ជាតិ
សម្តេច ហ៊ុន សែន ជំរុញអ្នក​សារព័ត៌មានពង្រឹងការផ្សព្វផ្សាយពី​កិច្ច​ប្រជុំកំពូលអាស៊ាន និងកីឡាស៊ីហ្គេម
14, Jan 2022 , 7:59 am        
រូបភាព
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ គំនាប់សម្តេច ហ៊ុន សែន នាទិវាជំនួប_លើកទី៤ កាលពីឆ្នាំ២០២០។ រូបថត SPM
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ គំនាប់សម្តេច ហ៊ុន សែន នាទិវាជំនួប_លើកទី៤ កាលពីឆ្នាំ២០២០។ រូបថត SPM
ថ្ងៃទី១៤ ខែ​មករា ឈាន​ដល់​ឆ្នាំទី​៦​​នៃទិវាជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល ជាមួយ​អ្នក​សារព័ត៌មានកម្ពុជា ប៉ុន្តែ​ដោយសារ​ការរាតត្បាត​កូវីដ-១៩ ជំនួប​ផ្ទាល់នេះ ក៏នឹង​ត្រូវអាក់ខាន​រយៈពេល​២​ឆ្នាំជាប់គ្នា​ផងដែរ។ មិន​ខុសពី​ឆ្នាំមុន​ៗឡើយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារលិខិត​ទាក់ទង​នឹង​ទិវា​ប្រចាំឆ្នាំ​នេះ ជូន​ដល់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ។

 
សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ទោះបី​មាន​ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍​២០ កុម្ភៈ និង​បើក​ប្រទេស​ឡើង​វិញ ក៏ដោយ ប៉ុន្តែ​ការជួបជុំទ្រង់ទ្រាយ​ធំ​ដែលមានមនុស្ស​រាប់ពាន់នាក់ក្នុងបរិវេណដែលគ្មាន​សុវត្ថិភាព និង​ខ្វះការប្រុងប្រយ័ត្ន ជាឱកាសនៃការវិលត្រឡប់មក​វិញ​នៃជំងឺ​ដ៏កាច​សាហាវ។
 
ក្នុងសារដែលមាន​៤ទំព័រ ប្រមុខ​រដ្ឋាភិបាលកម្ពុជា បាន​លើកឡើងពី​ការពង្រឹងភាពជាដៃគូ​ជាមួយ​ស្ថាប័ន​សារព័ត៌មាន​ ហើយ​បាន​កោតសរសើរ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់អ្នក​សារព័ត៌មាន​លើការចូលរួម​ផ្សព្វផ្សាយ​សភាពការណ៍​ពិត​នៅ​កម្ពុជា ជាពិសេស​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។
 
«ខ្ញុំ​ក៏សូម​កោតសរសើរ​ចំពោះ​សមាគម​អ្នក​សារព័ត៌មានទាំងអស់​ដែលបាន​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងតម្រង់ទិស​អ្នក​សារព័ត៌មានឲ្យធ្វើ​ជាកញ្ចក់​ឆ្លុះបញ្ចាំង​តថភាព​ក្នុង​សង្គម​ និង​ការ​បំពេញ​ភារកិច្ច​​ប្រកប​ដោយ​ក្រម​សីលធម៌»។ នេះជាការ​កត់សម្គាល់រ​បស់​សម្តេច ហ៊ុន សែន។
 
ក្នុង​វិបត្តិ​កូវីដ-១៩ រយៈពេល​២​ឆ្នាំ​ចុងក្រោយនេះ សម្តេចបាន​មើលឃើញ​ពី​ការ​លំបាករបស់អ្នកសារព័ត៌មាន ទាំង​ផ្នែក​ហិរញ្ញ​វត្ថុ និង​ការ​បំពេញភារកិច្ច​ ប៉ុន្តែក្រោយ​ការ​បិទ​បញ្ចប់​ព្រឹត្តិការណ៍សហគមន៍ និង​ការ​បើក​ប្រទេសឡើងវិញ សម្តេចជឿថា អ្វីៗនឹង​វិល​ទៅ​រក​ភាពល្អ​ប្រសើរ។
 
