អន្តរជាតិ
អង់គ្លេស និងឥណ្ឌាចាប់ផ្ដើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
14, Jan 2022 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស និងឥណ្ឌា។ រូបថតពី BBC
រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស និងឥណ្ឌា។ រូបថតពី BBC
ចក្រភពអង់គ្លេស និងឥណ្ឌានៅថ្ងៃទី១៣ ខែមករា បានចាប់ផ្ដើមការចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលគ្របដណ្ដប់លើផលិតផលតម្លៃរាប់ពាន់លានដុល្លារ។ ប្រទេសទាំងពីរនេះ ដាក់គោលដៅទទួលបានកិច្ចព្រមព្រៀងមួយត្រឹមចុងឆ្នាំ២០២២នេះ​ដែលនឹងជួយជំរុញទំនាក់ទំនង​ពាណិជ្ជកម្មទៅវិញទៅមក។

 

ក្រោយដើរចេញសហភាពអឺរ៉ុប ចក្រភពអង់គ្លេសបានខិតទៅរកឥណ្ឌាដែលជាប្រទេសមួយដែល​សេដ្ឋកិច្ចកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ហើយនឹងក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេលំដាប់ទី​៣​លើពិភពលោកក្នុងឆ្នាំ២០៥០។ អ្វីដែលសំខាន់ជាងនេះ ខណៈដែលការចរចាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយអាម៉េរិកគ្មានការរីកចម្រើនទៅមុខ ការចាប់ផ្ដើម​កិច្ចចរចា​ជាមួយ​ឥណ្ឌា​ជា​ផ្លូវ​មួយដ៏សំខាន់របស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងដើមឆ្នាំ២០២២។  

អំឡុងជំនួបថ្ងៃទី១៣ ខែមករា រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា Piyush Goyal និងរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិចក្រភពអង់គ្លេស លោកស្រី Anne-Marie Trevelyan បានលើកឡើងថា ប្រទេសទាំង​ពីរ​នឹង​មានកិច្ចព្រមព្រៀងមានកម្រិតមួយនៅប៉ុន្មានខែខាងមុខនេះ។  

«នេះគឺជាឱកាសមួយដែលយើងត្រូវចាប់យកដើម្បីដឹកនាំភាពជាដៃគូរបស់យើងតាមការរីកចម្រើន​ទៅ​វិញទៅមកសម្រាប់ទសវត្សរ៍ខាងមុខ»។ លោកស្រី Trevelyan លើកឡើងបែបនេះ មុនបន្តថា កិច្ចចរចា​មួយនេះ នឹងជួយបង្កើនការនាំចេញទៅឥណ្ឌាជិតទ្វេដង ហើយនឹងជួយបង្កើន​ទំហំពាណិជ្ជកម្ម​ទាំង​មូលពី២៣ពាន់លានផោនក្នុងឆ្នាំ២០១៩ ទៅ២៨ពាន់លានផោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣៥។  

អ្វីដែលអង់គ្លេសចង់បាននោះ គឺក្រុមហ៊ុនអង់គ្លេសអាចលក់​ផលិតផល​ជា​ច្រើន​ទៀត​ដូចជាស្រាវីស្គី​ទៅ​កាន់ទីផ្សារឥណ្ឌា។ អង់គ្លេស ក៏ចង់ឱ្យឥណ្ឌាក្លាយជាប្រទសមួយដែលនឹងទិញ​បច្ចេកវិទ្យាបៃតង និ​ង​សេវាកម្មរបស់ចក្រភពអង់គ្លេសផងដែរ។  

ចំណែកឯ ឥណ្ឌាឯណោះវិញ ចង់បានឱកាសកាន់តែច្រើនសម្រាប់ប្រជាជនឥណ្ឌាក្នុងការរស់នៅ និង​ធ្វើការនៅអង់គ្លេស ហើយព្រមទាំងការបន្ធូរបន្ថយច្បាប់ និងការបញ្ចុះថ្លៃសម្រាប់និស្សិត និងអ្នកជំនាញ​ឥណ្ឌាដែលទៅចក្រភពអង់គ្លេសផងដែរ។ ទោះជាយ៉ាងណា លោក Goyal សង្កត់ធ្ងន់ថា ប្រទេស​ទាំងពីរនឹងមិនយកបញ្ហាទាំងនេះជាលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះ​ឡើយ។   

រដ្ឋមន្ត្រីឥណ្ឌាបន្តថា ប្រទេសទាំងពីរ ក៏នឹងមិនលើកពីបញ្ហាណាដែលរសើបសម្រាប់ភាគីណាមួយ​ឡើយ ហើយនឹងគិតពីផលប្រយោជន៍រួមនិងមិនប៉ះពាល់ភាគីណាមួយជាមុន។ កន្លងមកឥណ្ឌាដែ​ល​ងាយរងគ្រោះដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី តែងតែស្ទាក់ស្ទើរ​ក្នុងការ​ធ្វើ​សេរីភាវូបនីយកម្ម ឬការបើកទីផ្សារឱ្យទំនិញបរទេសហូរចូលស្រួលជាងមុន៕

Tag:
 អង់គ្លេស
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com