ជាតិ
កម្ពុជារកចំណូលបាន ៦១០លានដុល្លារពីលក់ផលិតផលកៅស៊ូក្នុងឆ្នាំ២០២១
05, Feb 2022 , 10:39 pm        
រូបភាព
រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ឆ្នាំ២០២១កន្លងទៅ កម្ពុជារកចំណូលបានជាង ៦១០លានដុល្លារពីការលក់ផលិតផលកៅស៊ូប្រមាណ ៣៧ម៉ឺនតោន និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ។ នេះបើតាមហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ។

 
ជាមួយនឹងសមិទ្ធផលសម្រេចបាននេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា វិស័យឧស្សាហកម្មកៅស៊ូ នៅមានបញ្ហាប្រឈម ដែលទាមទារឱ្យមន្រ្តីថ្នាក់ក្រោម ដោះស្រាយជាបន្ទាន់។ ដូច្នេះ អគ្គនាយកដ្ឋានកៅស៊ូ ត្រូវខិតខំរកមធ្យោបាយ ឬវិធានការច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដូចជា ការពង្រឹងកិច្ចសហការជាមួយអន្តរស្ថាប័នពាក់ព័ន្ធតាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍ផ្សេងៗ ប្រកបដោយភាពម្ចាស់ការ និងឈរលើផលប្រយោជន៍រួម។
 
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំឱ្យ អគ្គនាយកដ្ឋានកៅស៊ូ ពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុន វិនិយោគ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូ រួមទាំងគ្រួសារ។ យកចិត្តទុកដាក់ទីផ្សារនាំចេញផលិតផលកៅស៊ូ និងពង្រឹងការងារគ្រប់គ្រងស្ថានីយ មជ្ឈមណ្ឌលស្រាវជ្រាវពូជ ជំងឺ សត្វ ល្អិតចង្រៃ និងការ កែច្នៃ ដោយត្រូវសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍ។ ជំរុញការចងក្រង និងពង្រឹងសហគមន៍កសិករកៅស៊ូគ្រួសារ ត្រូវបន្តកៀរគរ និងស្វែងរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាថ្មីៗពីដៃគូអភិវឌ្ឍផ្សេងៗទៀត ដើម្បីទទួលបានការរីកចម្រើនថ្មីៗទៀតក្នុងអនុវិស័យនេះ។ 
 
គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីកៅស៊ូជាង៤០ម៉ឺនហិកតា ក្នុងនោះឧស្សាហកម្មជាង ២៤ហិកតា និងកៅស៊ូគ្រួសារជាង១៦ម៉ឺនហិកតា។ កម្ពុជាមានរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ ១៦៨កន្លែង ស្ថិតក្នុងខេត្តចំនួន១១ ដែលមានលទ្ធភាពនាំចេញផលិតផលកៅស៊ូបានជាង ៣៧ម៉ឺនតោន ដោយទទួលបានចំណូលចំនួន ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ៕ 

Tag:
 កៅស៊ូ
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com