ជាតិ
ខេត្តបាត់ដំបង ទទួលបានទេសចរច្រើនជាងគេ បន្ទាប់ពីភ្នំពេញ ក្នុងថ្ងៃចូលឆ្នាំចិន
05, Feb 2022 , 10:59 am        
រូបភាព
 រូបភាព ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
រូបភាព ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
ដោយ៖ ហេង ស្រីលីន
 
ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរចំនួន ១៩៣ ៥៦៧នាក់ គឺជាចំនួនច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញដែលស្ថិតនៅលេខរៀងទី១ ជាគោលដៅទាក់ទាញបានច្រើនជាងគេបង្អស់ នាពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមកន្លងទៅ។ ក្នុងចំណោមទេសចរជិត ២០ម៉ឺននាក់ដែលបានដើរលេងនៅខេត្តបាត់ដំបងនោះ មានទេសចរបរទេសផ្ទៃក្នុងចំនួន ៤៦១នាក់។ នេះបើតាមតួលេខរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។


 
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យបាត់ដំបងទាក់ទាញបានទេសចរក្នុងចំនួនដ៏ច្រើននេះ គឺដោយសារតែអាជ្ញាធរខេត្តនេះ បានរៀបចំផលិតផលថ្មីៗ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធទៅកាន់រមណីយគោលដៅទេសចរណ៍ទាំងនោះមានភាពងាយស្រួល និងមានសណ្តាប់ធ្នាប់ល្អប្រសើរផងដែរ។ គោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តបាត់ដំបង មានដូចជារមណីយដ្ឋានភ្នំបាណន់ ភ្នំសំពៅ អាងកំពីងពួយ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ជាដើម និងរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិមួយចំនួនទៀត។
 
ក្នុងពិធីបុណ្យចូលឆ្នាំចិន មានទេសចរចំនួន ៩៤៧ ៤៩៧នាក់ ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេស ក្នុងនោះភ្ញៀវទេសចរបរទេសផ្ទៃក្នុង មាន ១៦ ១៨៩នាក់។ រាជធានី-ខេត្តចំនួន៥ ដែលមានទេសចរច្រើនជាងគេគឺរាជធានីភ្នំពេញ បាត់ដំបង ព្រះសីហនុ កំពត និងខេត្តសៀមរាប៕

រូបភាព ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង៖




 

Tag:
 ThmeyThmey25
  ទេសចរ
  បាត់ដំបង
 ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com