អន្តរជាតិ
ប្រមុខការទូតអាម៉េរិកថា កូរ៉េខាងជើងព្យាយាមបាញ់មីស៊ីលដើម្បីទាក់ទាញការចាប់អារម្មណ៍
14, Jan 2022 , 2:03 pm        
រូបភាព
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន។ រូបថត AFP
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន។ រូបថត AFP
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី១៣ ខែមករា បានរិះគន់កូរ៉េខាងជើងជុំវិញការសាកល្បងមីស៊ីលជាបន្តបន្ទាប់នៅដើមឆ្នាំ២០២២នេះ។ ក្នុងកិចសម្ភាសមួយ លោក ប្លីងខិន យល់ថា កូរ៉េខាងជើងព្យាយាមបាញ់មីស៊ីលជាច្រើនសារដោយសារតែចង់បានការចាប់អារម្មណ៍ប៉ុណ្ណោះ តែក៏ឆ្លៀតសង្កត់ធ្ងន់ថា ការណ៍នេះបានធ្វើឱ្យមានអស្ថិរភាពតំបន់ផងដែរ។

 
កូរ៉េខាងជើង បានបាញ់មីស៊ីលដល់ទៅពីរដងនៅដើមខែឆ្នាំ២០២២ ដែលទីក្រុងព្យុងយ៉ាងអះអាងថា ជាប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេង។ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក៏បង្ហាញវត្តមានក្នុងការសាកល្បងនៅថ្ងៃទី១១ ខែមករា ដោយបានបញ្ជាឱ្យយោធពង្រឹងសមត្ថភាពបន្ថែមទៀត។ក្រោយការបាញ់នោះទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើងព្រមទាំងរុស្ស៊ីដែលបានពាក់ព័ន្ធនឹងការផ្ដល់អាវុធគាំទ្រកម្មវិធីអាវុធ របស់កូរ៉េខាងជើង។
 
សម្រាប់ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ទំនងជាំទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោក។ អំឡុងកិច្ចសម្ភាសជាមួយទូរទស្សន៍ MANBC ថ្ងៃទី១៣ ខែមករា រដ្ឋមន្ត្រី ការបរទេសអាម៉េរិករូបនេះ បានទទូ​ចឱ្យកូរ៉េខាងជើងចូលរួមតុចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។ លោកក៏បានអះអាងដដែលៗថាអាម៉េរិកមិនមានបំណងធ្វើសត្រូវជារបបដឹកនាំកូរ៉េខាងជើងឡើយ។ 
 
«ខ្ញុំគិតថាការបាញ់មីស៊ីលមួយចំនួននេះគឺកូរ៉េខាងជើងចង់បានចំណាប់អារម្មណ៍។ រឿងនេះ​ធ្លាប់បាន​កើតឡើងពីមុនមក ហើយប្រហែលជាអាចបន្តទៅមុខទៀត»។ ប្រមុខការទូតអាម៉េរិក​​សង្កត់ធ្ង​ន់​បែប​នេះមុនបន្ថែមថា ការតេស្ដមីស៊ីលរបស់កូរ៉េខាងជើងកំពុងតែធ្វើឱ្យមានអស្ថិរភាព និងគ្រោះថ្នាក់​សម្រាប់តំបន់ និងពិភពលោក ហើយនេះក៏ផ្ទុយទៅនឹងសេចក្ដី​សម្រេចរបស់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិដែរ។
 
កូរ៉េខាងជើងឯណោះវិញ នៅថ្ងៃទី១៤ ខែមករា ក៏ព្រមានឆ្លើយតបទៅនឹងទណ្ឌកម្មអាម៉េរិកវិញដែរ។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង លើកឡើងថា អាម៉េរិកទៅវិញទេដែលកំពុង​បង្កើត​បញ្ហា​ដោយចេតនា ហើយប្រសិនបើអាម៉េរិកនៅតែប្រកាន់​ជំហរ​ប្រឈមមុខ​ដាក់គ្នា​បែបនេះ កូរ៉េខាង​ជើង​នឹង​ត្រូវ​បង្ខំ​ឱ្យតបតខ្លាំងជាងមុន និងជាក់លាក់ជាងមុនផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េ KCNA ៕

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com