ជាតិ
លោក នួន ផារ័ត្ន ស្នើនិស្សិតដែលទៅសិក្សានៅបរទេស ផ្សព្វផ្សាយពីការអភិវឌ្ឍរបស់កម្ពុជា
05, Feb 2022 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
នាជំនួបជាមួយ និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ឆ្នាំ២០២១ ឆ្នាំ២០២២ ពីថ្ងៃទី៤ ខែកុម្ភៈ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យនិស្សិតខ្មែរដែលទៅសិក្សានៅបរទេស ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយផ្សព្វផ្សាយពីការអភិវឌ្ឍរបស់ប្រទេស ទៅដល់បរទេស។

 
ក្នុងនាមជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានី សម្រាប់ជំនួបនេះ លោក នួន ផារ័ត្ន ក៏បានលើកឡើងពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ទៅដល់និស្សិតជ័យលាភីទាំង២៩នាក់ ដែលនឹងចេញទៅសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នៅអូស្ត្រាលីនាពេលខាងមុខដែរ។ បើតាមលោក នួន ផារ័ត្ន រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឯកសារគោលសំខាន់ៗរួមមានប្លង់គោលប្រើប្រាស់ដីធ្លី ២០១៥-២០៣៥ ផែនការមេស្តីពីការលើកកម្ពស់ប្រព័ន្ធប្រឡាយ-លូ និងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញឆ្នាំ២០១៦  ផែនការមេស្តីពីការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនឆ្នាំ២០១៤ និងការឈានទៅអនុម័តឱ្យប្រើប្រាស់ឯកសារផែនទីយុទ្ធសាស្ត្រ ស្តីពីទីក្រុងវៃឆ្លាត និងប្រកបដោយនិរន្តរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០៣៥ ។ 
 
អភិបាលរងរាជធានីភ្នំពេញ  ក៏បានលើកទឹកចិត្តពួកគេ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹងទាំងនោះ មកចូលរួមអភិវឌ្ឍន៍ប្រទេស នៅពេលពួកគេត្រឡប់មកវិញ៕
 


Tag:
 នួន ផារ័ត្ន
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com