ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖ យើងមិនបានធ្វើអ្វីខុស យើងមិននៅឯកោឡើយ
13, Jan 2022 , 10:18 am        
រូបភាព
 លោក កឹម សុខា ជួបជាមួយ​លោក Jacques Pellet ឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែមករា
លោក កឹម សុខា ជួបជាមួយ​លោក Jacques Pellet ឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែមករា
ដោយ: រួបរួម
លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង កាលពីថ្ងៃទី១២ ខែមករា បានបង្ហោះសារ និងរូបភាពនៅលើហ្វេសប៊ុក ស្តីពីជំនួបជាបន្តបន្ទាប់រវាងលោក ជាមួយតំណាងរដ្ឋាភិបាល និងទូតនៃប្រទេសនានា។ លោកបានអះអាងថា ភ្ញៀវបរទេសទាំងនោះ សុទ្ធតែបានទទួលស្គាល់នូវគុណតម្លៃនៃការតស៊ូដោយអហិង្សារបស់លោក។



ក្នុងនាមជាប្រធានប្តូរវេនសហភាពអឺរ៉ុប លោក Jacques Pellet ឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំកម្ពុជា បានអញ្ជើញលោក កឹម សុខា ទៅស្ថានទូតដើម្បីជួបសន្ទនាអាហារថ្ងៃត្រង់។ អតីតមេដឹកនាំបក្សប្រឆាំង បានគូសបញ្ជាក់ពីសារសំខាន់នាជំនួបនោះ ដោយមានការចូលរួមផងដែរពីឯកអគ្គរដ្ឋទូតសំខាន់ៗ នៃរដ្ឋសមាជិកសហភាពអឺរ៉ុប ដូចជាៈ ឯកអគ្គរដ្ឋទូតបារាំង ឆេក អាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតស្តីទី នៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា។

«ដោយសារឆ្នាំ២០២២នេះ ចំពេលដែលប្រទេសកម្ពុជាយើងធ្វើជាប្រធានប្តូរវេនសមាគម អាស៊ាន ទន្ទឹមគ្នានឹងប្រទេសបារាំងធ្វើជាប្រធានប្តូរវេនសហគមន៍អឺរ៉ុបក្នុងឆមាសទី១ និងឆេកធ្វើជាប្រធានប្តូរវេនសហគមន៍អឺរ៉ុបក្នុងឆមាសទី២ផងដែរ»។ នេះជាការលើកឡើងរបស់លោក កឹម សុខា។

ក្រៅពីនេះ អតីតមេដឹកនាំបក្សប្រឆាំង បានជួបអ្នកការទូតសំខាន់ៗនៃសហគមន៍អឺរ៉ុប ឯកអគ្គរាជទូតជប៉ុន និងជួបជាមួយលោកស្រី Amanda Milling រដ្ឋមន្ត្រី(Minister of State)ទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេសអង់គ្លេស កាលពីពេលថ្មីៗកន្លងមក។

សម្រាប់ជំនួបពិភាក្សាទាំងនោះ លោក កឹម សុខា អះអាង បណ្តាប្រទេសដែលធ្លាប់បានជួយខ្មែរ នៅតែចង់ជួយខ្មែរបន្តទៀត ស្របតាមគុណតម្លៃស្នូលរបស់គេ ហើយចង់ឃើញខ្មែរ មានដំណោះស្រាយនយោបាយ ដោយអហិង្សា។




លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «អ្នកការទូតតំណាងប្រទេសជាមិត្តរបស់កម្ពុជាដែលតែងតែជួបពិភាក្សាជាមួយខ្ញុំនោះ មិនមែនត្រឹមតែស្វែងយល់ពីទស្សនៈ និងទទួលស្គាល់នូវគុណតម្លៃនៃការតស៊ូដោយអហិង្សា ការលះបង់ដោយការអត់ធ្មត់ ដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ខ្ញុំប៉ុណ្ណោះទេ លើសពីនេះទៅទៀត គឺជាការបញ្ជាក់ថា ការដែលយើងមិនបានធ្វើអ្វីខុស មិនបង្ករការឈឺចាប់ដល់អ្នកដ៏ទៃ និងដោយយើងប្រកាន់យកនូវគោលការណ៍ដ៏ត្រឹមត្រូវនោះ យើងមិននៅឯកោឡើយ»៕



© រក្សាសិទ្ធិដោយ thmeythmey.com