អន្តរជាតិ
លោក ប្រាយុទ្ធ៖ ខ្ញុំគ្មានបំណងទុកតំណែងនាយករដ្ឋមន្រ្តីសម្រាប់ខ្លួនឯងរហូតឡើយ
05, Feb 2022 , 5:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានអះអាងនៅថ្ងៃទី៤ ខែកុម្ភៈ ថា លោកគ្មានបំណងធ្វើជានាយករដ្ឋមន្រ្តីរហូតឡើយ ហើយការកាន់អំណាច៧-៨ឆ្នាំមកនេះ ក៏ធ្វើទៅតាមច្បាប់អនុញ្ញាតដែរ។ ប៉ុន្តែឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះមិនទាន់បញ្ជាក់ថា លោកនឹងកាន់តំណែងដល់ពេលណា ឬបន្តឈរឈ្មោះនៅអាណត្តិក្រោយទៀតឬយ៉ាងណាឡើយ។

 
លោក ប្រាយុទ្ធ ចន្ទអូចា ឡើងកាន់អំណាចក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនៅឆ្នាំ២០១៤ ហើយក្រោយមកក៏ក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ។ ដឹកនាំប្រទេសជាង៨ឆ្នាំមក ទាំងក្នុងនាមជាមេដឹកនាំរដ្ឋប្រហារ និងជាបេក្ខជនដែលជ្រើសរើសដោយស្ថាប័ននីតិបញ្ញត្តិ លោក ប្រាយុទ្ធ អះអាងថា លោកនឹងដឹកនាំប្រទេសតាមច្បាប់កំណត់ ព្រោះលោកត្រូវគោរពច្បាប់ មិនអាចធ្វើអ្វីតាមចិត្តចង់ឡើយ ហើយលោកក៏មិនអង្គុយកៅអីនាយករដ្ឋមន្រ្តីរហូតដែរ។
 
«ខ្ញុំគ្មានបំណងទុកតំណែងនាយករដ្ឋមន្ត្រីសម្រាប់ខ្លួនឯងរហូតឡើយ។ កុំបារម្ភថា ខ្ញុំចង់បានអំណាចនោះ។» អតីតប្រមុខកងទ័ពជើងគោកថៃបញ្ជាក់បែបនេះទៅកាន់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលថៃ។ បើតាមកាសែតបាងកកប៉ុស្តិ៍ លោក ប្រាយុទ្ធ លើកឡើងថា បន្តឈរឈ្មោះមួយអាណត្តិទៀតឬអត់ អាស្រ័យលើស្ថានការណ៍។
 
ការបោះឆ្នោតអាណត្តិបន្ទាប់នៅថៃ មិនទាន់កំណត់ពេលជាក់លាក់នៅឡើយ តែមិនត្រូវយូរជាងឆ្នាំ២០២៣ឡើយ។ យ៉ាងណាមិញ សភាថៃមិនទាន់អនុម័តច្បាប់សំខាន់ពីរដែលបម្រើការបោះឆ្នោតឡើយ។ មួយគឺច្បាប់ស្ដីពីគណបក្សនយោបាយ និងមួយទៀតគឺច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកសភា។ ច្បាប់ទាំងពីរ ត្រូវបានផ្លាស់ប្ដូរឱ្យស្របតាមការកែទម្រង់ប្រព័ន្ធបោះឆ្នោត។
 
ក្រោមកំណែទម្រង់ថ្មី ចំនួនសមាជិកសភាដែលតំណាងឱ្យមណ្ឌលទូទាំងប្រទេសនឹងកើនពី៣៥០ដល់៤០០ ខណៈចំនួនសមាជិកសភាដែលជ្រើសរើសតាមបញ្ជីគណបក្សថយពី១៥០មកត្រឹម១០០វិញ។ ការបោះឆ្នោតខាងមុខ នឹងមានធុងពីរដូចគ្នានេះដែរ។
 
នាសន្និសីទសារព័ត៌មានខាងលើ លោក ប្រាយុទ្ធ ទទូចឱ្យសមាជិកសភាចូលប្រជុំឱ្យគ្រប់តាមកូរ៉ុមដើម្បីពន្លឿនការអនុម័តច្បាប់សំខាន់នេះ។ 

Tag:
 ថៃ
  ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com