ជាតិ
CADT និងធនាគារមួយនៅកម្ពុជា សហការផ្តល់កម្ចីសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលដល់និស្សិត
05, Feb 2022 , 4:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សហការជាមួយធនាគារហ្វីលីព ផ្ដល់កម្ចីដល់និស្សិតសិក្សាជំនាញបច្ចេកវិទ្យាលើទំហំទឹកប្រាក់រហូតដល់ ៦ពាន់ដុល្លារអាម៉េរិក។ កម្ចីនេះសម្រាប់និស្សិតប្រឡងជាប់ចូលរៀននៅ CADT។


 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កិច្ចសហការផ្ដល់កម្ចីនេះ គឺបង្កើតឡើងក្នុងបំណងជំរុញការសិក្សាថ្នាក់ឧត្តមសិក្សារបស់និស្សិតដែលគ្មានលទ្ធភាព។ CADT ក៏រំពឹងដែរថា ការផ្ដល់កម្ចីសិក្សានេះ ក៏រួមចំណែកជំរុញកំណើននិស្សិតជ្រើសរើសសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដែលកំពុងមានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
 
តាមរយៈកិច្ចសហការនេះ និស្សិតដែលបានប្រឡងជាប់ចូលសិក្សានៅCADT នឹងទទួលបានកម្ចីសិក្សាពីធនាគារហ្វីលីព រហូតដល់៦ពាន់ដុល្លារអាម៉េរិក សម្រាប់មួយចប់បរិញ្ញាបត្រ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល ដោយបញ្ជា់ទៀតថា និស្សិតអាចបង់សងត្រឡប់ទៅធនាគារវិញ ក្រោយបញ្ចប់ការសិក្សា និងពេលមានចំណូលសមរម្យ។ CADT នឹងទទួលខុសត្រូវសងប្រាក់ត្រឡប់ ទៅធនាគារជំនួសនិស្សិត ក្នុងករណីគេមិនអាចរកការងារបាន ក្រោយបញ្ចប់ការសិក្សា ។ 
 
សូមជម្រាបដែរថា កម្មវិធីកម្ចីសិក្សានេះផ្ដល់ជូនដល់និស្សិត ដែលបានប្រឡងជាប់ចូលសិក្សា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ទូរគមនាគមន៍ និងបណ្ដាញ និងពាណិជ្ជកម្មអេឡិចត្រូនិក៕



© រក្សាសិទ្ធិដោយ thmeythmey.com