អន្តរជាតិ
រដ្ឋបាល បៃឌិន ដាក់ទណ្ឌកម្មកូរ៉េខាងជើងជាលើកដំបូងបន្ទាប់ពីការតេស្ដមីស៊ីលជាបន្តបន្ទាប់
13, Jan 2022 , 2:18 pm        
រូបភាព
រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១២ ខែមករា បានប្រកាសដាក់ទណ្ឌកម្មជា​លើក​ដំបូ​ង​លើ​កូរ៉េខាងជើង បន្ទាប់ពីប្រទេសមួយនេះបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ រួមទាំងការ​បាញ់មីស៊ីល​២​លើក​ក្នុងដើមឆ្នាំ២០២២នេះ។ យ៉ាងណាមិញ អាម៉េរិកនៅតែចង់ពិភាក្សាតាមរយៈការទូតជាមួយកូរ៉េខាងជើង។

 
យោងតាមក្រសួងរតនាគារអាម៉េរិក ទណ្ឌកម្មលើកូរ៉េខាងជើង ត្រូវបានដាក់ចំពោះការបាញ់សាកល្បង​មីស៊ីល​បាលីស្ទិកចំនួនប្រាំមួយលើកតាំងពីខែកញ្ញា ឆ្នាំ២០២១។ ការតេស្តទាំង នោះសុទ្ធតែបានបំ​ពានសេចក្ដី​សម្រេច​របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមឃាត់រដ្ឋកុម្មុយនីស្តមួយនេះពីការសាកល្បងមីស៊ីលដែលប្រើបច្ចេកវិទ្យាបាលីស្ទិក។
 
ទណ្ឌកម្មខាងលើ ក៏​បាន​កំណត់​គោលដៅ​លើ​ជនជាតិ​កូរ៉េ​ខាងជើង​ចំនួន​ប្រាំមួយ​នាក់ដែលមានមន្រ្តីផង, ជនជាតិរុស្ស៊ីម្នាក់ និងក្រុមហ៊ុន​រុស្ស៊ី​មួយផងដែរ​។ ទីក្រុងវ៉ាស៊ីនតោន ​បានអះអាងថា គោលដៅទាំងនោះបាន​ទិញអាវុធពី​រុស្ស៊ី​ និង​ចិនសម្រាប់គាំទ្រកម្ម​វិធីអាវុធរបស់កូរ៉េខាងជើង​។ ទណ្ឌកម្មខាងលើនេះនឹង​បង្កក​ទ្រព្យធន​ដែលពាក់ព័ន្ធជាមួយអាម៉េរិករបស់អ្នកដែលស្ថិតនៅក្រោមទណ្ឌកម្មទាំងនោះ។
 
ក្រសួងរតនាគារអាម៉េរិកបានសង្កត់ធ្ងន់ថា វិធានការទាំងនេះ មានគោលបំណងពីររួមមាន​ការទប់ស្កាត់រីកចម្រើនកម្មវិធីអាវុធរបស់កូរ៉េខាងជើង និងការរារាំងការប៉ុនប៉ងធ្វើឱ្យរីកសាយបច្ចេកវិទ្យាអាវុធផងដែរ។ អនុរដ្ឋមន្រ្តី​រតនាគារទទួលបន្ទុកភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុលោក​ Brian Nelson លើកឡើងថា ការ​សម្រេច​ចិត្ត​ដាក់ទណ្ឌកម្មខាងលើនេះគឺដោយសារអាម៉េរិកចង់ដាក់សម្ពាធលើ​កូរ៉េខាងជើងដែល​នៅ​តែប​ន្ត​ប្រើប្រាស់​តំណាងនៅបរទេសឱ្យទិញអាវុធដោយខុសច្បាប់។ 
 
«ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងប៉ុន្មានដងចុងក្រោយនេះជាព័ស្តុតាងបញ្ជាក់ថា កូរ៉េខាងជើងនៅតែបន្ត​ជំរុញ​កម្មវិធីអាវុធដែលត្រូវបានហាមឃាត់ ទោះបីជាសហគមន៍អន្តរជាតិបានទទូចឱ្យមានការចរចាកាទូត និង​ការ​រំសាយអាវុធនុយក្លេអ៊ែរក៏ដោយ»។ មន្រ្តីអាម៉េរិកបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១២ ខែមករា។
 
ជុំវិញរឿងកូរ៉េខាងជើងនេះ ក្នុងសន្និសីទ​សារព័ត៌មានថ្ងៃទី១២ ខែមករា អ្នកនាំពាក្យក្រសួងការបរទេស លោក Ned Price បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាចិត្តចង់បន្តការចរចា ការទូតជាមួយកូរ៉េខាងជើង​ដដែល៕

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com