ជាតិ
វីដេអូ
កត្តាសំខាន់ៗដែលសិស្សបាក់ឌុបគួរស្វែងយល់ មុនជ្រើសរើសជំនាញនៅឧត្តមសិក្សា
05, Feb 2022 , 7:59 pm        
រូបភាព
អ្នកស្រី លឹម វិរិយា សាស្រ្តាចារ្យផ្នែកធុរកិច្ច និងជាសហគ្រិន១រូប
អ្នកស្រី លឹម វិរិយា សាស្រ្តាចារ្យផ្នែកធុរកិច្ច និងជាសហគ្រិន១រូប
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ការជ្រើសរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា គឺជារឿងដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២។ ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស ក្នុងការជ្រើសរើសជំនាញ អ្នកស្រី លឹម វិរិយា សាស្រ្តាចារ្យផ្នែកធុរកិច្ច និងជាសហគ្រិនមួយរូបនៅលើកទឹកចិត្តសិស្ស ឱ្យជ្រើសរើសជំនាញសិក្សាដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន ពោលគឺចៀសវាងរៀនតាមគ្នីគ្នា។ បន្ថែមពីនេះ អ្នកស្រី ក៏ជំរុញឱ្យសិស្សរៀនជំនាញបន្ទាប់បន្សំបន្ថែមទៀត ដូចជាភាសាបរទេស និងបច្ចេកវិទ្យាជាដើម ដែលជំនាញទាំងនេះ នឹងក្លាយជាទុនបន្ថែមសម្រាប់អាជីពអនាគតរបស់ពួកគេ។ ក្រៅពីកត្តាចំណូលចិត្ត សាស្ត្រាចារ្យរូបនេះ ក៏ទទូចឱ្យក្រុមគ្រួសារ ឬអាណាព្យាបាលសិស្ស ផ្តល់ការលើកទឹកចិត្ត និងគាំទ្រនូវការសម្រេចិត្តជ្រើសរើសជំនាញសិក្សារបស់សិស្សផងដែរ។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី»  និងអ្នកស្រី លឹម វិរិយ៉ា ដូចតទៅ៖
 
 
ដើម្បីជ្រើសរើសជំនាញសិក្សា នៅថ្នាក់ឧត្តមសិក្សាឱ្យត្រឹមត្រូវ សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ ត្រូវតែដឹងឱ្យជាក់ច្បាស់ ពីសុបិន ឬចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន ។ នេះជាការបញ្ជាក់របស់អ្នកស្រី លឹម វិរិយា សាស្រ្តាចារ្យផ្នែកធុរកិច្ច និងជាសហគ្រិនមួយរូប។
 
នៅក្នុងកិច្ចសម្ភាសជាមួយកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ សាស្ត្រាចារ្យរូបនេះ ពន្យល់ថា ការណ៍ដែលសិស្សបានដឹងពីចំណូលចិត្តពិតរបស់ខ្លួន នោះពួកគេនឹងអាចរៀបចំផែនការអនាគតរបស់គេ បានច្បាស់លាស់ដែរ។ យ៉ាងណាក៏ដោយ អ្នកស្រី វិរិយា ទទួលស្គាល់ថា មានសិស្សានុសិស្សជាច្រើន ពិបាករកឃើញនូវសុបិន និងចំណង់ចំណូលចិត្ត ទេពកោលស្យរបស់ខ្លួនដែរ ហើយមួយចំនួន បានសម្រេចជ្រើសរើសជំនាញសិក្សាខុស។  ក្នុងករណីនេះ សាស្ត្រាចារ្យរូបនេះ លើកទឹកចិត្តសិស្ស ឱ្យផ្លាស់ប្តូរនូវជំនាញសិក្សាភ្លាមៗ បើទោះបីជាពួកគេបានចំណាយពេលសិក្សា ១ ឬ២ឆ្នាំរួចហើយក៏ដោយ។
 
«ដូរទៅ កុំស្តាយ បើយើងដឹងខ្លួនថាខុសហើយ យើងអត់ស្រឡាញ់ជំនាញហ្នឹងទេ សួរថាបន្តទៀតដើម្បីអ្វី?»។  នេះជាការបញ្ជាក់របស់អ្នកស្រី លឹម វិរិយា ជំនាញដែលសិស្សបានសិក្សាកន្លងមក ក៏វានឹងក្លាយជាជំនាញទន់បន្ថែមទៀតសម្រាប់គាំទ្រអាជីពរបស់ពួកគេទៅអនាគត។
 
ក្រៅពីកត្តាចំណូលចិត្ត សាស្ត្រាចារ្យរូបនេះ ក៏ទទូចឱ្យក្រុមគ្រួសារ ឬអាណាព្យាបាលសិស្ស ផ្តល់ការលើកទឹកចិត្ត និងគាំទ្រនូវការសម្រេចិត្តជ្រើសរើសជំនាញសិក្សារបស់សិស្សផងដែរ។ អ្នកស្រី ក៏ជំរុញឱ្យសិស្សរៀនជំនាញបន្ទាប់បន្សំបន្ថែមទៀត ដូចជាភាសាបរទេស និងបច្ចេកវិទ្យាជាដើម ដែលជំនាញទាំងនេះ នឹងក្លាយជាទុនបន្ថែមមិនអាចខ្វះបាន សម្រាប់អនាគត៕
 
អ្នកស្រី លឹម វិរិយា សាស្រ្តាចារ្យផ្នែកធុរកិច្ច និងជាសហគ្រិន១រូប
 

Tag:
 អប់រំ
  លឹម វិរិយ៉ា
  ជំនាញ
  សិក្សា
  ឧត្តមសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com