ជាតិ
បោះឆ្នោត
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន សង្ឃឹមថាការបោះឆ្នោតនៅកម្ពុជា នឹងឆ្លុះបញ្ចាំងពីសំឡេងចម្រុះរបស់ប្រជាជនកម្ពុជា
12, Jan 2022 , 5:48 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក HAYASHI Yoshimasa ជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមខ្សែទូរសព្ទ កាលពីថ្ងៃទី១១ មករា ២០២២
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក HAYASHI Yoshimasa ជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមខ្សែទូរសព្ទ កាលពីថ្ងៃទី១១ មករា ២០២២
ភ្នំពេញ៖ ជប៉ុន សង្ឃឹមថា ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ នឹងឆ្លុះបញ្ចាំងពីសំឡេងចម្រុះរបស់ប្រជាជនកម្ពុជា។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក HAYASHI Yoshimasa លើកពីចំណុចនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមខ្សែទូរសព្ទ កាលពីថ្ងៃទី១១ មករា។



ក្នុងជំនួបពិភាក្សាគ្នានេះ លោក HAYASHI Yoshimasa បានលើកពីកិច្ចសហប្រតិបត្តិការ និងពង្រឹងការទំនាក់ទំនងឱ្យកាន់តែស្អិតល្មួតថែមទៀត ជាពិសេសការបំពេញកិច្ចការនៅក្នុងតំបន់។ ថ្លែងពីចំណុចនេះហើយ រដ្ឋមន្រ្តីការបរទេសជប៉ុន ក៏បង្ហាញពីបំណងចង់ឃើញការបោះឆ្នោតនៅកម្ពុជា ពោរពេញទៅដោយសំឡេងចម្រុះរបស់ប្រជាជនកម្ពុជាដែរ។ 
 
ក្រសួងការបរទេសជប៉ុន បានស្រង់សម្ដីលោក HAYASHI Yoshimasa ក្នុងជំនួបតាមទូរសព្ទជាមួយលោក ប្រាក់ សុខុន ដូច្នេះថា៖«សង្ឃឹមថាការបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជា នាខែមិថុនា និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅឆ្នាំក្រោយ នឹងប្រព្រឹត្តទៅក្នុងផ្លូវមួយ ដែលធ្វើឱ្យមានសំឡេងចម្រុះរបស់ប្រជាជនកម្ពុជា»។
 
ជាមួយគ្នានេះរដ្ឋមន្រ្តីការបរទេសជប៉ុន បានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួន ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយបញ្ហារបស់ខ្លួន។
 
លោក ប្រាក់ សុខុន ប្រាប់ថា លោក និងរដ្ឋមន្រ្តីការបរទេសជប៉ុន យល់ឃើញដូចគ្នាថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច គឺជាកត្តាស្នូល ដើម្បីសម្រេចការងារក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ លោក បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលជាបេសកជនពិសេសរបស់ជប៉ុន សម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា។
 
ជាមួយគ្នានេះលោក ប្រាក់ សុខុន ក៏មិនភ្លេចពីការរំឮកគុណជប៉ុន ដែលតែងតែជួយគាំទ្រដល់កម្ពុជា រហូតដល់បច្ចុប្បន្ននេះ ជាពិសេសក្នុងបរិបទប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕
 

Tag:
 ជប៉ុន
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com