ជាតិ
រដ្ឋាភិបាលបន្តលើកលែងពន្ធអាជីវកម្មទេសចរណ៍ នៅរាជធានី-ខេត្តគោលដៅ ៦ខែទៀត
05, Feb 2022 , 3:19 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលបន្តលើកលែងពន្ធប្រចាំខែ ដល់អាជីវកម្មទេសចរណ៍ នៅរាជធានី-ខេត្តចំនួន៥ និងក្រុងចំនួន២ រយៈពេល១ឆមាសទៀតក្នុងឆ្នាំ២០២២។ ចំណែកបុគ្គលិកបម្រើការក្នុងអាជីវកម្មទេសចរណ៍ដែលបានព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារចាប់ពីខែមករា តទៅ។


 
ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍ ដែលមានមូលដ្ឋានអាជីវកម្មនៅ រាជធានីភ្នំពេញ សៀមរាប កំពត កែប ព្រះសីហនុ ក្រុងបាវិត និងក្រុងប៉ោយប៉ែតមិនតម្រូវឱ្យបង់ពន្ធប្រចាំខែគ្រប់ប្រភេទទាំងអស់ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២។ តែម្ចាស់អាជីវកម្មត្រូវបន្តដាក់លិខិតប្រកាសពន្ធអាករជារៀងរាល់ខែ។
 
ជាមួយគ្នានេះ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ដែលត្រូវបានព្យួរការងារជាបណ្ដោះអាសន្នដោយសារការរីករាលនៃជំងឺកូវីដ-១៩ទាំងអស់ នឹងបន្តទទួលបានប្រាក់ឧបត្ថម្ភម្នាក់ ៤០ដុល្លារអាម៉េរិក ពីរដ្ឋាភិបាលចាប់ពីខែមករា រហូតដល់មានការជូនដំណឹងជាថ្មី។ ចំណែកម្ចាស់អាជីវកម្មត្រូវរួមចំណែកផ្ដល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកដែលខ្លួនបានព្យួរការងារតាមលទ្ធភាព។
 
សូមជម្រាបផងដែរថាក្នុងខែកុម្ភៈនេះ រដ្ឋាភិបាល នឹងប្រកាសពីការផ្ដល់កម្ចីហិរញ្ញប្បទានចំនួន២០០លានដុល្លារអាម៉េរិក ដល់អាជីវកម្មទេសចរណ៍ សម្រាប់កែលម្អអាជីវកម្ម ដើម្បីទទួលទេសចរឡើងវិញក្នុងបរិបទកូវីដ-១៩៕
 


Tag:
 ទេសចរណ៍
  ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com