អន្តរជាតិ
ប្រជាជន​អាហ្វហ្កានីស្ថាន​រាប់​លាននាក់​ប្រឈមមុខវិបត្តិ, ប្រមុខ UN ទទូចជាថ្មីឱ្យលើកលែងទណ្ឌកម្ម
14, Jan 2022 , 5:30 pm        
រូបភាព
ប្រមុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី ១៣​ ខែមករា បានព្រមានជាថ្មីថា ប្រជាជនអាហ្វហ្កានីស្ថានរាប់លាននាក់កំពុងប្រឈមនឹងការបាត់បង់ជីវិត ខណៈជួបប្រទះវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ហើយសេដ្ឋកិច្ចក៏ជិតដួលរលំ។ ប្រមុខ UN ក៏អំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយដល់មូលនិធិមនុស្សធម៌៥ពាន់លានដុល្លារ និងបញ្ឈប់ការបង្កកទុនបម្រុងអាហ្វហ្កានីស្ថានផងដែរ។



«សីតុណ្ហភាពត្រជាក់រួមនឹងការបង្កកទុនបម្រុងអាហ្វហ្កានីស្ថាន បានបង្កស្ថានភាពដ៏លំបាកសម្រាប់ប្រជាជន ហើយច្បាប់និងលក្ខខណ្ឌផ្សេងៗដែលរារាំងមិនឱ្យជំនួយជាទឹកប្រាក់ហូរចូលដើម្បីសង្គ្រោះជីវិតមនុស្ស និងសេដ្ឋកិច្ចអាហ្វហ្កានីស្ថាន គួរតែត្រូវបានផ្អាកក្នុងគ្រាអាសន្ននេះ»។ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការ UN ​ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី ១៣​ ខែមករា។ 
 
សេដ្ឋកិច្ចអាហ្វហ្កានីស្ថានដែលកន្លងមកពឹងផ្អែក​ទាំងស្រុងលើជំនួយ បានប្រែជាដុនដាបខ្លាំងនៅពេលក្រុមតាលីបង់ដណ្តើមអំណាច ស្របពេលការចាកចេញដ៏វឹកវររបស់ទាហានអាម៉េរិក និងអង្គការណាតូ។ អាម៉េរិកក៏បានផ្ដាច់ជំនួយ និងបង្កកទុនបម្រុងអាហ្វហ្កានីស្ថាននៅធនាគារកណ្ដាលទៀត។ សហគមន៍អន្តរជាតិ ក៏បានបង្កកទ្រព្យសម្បត្តិរបស់អាហ្វហ្កានីស្ថាននៅក្រៅប្រទេស និងបញ្ឈប់ការគាំទ្រផ្នែកសេដ្ឋកិច្ច ដោយមិនចង់ផ្តល់ការទទួលស្គាល់ឱ្យក្រុមតាលីបង់។
 
បើតាម UN ប្រជាជនអាហ្វហ្កានីស្ថានជាង៨,៧លាននាក់ កំពុងស្ថិតក្នុងស្ថានភាពអត់ឃ្លាន។ លោក ហ្គូតេរ៉េស បានលើកឡើងថា ការចាក់បញ្ចូលសាច់ប្រាក់ក្នុងសេដ្ឋកិច្ចអាហ្វហ្កានីស្ថាន ជារឿងដ៏សំខាន់ដើម្បីបញ្ចៀសការដួលរលំសេដ្ឋកិច្ចដែលនឹងនាំទៅរកភាពក្រីក្រ ភាពអត់ឃ្លាន និងទុរ្ភិក្សសម្រាប់ប្រជាជនរាប់លាននាក់។ លោក​បាន​សង្កត់​ធ្ងន់​ថា ការគាំទ្រសេដ្ឋកិច្ចមិនឱ្យដួលរលំគឺជារឿង​ចាំបាច់ ព្រោះប្រជាជនអាហ្វហ្កានីស្ថានប្រឈមនឹងការបាត់បង់ជីវិត។ 
 
លើសពីនេះដែរ​ ប្រមុខ UN រូបនេះបានលើកឡើងពីតួនាទីរបស់អាម៉េរិកក្នុងការស្ដារសេដ្ឋកិច្ចអាហ្វហ្កានីស្ថាន ដ្បិតប្រព័ន្ធហិរញ្ញវត្ថុភាគច្រើននៅក្នុងពិភពលោកដំណើរការជាប្រាក់ដុល្លារ។​ អាម៉េរិកបានបង្កកទុនបម្រុងបរទេសរបស់អាហ្វហ្កានីស្ថានជាង៧ពាន់លានដុល្លារដែលស្ថិតនៅក្នុងធនាគារអាម៉េរិក។ 
 
ស្របពេលអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយដល់ប្រជាជនអាហ្វហ្កានីស្ថាន លោក ហ្គូតេរ៉េស ក៏បានអះអាងថា លោកកំពុងអំពាវនាវជាបន្ទាន់ដូចគ្នាចំពោះមេដឹកនាំតាលីបង់ឱ្យទទួលស្គាល់ និងការពារសិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរបស់ស្ត្រី និងកុមារី និងដើម្បីកសាងស្ថាប័នរដ្ឋាភិបាលដែលតំណាង​ឱ្យប្រជាជនអាហ្វហ្កានីស្ថានទាំងអស់។
 
ថ្មីៗនេះ UN បានលើកឡើងថា ខ្លួនត្រូវការជំនួយជិត៥ពាន់លានដុល្លារសម្រាប់ផ្តល់ឱ្យអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០២២។ ជំនួយនេះនឹងគាំទ្រដល់ប្រជាជនអាហ្វហ្កានីស្ថានក្នុងប្រទេស និងប្រជាជនអាហ្វហ្កានីស្ថានដែលភៀសខ្លួននៅប្រទេសជិតខាងផងដែរ។ ក្រោយការប្រកាសសុំជំនួយ អាម៉េរិកបានប្រកាសបរិច្ចាគប្រាក់បន្ថែមចំនួន៣០៨លានដុល្លារដែលនឹងត្រូវបានបញ្ជូនតាមរយៈទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)៕

Tag:
 UN
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com