ចំពោះ​បេសកកម្ម​ខាងមុខ សម្តេចនាយករដ្ឋមន្ត្រី ស្នើទៅអ្នក​សារព័ត៌មាន​ត្រៀម​លក្ខណៈចូលរួម​ផ្សព្វផ្សាយ​ទៅកាន់សកល​លោក​អំពី​ការ​វិវត្តរបស់​កម្ពុជា ជាពិសេស​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២ និង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី-អាគ្នេយ៍ (ស៊ីហ្គេម) លើក​ទី៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​សុទ្ធតែធ្វើ​ជាម្ចាស់ផ្ទះ។
 
បន្ថែម​ពីលើ​នេះ សម្តេច ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍៦​ចំណុចសម្រាប់អ្នក​សារព័ត៌មាន ដែលចម្បងបំផុតនោះ គឺ​ការផ្សព្វផ្សាយជំរុញឲ្យ​អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពង្រឹង​ភូមិ ឃុំ សុវត្ថិភាព ដើម្បី​លើក​មុខ​មាត់​កម្ពុជា​ក្នុងនាមជា​ម្ចាស់កិច្ច​ប្រជុំកំពូលអាស៊ាន និងកីឡាស៊ីហ្គេម។
 
កីឡា​រស់​ក្នុងសន្តិភាព, កីឡា​នាំមកនូវ​មិត្តភាព, កីឡា​ដើម្បី​សុខភាព​, កម្ពុជាកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍, កម្ពុជាស្អាត។ សម្តេចក្រើន​រំលឹក​ដល់អ្នក​សារព័ត៌មានពិចារណា​តាមពាក្យស្លោកទាំងនេះ ដើម្បី​បំផុស​បំផុល​ស្មារតី​ និង​លើក​ទឹក​ចិត្ត​កីឡាករ-ការិនី និង​ពលរដ្ឋឲ្យ​គាំទ្រ​ និង​ស្នេហា​វិស័យ​កីឡា។ វាជា​ការ​ចូលរួម​​ផ្សព្វផ្សាយ​កិច្ច​ប្រជុំកំពូលអាស៊ាន និង​ការបើកយុទ្ធនាការ​ផ្សព្វផ្សាយស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម។
 
ក្នុង​សារលិខិត​ដដែល សម្តេច​ឲ្យ​បន្ត​បង្កើន​ភាពជា​ដៃគូរវាង​អ្នក​សារព័ត៌មាន និ​ង​រដ្ឋាភិបាល ការ​បន្ត​ចូលរួម​ប្រយុទ្ធ​ភាពអសកម្ម​ ភាពមិន​ប្រក្រតី អំពើពុក​រលួយ និង​ភាពអយុត្តិធម៌​ក្នុង​សង្គម។ សម្តេចបាន​ក្រើនរំលឹកថា៖ «ត្រូវ​បន្ត​បំផ្លាញចោល​ពួក​ឱកាសនិយមស្វែង​យក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួនជ្រក​ក្រោម​ស្លាម​សារព័ត៌មាន​ដែលធ្វើឲ្យ​ប៉ះពាល់​ដល់តម្លៃ កិត្យានុភាព​របស់អ្នក​សារព័ត៌មានទូទៅ​ និង​ស្ថាប័ន​សារព័ត៌មាន»។ ​
 
ដូចជាលើកមុន​ៗផងដែរ​សម្តេចនាយករដ្ឋមន្ត្រី ជំរុញអ្នក​សារព័ត៌មាន​បន្ត​ប្រយុទ្ធប្រឆាំងព័ត៌មាន​មិនពិត និងព័ត៌មានក្លែងក្លាយ ការ​ពង្រឹងសមត្ថភាពឲ្យ​ដើរទាន់​បច្ចេក​វិទ្យា និង​ការ​បន្ត​ចូលរួមផ្សព្វផ្សាយ​ក្នុងយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងកូវីដ-១៩៕

Tag:
 អ្នក​សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com