អន្តរជាតិ
លោក ប្លីងខិន នឹងមកតំបន់អាស៊ីដើម្បីបញ្ជាក់ការប្ដេជ្ញាចិត្តរបស់អាម៉េរិក ទោះជាប់ដៃរឿងអ៊ុយក្រែនក្ដី
05, Feb 2022 , 8:39 pm        
រូបភាព
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន នឹងធ្វើដំណើទស្សនកិច្ចទៅអាស៊ីនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាបញ្ហាប្រឈមនានាជាមួយសម្ព័ន្ធមិត្តតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយចូលរួមជំនួបរដ្ឋមន្រ្តីនៃកិច្ចសន្ទនាដៃគូសន្តិសុខចតុភាគី (Quad) ផងដែរ។ ក្រសួងការបរទេស អាម៉េរិកប្រកាសបែបនេះនៅថ្ងៃទី៤ ខែកុម្ភៈ។

 
លោក អាន់តូនី ប្លីងខិន នឹងធ្វើដំណើរចាកចេញពីទីក្រុង វ៉ាស៊ីនតោននៅថ្ងៃទី៧ ខែកុម្ភៈ ដោយចាប់ផ្ដើមទស្សនកិច្ចរហូតដល់ថ្ងៃទី១២ ខែកុម្ភៈដើម្បីជួបជាមួយសមភាគីប្រទេសសមាជិក Quad មានអាម៉េរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ។ លោក ប្លីងខិន ក៏នឹងជួបមេដឹកនាំតំបន់ប៉ាស៊ីហ្វិកនៅទឹកដីហ្វីជី មុនធ្វើដំណើរទៅរដ្ឋហាវៃដើម្បីពិភាក្សាជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងពីបញ្ហាតេស្តមីស៊ីលរបស់កូរ៉េខាងជើង។
 
ក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺអាម៉េរិកចង់ចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បីពង្រឹងសន្តិភាព ភាពរឹងមាំ និងភាពរីកចម្រើននៅទូទាំងតំបន់ដូចដែលអាម៉េរិកបានប្ដេជ្ញាចិត្ត។
 
លើសពីនេះ ក្រសួងការបរទេសអាម៉េរិកក៏បានលើកឡើងថា អំឡុងដំណើរទស្សនកិច្ចនៅហ្វីជី ប្រមុខការទូតអាម៉េរិកនឹងពិភាក្សាពីបញ្ហាមួយចំនួនជាមួយមេដឹកនាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដូចជា វិបត្តិអាកាសធាតុ ជំងឺកូវីដ-១៩ ជំនួយគ្រោះមហន្តរាយ និងវិធានការនានាដើម្បីជំរុញការប្ដេជ្ញាចិត្តរួមគ្នាចំពោះលទ្ធិប្រជាធិបតេយ្យ សាមគ្គីភាពនៅក្នុងតំបន់ និងភាពរីកចម្រើន។
 
មន្ត្រីជាន់ខ្ពស់អាម៉េរិកធ្លាប់អះអាងថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិនគ្រោងចាប់ផ្តើមគំនិតផ្តួចផ្តើម «កោះប៉ាស៊ីហ្វិកថ្មី» ជាមួយសម្ព័ន្ធមិត្ត និងដៃគូនានាដែលនឹងប្រមូលផ្តុំប្រទេសក្នុងតំបន់ដើម្បីបង្កើនកិច្ចខិតខំលើរឿងអាកាសធាតុ បញ្ហាតំបន់សមុទ្រ ព្រមទាំងបញ្ហាដឹកជញ្ជូនផ្សេងៗផងដែរ។
 
អ្នកវិភាគគោលនយោបាយលើកឡើងថាការធ្វើដំណើរទស្សនកិច្ចទៅអាស៊ីរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកចំពេលវិបត្តិនៅអ៊ុយក្រែននៅតែមានភាពតានតឹង ទំនងបង្ហាញឱ្យប្រទេសតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមើលឃើញថា ទីក្រុងវ៉ានស៊ីនតោននឹងគាំទ្រតំបន់ជានិច្ច ទោះជាមានបញ្ហារវល់យ៉ាងណាក្ដី។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចមួយនេះ ក៏បានបង្ហាញអំពីគោលនយោបាយអាម៉េរិកដ៏សំខាន់ផងដែរក្នុងតំបន់ គឺការប្រជែងឥទ្ធិពលចិន។

Tag:
 អាម៉េរិក
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com