អន្តរជាតិ
ហុងកុង ត្រៀមបន្ថែមបទល្មើសទៅក្នុងច្បាប់សន្តិសុខជាតិ
13, Jan 2022 , 9:49 am        
រូបភាព
ដោយ:
មេដឹកនាំហុងកុង ការី ឡាំ លើកឡើងនៅថ្ងៃទី១២ ខែមករា ថា​ រដ្ឋបាលនឹងបន្ថែមបទល្មើសមួយចំនួនទៀតទៅក្នុងច្បាប់សន្តិសុខជាតិដែលអនុម័តដោយទីក្រុងប៉េកាំងកាលពីឆ្នាំ២០២០។

 
ច្បាប់សន្តិសុខជាតិនៅហុងកុង ដែលរងការរិះគន់ពីលោកខាងលិច ចែកពីបទល្មើសចំនួនដែលត្រូវដាក់ទោស។ អំពើអបគមន៍ សកម្មភាពវិទ្ធង្សនា អំពើភេរវកម្ម និងការគប់គិតជាមួយកងកម្លាំងបរទេស សុទ្ធសឹងជាបទល្មើសដែលចែងក្នុងច្បាប់សន្តិសុខជាតិនេះ។ រដ្ឋាភិបាលហុងកុង ក៏ត្រៀមបញ្ចូលបទល្មើសមួយចំនួនទៀតទៅក្នុងច្បាប់នេះតាមរយៈការតាក់តែងសេចក្ដីស្នើច្បាប់មួយទៀត។
 
នៅថ្ងៃទី១២ ខែមករា ប្រមុខដឹកនាំរដ្ឋាភិបាលហុងកុង ការី ឡាំ បញ្ជាក់ថា រដ្ឋាភិបាលលោកស្រី នឹងបង្កើតច្បាប់ក្នុងស្រុកថ្មីមួយដែលត្រូវនឹងមាត្រា២៣នៃច្បាប់ធម្មនុញ្ញរបស់ហុងកុងដែលតម្រូវឱ្យទីក្រុងនេះអនុម័តច្បាប់សន្តិសុខជាតិដោយខ្លួនឯង។​ 
 
«កិច្ចការនីតិប្បញ្ញត្តិនៃមាត្រា២៣នេះ គឺជាផ្នែកនៃកាតព្វកិច្ចច្បាប់ធម្មនុញ្ញរបស់ហុងកុង ហើយមិនត្រូវពន្យារពេលបន្ថែមទៀតបានទេ»។​ លោកស្រី ឡាំ លើកឡើងបែបនេះទៅកាន់សមាជិកសភាហុងកុងដោយបន្តថា រដ្ឋាភិបាលមានបំណងចេញសេចក្តីព្រាងច្បាប់នេះត្រឹមខែមិថុនា។
 
លោកស្រី ឡាំ មិនបានបញ្ជាក់ពីបទល្មើសដែលនឹងបញ្ចូលទៅក្នុងច្បាប់ឡើយ ប៉ុន្តែ​បទល្មើស​ជាក់លាក់ដែលមាន​ក្នុង​មាត្រា ២៣ មានដូចជា​​ការក្បត់ជាតិ ការ​បះបោរ  ការ​ធ្វើ​វិទ្ធង្សនា និង​ការ​លួច​ការណ៍សម្ងាត់​រដ្ឋ។ ការហាមឃាត់អង្គការនយោបាយបរទេសណាមួយពីការធ្វើប្រតិបត្តិការនៅទីក្រុងហុងកុង ឬអង្គការនយោបាយក្នុងស្រុកបង្កើតទំនាក់ទំនងជាមួយអង្គការបរទេស ក៏មានចែងផងដែរ។
 
គួររំឭកថា ចិនបានដាក់ច្បាប់សន្តិសុខជាតិទៅលើហុងកុង បន្ទាប់​ពី​មានការ​តវ៉ា​ដ៏​ខ្លាំងក្លានៅ​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំ ២០១៩។​ ​ច្បាប់នេះបានផ្តល់ឱ្យចិននូវអំណាចបង្ក្រាបទៅលើបទឧក្រិដ្ឋនយោបាយជាច្រើន រួមមានការផ្តាច់ខ្លួន និងការគប់គិតជាដើម។ លើសពីនេះ ចាប់ពីច្បាប់នេះចូលជាធរមានមក សេរីភាពសារព័ត៌មាននៅហុងកុងកាន់តែរឹតបន្តឹង ហើយសារព័ត៌មានឯករាជ្យមួយចំនួនត្រូវបានបិទទ្វារក្រោយមានការបង្រ្កាបពីប៉ូលិសហុងកុង៕

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com