អន្តរជាតិ
ឥណ្ឌូណេស៊ី អនុញ្ញាតឱ្យនាវា៣៧គ្រឿងដឹកធ្យូងថ្មចេញ ក្រោយប្រកាសបន្ធូរការរឹតត្បិត
13, Jan 2022 , 7:29 pm        
រូបភាព
ដោយ:
ឥណ្ឌូណេស៊ី បានអនុញ្ញាតឱ្យនាវាផ្ទុកធ្យូងថ្ម៣៧គ្រឿងចាកចេញ បន្ទាប់ពីនាវាទាំងនេះទទួលបានការយល់ព្រមពីអាជ្ញាធរ។ ​នេះបើតាមការប្រកាសក្រសួង​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​វិនិយោគរបស់ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ទី១៣ ខែមករា។ ឥណ្ឌូណេស៊ី បានប្រកាសបិទការនាំចេញធ្យូងថ្មនៅថ្ងៃទី១ ខែមក រាដើម្បីបំពេញតម្រូវការក្នុងប្រទេស។

 
ជិតពីរសប្ដាហ៍ក្រោយប្រកាសបិទការនាំចេញ ឥណ្ឌូណេស៊ សម្រេចបើកការនាំចេញជាថ្មី។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងសម្របសម្រួល​កិច្ចការ​សមុទ្រ និង​វិនិយោគ​​​នៅថ្ងៃទី១៣ ខែមករា ការហាមឃាត់ការនាំចេញធ្យូងថ្ម ត្រូវបានបន្ធូបន្ថយសម្រាប់អ្នកនាំចេញធ្យូងថ្ម​ដែលបាន​បំពេញ​លក្ខខណ្ឌ​របស់​អាជ្ញាធរ។​​ ក្រោម​លក្ខខណ្ឌនេះ ពួកគេលក់ ២៥ភាគរយ នៃទិន្នផលទៅឱ្យរោងចក្រផលិតថាមពលក្នុងស្រុកជាមួយនឹងតម្លៃ ៧០ ដុល្លារក្នុងមួយតោន។
 
បើតាមទិន្នន័យ Refinitiv Eikon នៅថ្ងៃទី១២ ខែមករា នាវាប្រហែល១២០គ្រឿង កំពុងផ្ទុក ឬកំពុងរង់ចាំចេញពីកំពង់ផែធ្យូងថ្មរបស់ឥណ្ឌូណេស៊ីនៅលើកោះ Borneo។ ក្នុងនោះនាវា ៣៧ គ្រឿងត្រូវបានអនុញ្ញាតឱ្យចាកចេញ ក្រោយបានបំពេញកិច្ចសន្យាលក់ជាមួយក្រុមហ៊ុនផលិតថាមពលរដ្ឋ​ Perusahaan Listrik Negara (PLN )​ ព្រមទាំងបានបំពេញការទាមទារ១០០ភាគរយនៃកាតព្វកិច្ចទីផ្សារក្នុងស្រុក (DMO) សម្រាប់ឆ្នាំ២០២១ ។
 
លោក Luhut Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលសម្រាប់កិច្ចការសមុទ្រ និងវិនិយោគ លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកស្នើឱ្យមានការត្រួតពិនិត្យបានយ៉ាងដិតដល់ចំពោះការអនុវត្តវិធានការនេះ និងការបន្ធូរបន្ថយថ្មីដែរ។
 
ការសម្រេចចិត្តបើកឱ្យនាវាផ្ទុកធ្យូងថ្មចេញ​ កើតឡើងបន្ទាប់ពីមានការទទូចឱ្យបន្ធូរបន្ថយការហាមឃាត់នាំចេញពីប្រទេសដែលនាំចូលធ្យូងថ្មដ៏ធំបំផុតពីឥណ្ឌូណេស៊ី រួមមានជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីនជាដើម។ 
 
រដ្ឋអាស៊ីអាគ្នេយ៍មួយនេះ ប្រកាសបិទការនាំចេញធ្យូងថ្មពេញមួយខែមករា ក្រោយក្រុមហ៊ុនថាមពលរដ្ឋ PLN រាយការណ៍ថា​ ការស្តុកទុកធ្យូងថ្មនៅរោងចក្រថាមពលនៅមានបរិមាណទាបខ្លាំង ដែលអាចធ្វើឱ្យមានការដាច់ភ្លើងពេញប្រទេស។ អាជ្ញាធរឥណ្ឌូណេស៊ីថែមទាំងបន្ទោសវិបត្តិធ្យូងថ្មទៅលើអ្នករុករកធ្យូងថ្មថែមទៀត ដែលខកខានមិនបានបំពេញកាតព្វកិច្ចទីផ្សារក្នុងស្រុក (DMO)៕

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com