អន្តរជាតិ
ក្រុង Ipoh នៅម៉ាឡេស៊ី ហាមពលរដ្ឋដាំទុរេននៅបរិវេណផ្ទះ
05, Feb 2022 , 7:39 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ធីតា
ក្រុមប្រឹក្សាក្រុង Ipoh រដ្ឋ Perak ប្រទេសម៉ាឡេស៊ី បានហាមប្រាមពលរដ្ឋរបស់ខ្លួន មិនឲ្យដាំទុរេនតាមផ្ទះនោះឡើយ។ យោងតាមការផ្សាយរបស់ NST Online លោកអភិបាលក្រុង Rumaizi Baharin បានព្រមានចាត់វិធានការច្បាប់ចំពោះបុគ្គលណាដែលមិនគោរពការណែនាំ។

 
«យើងមានបទបញ្ជាត្រឹមត្រូវ អ្នកដែលរំលោភលើបទបញ្ជាទាំងនោះ យើងនឹងអនុវត្តតាមផ្លូវច្បាប់ប្រឆាំងពួកគេ»។ អភិបាលក្រុង Ipoh បានលើកឡើងយ៉ាងដូច្នេះ ហើយបានសង្កត់ធ្ងន់ថា ដើមឈើធំៗ ដូចជាទុរេន ជាដើមនោះ មិនគួរត្រូវបានដាំនៅតំបន់មនុស្សរស់នៅឡើយ។
 
លោក Rumaizi មិនបានបញ្ជាក់ពីមូលហេតុលើសពីនេះឡើយ ប៉ុន្តែលោកបានបញ្ជាក់ថា មានតែដំណាំដើមតូចៗសម្រាប់លក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យដាំនៅតំបន់គេហដ្ឋានប្រជាពលរដ្ឋ ប៉ុន្តែអាជ្ញាធរក៏មានការណែនាំទាក់ទងនឹងការប្រើប្រាស់ប្រភេទជីកសិកម្មផងដែរ។
 
មុនឈានដល់ចំណាត់ការតាមផ្លូវច្បាប់ លោកអភិបាលក្រុង Ipoh បានបញ្ជាក់ថា៖ «នៅដំណាក់កាលបឋម យើងនឹងហៅទៅណែនាំសិនសម្រាប់អ្នកដែលរំលោភបទបញ្ជា»។
 
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ការនាំចេញដំណាំកសិកម្មរបស់ម៉ាឡេស៊ី ដែលមានទុរេនផងដែរនោះ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការអនុវត្តកិច្ចព្រមព្រៀងជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ (RCEP)
 
អ្នកជំនាញខាងឧស្សាហកម្មបាននិយាយថា ការនាំចេញកសិផលរបស់ប្រទេសម៉ាឡេស៊ី រួមទាំងផ្លែធុរេនដែលចង់បានច្រើនរបស់ខ្លួន នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការចាប់ផ្តើមនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។
 
ម៉ាឡេស៊ី បានចាប់ផ្តើមនាំចេញទុរេនស្រស់ទៅកាន់ទីផ្សារចិន នៅឆ្នាំ២០១៩ បន្ទាប់ពីអាជ្ញាធរបានកំណត់ពីសក្តានុពលនៃការនាំចេញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com