្ណោះ អ្នកស្រី ក៏ត្រូវឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីពីអំណាច និងបានច្បាមយកអំណាចទាំងមូលមកក្តាប់ក្នុងដៃខ្លួនឯង។
 
មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ ការធ្វើរដ្ឋប្រហារនេះ បាននាំឲ្យមីយ៉ាន់ម៉ា វិលទៅរករបបយោធាសាជាថ្មី៕ 

Tag:
 កម្ពុជា
  ជប៉ុន
  វិបត្តិមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com