អន្តរជាតិ
ក្រុងចិនជាច្រើន បន្តរឹតត្បិតវិធានបង្ការជំងឺកូវីដ-១៩ ខណៈក្រុងធានជីង ចាប់ផ្តើមធ្វើតេស្តប្រជាជនក្នុងក្រុងជាថ្មី រូបភាព៖ AFP
× ទីក្រុងចិនជាច្រើន កំពុងរឹតបន្តឹងវិធានការទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩ ដែលកំពុងតែផ្ទុះឡើង ខណៈក្រុងធានជីង កំពុងប្រយុទ្ធប្រឆាំងនឹងការហក់ឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង។ ចំណាត់ការនេះ ធ្វើឡើងស្របពេលចិនសល់តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងថ្ងៃចូលឆ្នាំថ្មី។
មួយរយៈចុងក្រោយនេះ ករណីឆ្លងជំងឺកូវីដ-១៩ បានហក់ឡើងយ៉ាងខ្លាំងនៅចិន ខណៈពេលវីរុសអូមីក្រុង ត្រូវបានរកឃើញជាបន្តបន្ទាប់។ ការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នេះ កើតឡើងមុនតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដែលចិន ត្រូវរៀបចំពិធីចូលឆ្នាំថ្មី និងព្រឹត្តិការណ៍អូឡាំពិករដូវរងារ។ ទាក់ទិននឹងបញ្ហានេះ ចិន បានសម្រេចបិទក្រុង និងចាត់វិធានការរឹតបន្តឹងនៅក្នុងប្រទេស ដើម្បីទប់ស្កាត់ករណីឆ្លង។
ទីក្រុងធានជីងដែលមានប្រជាជនរស់នៅ១៤លាននាក់ និងមានចម្ងាយប្រហែល១០០ គីឡូម៉ែត្រពីរដ្ឋធានីប៉េកាំង កំពុងស្ថិតក្រោមវិធានដ៏តឹងតែងបំផុត ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសទៅកាន់រដ្ឋធានីប៉េកាំងដែលនៅជិតនោះ។ ក្រុងធានជីង នៅថ្ងៃទី១១ ខែមករា បានរាយការណ៍ករណីឆ្លងថ្មីក្នុងសហគមន៍ កើនដល់ចំនួន៣៣នាក់។ តាមរយៈសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលក្រុងបានបញ្ជាឱ្យបុគ្គលិកតាមស្ថាប័ន និងក្រុមហ៊ុននានាក្នុងទីក្រុងធានជីង ឈប់សម្រាករយៈពេលកន្លះថ្ងៃ ដើម្បីចូលរួមធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំជុំទី២ នៅថ្ងៃទី១២ខែមករា។
ការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ រយៈពេលចុងក្រោយនេះ បានបង្កផលវិបាកយ៉ាងខ្លាំងដល់អាជ្ញាធរចិន។ ឧបនាយករដ្ឋមន្រ្តីចិន លោកស្រី ស៊ុន ឈុនឡាន ដែលបានចុះទៅពិនិត្យមើលនៅខេត្តហឺណាន បាននិយាយថា វីរុសបំប្លែងខ្លួនអូមីក្រុង កំពុងដាក់បន្ទុកខ្លាំងលើអាជ្ញាធរតំបន់ ក្នុងការទប់ស្កាត់ករណីឆ្លង។ លោកស្រីបានបន្ថែមថា ក្រុមមន្រ្តី គួរតែបង្កើនប្រសិទ្ធភាពបន្ថែមទៀតលើការធ្វើតេស្ត តាមដានការរីករាលដាល និងអនុម័តវិធានការត្រួតពិនិត្យកម្រិតសហគមន៍ឱ្យបានតឹងតែង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។
ចំណែកក្រុងអានយ៉ាង ខេត្តហឺណានវិញ ត្រូវបានដាក់បញ្ជាឱ្យបិទខ្ទប់ភ្លាមៗ ក្រោយពីរកឃើញករណីឆ្លងនៃវីរុសអូមីក្រុង ២ករណី។ នៅថ្ងៃទី១១ ខែមករា ទីក្រុងនេះក៏បានរាយការណ៍ករណីឆ្លងថ្មីចំនួន៦៥នាក់ ជាតួលេខកើនឡើងខ្ពស់ បើធៀបជាមួយអត្រាឆ្លងកាលពីថ្ងៃទី១០ ខែមករា។
ជាមួយគ្នានេះ ក្រុងជឹងចូវ ខេត្តហឺណានវិញ កំពុងទប់ទល់នឹងការវាយលុកពីវីរុសបំប្លែងខ្លួនដែលតា ដោយបានបញ្ជាឱ្យបិទហាងមិនចាំបាច់ រួមមានហាងកាត់សក់ ហាមឃាត់ការបរិភោគអាហារក្នុងភោជនីយដ្ឋាន និងហាមឃាត់ តាក់ស៊ីមិនឱ្យដឹកភ្ញៀវ ក្នុងតំបន់ចត្តាឡីស័ក។ ឯភាគខាងត្បួងក្រុង Shenzhen ចាប់តាំងពីថ្ងៃ៧ខែមករា អាជ្ញាធរបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ បង្កដោយវីរុសដែនតាមួយចំនួន។ ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរបានបញ្ជាឱ្យបិទស្ថានីយរថភ្លើងក្រោមដី និងណែនាំឱ្យប្រជាជនខ្លួនកុំទិញទំនិញពីប្រទេសដែលមានហានិភ័យឆ្លងខ្ពស់ នៅថ្ងៃទី១១ខែមករា។ គិតត្រឹមថ្ងៃទី១២ខែមករា ចិនមានករណីឆ្លងជំងឺកូវីដ១៩សរុបជាង១០ម៉ឺនករណី និងស្លាប់ជាង៤ពាន់នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com