អន្តរជាតិ
UNICEF៖ វ៉ាក់សាំងកូវីដ-១៩ ជាង១០០លានដូសនៅប្រទេសក្រីក្រ ត្រូវទុកចោល ព្រោះជិតផុតកំណត់ប្រើ​
14, Jan 2022 , 12:10 pm        
រូបភាព
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបាននីហ្សេរីយ៉ា កម្ទេចចោល។ រូបថត Xinhua
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបាននីហ្សេរីយ៉ា កម្ទេចចោល។ រូបថត Xinhua
ដោយ:
បណ្តាប្រទេសក្រីក្រជាច្រើន បានច្រានចោលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាង១០០លានដូស​ ដែលចែកចាយដោយកម្មវិធី​ COVAX។ មន្រ្តី UNICEF លើកឡើងបែបនេះនៅថ្ងៃទី១៣ ខែមករា។ វ៉ាក់សាំងដែលត្រូវបានចែកចាយភាគច្រើន សុទ្ធតែជិតផុតកំណត់ ខណៈក្រុមប្រទេសក្រីក្រកំពុងប្រឈមនឹងកង្វះខាតវ៉ាក់សាំង​។​

 
បើតាមទិន្នន័យរបស់ការប្រើប្រាស់ និងផ្គត់ផ្គង់វ៉ាក់សាំងដែលបានចែកចាយរបស់ UNICEF វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន​៦៨១លានដូស បានរក្សាទុកនៅបណ្តាប្រទេសក្រីក្រប្រហែល៩០។​​ ប៉ុន្តែ មកទល់ពេលនេះប្រទេសក្រីក្រជាង៣០ មានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងនីហ្សេរីយ៉ាជាដើម បានប្រើប្រាស់ចំនួនដូសនៃវ៉ាក់សាំងដែលប្រទេសទាំងនេះទទួលបានមិនដល់ពាក់កណ្តាលផង។
 
«ត្រឹមតែក្នុងខែធ្នូមួយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង១០០លានដូសត្រូវបានទុកចោល»។ ​លោកស្រី Etleva Kadilli នាយកផ្នែកផ្គត់ផ្គង់នៅ UNICEF ថ្លែងបែបនេះនៅសភាអឺរ៉ុបនៅថ្ងៃទី១៣ ខែមករា ។ លោកស្រី អះអាងថា មូលហេតុចម្បងគឺដោយសារវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានចែកចាយទៅបណ្តាប្រទេសក្រីក្រទាំងនោះ មានអាយុកាលប្រើប្រាស់ខ្លី។ 
 
បើតាមលោកស្រី Kadilli ប្រទេសក្រីក្រក៏ត្រូវបានបង្ខំឱ្យពន្យាពេលទទួលការផ្គត់ផ្គង់ផងដែរ ពីព្រោះប្រទេសទាំងនេះមានកន្លែងស្តុកទុកមិនគ្រប់គ្រាន់ រួមទាំងកង្វះទូរទឹកកកសម្រាប់រក្សាទុកវ៉ាក់សាំងផងដែរ។
 
ទាក់ទិននឹងបញ្ហានេះ ​ ការច្រានចោលវ៉ាក់សាំងដោយប្រទេសក្រីក្រនឹងបន្តកើនឡើងវិសមភាពនៃវ៉ាក់សាំងដែលកំពុងមានស្រាប់រវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។ បន្ថែមពីនេះ វាផ្តល់ផលប៉ះពាល់ដល់ប្រជាជននៅបណ្តាប្រទេសក្រីក្រទាំងនេះ ក៏ដូចជាប្រជាជនពិភពលោកទាំងមូល   ស្របពេលវីរុសបង្កជំងឺកូវីដ-១៩ ចេះតែបំប្លែងខ្លួនទៅជាប្រភេទថ្មីៗដែលបន្ស៊ាំខ្លួនទៅនឹងវ៉ាក់សាំងបង្ការ៕

© រក្សាសិទ្ធិដោយ thmeythmey.com